ភ្នំពេញ៖ ក្រុមជម្រើសជាតិកីឡាអេឡិច​ត្រូនិក​កម្ពុជា SeeYouSoon បាន​ទទួល​ការ​គាំ​ទ្រ និង​លើក​​ទឹក​ចិត្ត​ខ្លាំង ពី​បុគ្គលល្បីៗ ដែល​កំពុងមាន​ឈ្មោះ​បោះ​សំឡេង ទាំង​នៅក្នុង​វិស័យបាល់​ទាត់ គុនល្បុក្កតោ និង​ក្រុមតារាសិល្បៈ សម្រាប់ការ​ចូល​រួម​​​​ប្រកួត​ប្រជែង ក្នុង​ព្រឹត្តិការណ៍​​កីឡា​អេឡិចត្រូនិក​​ជើងឯក​ពិភព​លោក M3 World Championship ឆ្នាំ​ ២០២១​ លើ​​វិញ្ញាសា ​Mobile Legends: Bang Bang ដែលនឹង​ចាប់​ផ្តើម នៅ​ថ្ងៃ​ចន្ទ​នេះ។

សម្រាប់​ការ​ប្រកួត​ជើងឯក​ពិភព​លោក M3 World Championship ឆ្នាំ​២០២១​ ដែលធ្វើ​នៅ​ប្រទេស​សិង្ហបុរី​នេះ ​​ក្រុម SeeYouSoon របស់​កម្ពុជា នឹង​ត្រូវ​ធ្វើការ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំងៗ​ចំនួន​១៥​ក្រុម​ទៀត មកពី​ជុំ​វិញភិភព​លោក ដើម្បី​​ប្រជែង​យក​តំណែង​ជើង​ឯក អម​ដោយ​​ប្រាក់​រង្វាន់​សរុប​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​រហូត​ដល់ ​​៨ ​ម៉ឺន​ដុល្លារ​អាមេរិក។

ជាមួយការ​ប្រកួត​ប្រជែង​ដ៏​ធំ​នេះ ក្រុម​ម្ចាស់ជើងឯក​ថ្នាក់ជាតិ SeeYouSoon របស់​កម្ពុជា បានទទួលការ​គាំ​ទ្រ និង​លើកទឹក​ចិត្ត​ខ្លាំង សម្រាប់ការ​បោះជំហាន​ចូល​ទៅ​ប្រកួត​​កម្រិត​​ពិភព​លោក ជា​លើក​ដំបូង​នេះ ដោយ​ក្នុង​នោះ ខ្សែ​ប្រយុទ្ធ​ឆ្នើម​​របស់​ក្រុម​ជម្រើសជាតិ ចាន់ វឌ្ឍនាកា និងខ្សែ​ការពារ​កូនកាត់ ធារី ចន្ថាប៊ីន សុទ្ធតែ​បានគាំ​ទ្រ និង​ផ្តល់កម្លាំង​ចិត្ត​ដល់ SeeYouSoon សម្រាប់​ការ​បំពេញ​ភារកិច្ច​លើក​នេះ។

ម្ចាស់អាវ​លេខ ១១ មាន​រហស្សនាម «CV11» ចាន់ វឌ្ឍនាកា ដែល​កំពុងស្ថិត​នៅ​ប្រទេស​សិង្ហបុរី​ស្រាប់ ដើម្បីចូលរួម​ការ​​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup ដែរនោះ បាន​បង្ហាញ​​ចំណាប់​អារម្មណ៍​របស់​ខ្លួន នៅ​​លើ​បណ្តាញ​សង្គម​ថា ៖ «កុំ​ភ្លេច​ថា សំណាង មិន​​អាច​​យក​​ឈ្នះ​ ការ​ខំ​ប្រឹង​ប្រែង​បាន​ទេ។ សង្ឃឹម​ថា អ្នក​ទាំង​អស់​គ្នា (ក្រុម SeeYouSoon) ​នឹង​ប្រឹង​ប្រែង​ឱ្យ​​​អស់​ពី​សមត្ថភាព ​ដើម្បី​យក​ជ័យជម្នះ​ជូន​​​កម្ពុជា»។

សមាជិក​ក្រុម SeeYouSoon ដែល​ត្រូវ​ប្រកួត​កីឡាអេឡិចត្រូនិក​ជើង​ឯក​ពិភព​លោក នៅប្រទេស​សិង្ហបុរី ដែល​នឹង​ចាប់​ផ្តើម នៅ​ថ្ងៃ​ចន្ទ​នេះ។ រូប​ថត សហការី

ជា​មួយ​គ្នា​នេះ​ ខ្សែ​ការពារ​កូន​កាត់​ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ​របស់​ក្លិបវិសាខា ក៏​បាន​ចូល​រួម​​លើក​ទឹក​ចិត្ត ​ដល់​ក្រុម SeeYouSoon ​របស់​​កម្ពុជា​ ផង​ដែរ ដោយ​បាន​និយាយ​ថា ៖ «ខ្ញុំ​សប្បាយ​​ចិត្ត​ណាស់​ ដែល​បាន​​ឃើញ​ក្រុម​កម្ពុជា​ មាន​ឱកាស​ចូលរួម​ប្រកួត​លំដាប់​ថ្នាក់​ពិភព​លោក។ ខ្ញុំ​សូម​ជូន​ពរដល់​​កីឡាករ Mobile Legends ​របស់​យើង ឱ្យ​​​ធ្វើ​បាន​ល្អ និង​យក​ជ័យជម្នះ ​សម្រាប់​កម្ពុជា»។

ចំណែក​នារី​រូប​ស្រស់​ និង​ជា​កីឡាការិនី​ល្បុក្កតោ​កម្ពុជា ពេជ្រ ចរណៃ បាន​ចែក​រំលែក​គំនិត​​ ក្នុង​ន័យ​លើក​ទឹក​ចិត្ត​ដល់​ក្រុម SeeYouSoon ថា ៖ «មិន​ថា ​បរាជ័យ​ប៉ុន្មាន​​ដង​ទេ​ ឱ្យ​​​តែ​នៅ​មាន​ជីវិត ​យើង​នៅ​តែអាច​ចាប់​ផ្ដើម​ម្ដងទៀត​បាន។ នាង​ខ្ញុំ​សូម​ជូន​ពរ និង​ផ្តល់​កម្លាំង​ចិត្ត​ដល់​​អ្នក​ទាំង​អស់​គ្នា ​ដើម្បី​យក​ពាន ​ក្នុង​ការ​ប្រកួត M3។ ស៊ូៗ ស៊ូ»។

ចំណែក​ក្រុម​តារា​ចម្រៀង​ល្បី​ៗ​ដូច​ជា ចិត្ត​ កញ្ចនា 4T5 ជី ដេវីត និង​​តារា​ចម្រៀង​ផ្សេង​ៗ​ទៀត ​ក៏​បាន​ចូល​រួមគាំ​ទ្រ ​ក្នុង​​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យនេះ​ផងដែរ ដោយពួកគេ ​​បានរួមគ្នា​និពន្ធ​បទ​ចម្រៀង​ មាន​ចំណង​ជើងថា «អាណា​ចក្រ​អ្នក​ចម្បាំង ឬ Kingdom of Warriors» ដើម្បី​លើក​ទឹក​ចិត្តដល់​​ក្រុម​អេឡិចត្រូនិក​ជម្រើស​ជាតិ​កម្ពុជា សម្រាប់​ដំណើរ​ការ​ចូល​រួមការ​ប្រកួត​ជើង​ឯក​ពិភព​លោក ដ៏​ធំនេះ។

បន្ថែម​លើការ​គាំ​ទ្រ និង​ផ្តល់​កម្លាំង​ចិត្ត​នេះ ក្រុម​ហ៊ុន​ទូរសព្ទ Smart, ភេសជ្ជៈ​ Sting, ធនាគារ​ស្ថាបនា, ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ Foodpanda និងរថយន្ត LMCar បាន​ក្លាយ​ជា​អ្នក​ឧបត្ថម្ភ​យ៉ាងសំខាន់ សម្រាប់​ក្រុម​ជម្រើសជាតិ​អេឡិចត្រូនិក​កម្ពុជា និងប្រតិភូ សម្រាប់ការ​ចូល​រួមការ​ប្រកួត​ M3 World Championship ឆ្នាំ​២០២១ លើក​នេះ។

គួរ​បញ្ជាក់​ថា ​ក្រុម​ទាំង​១៦ ដែល​ត្រូវ​​ប្រកួត​​​នេះ រួម​មាន​ក្រុម ONIC ESPORT ក្រុម RRQ HOSHI ​របស់​ឥណ្ឌូណេស៊ី ក្រុម TEAM MSG, ក្រុម TODAK ​របស់​ម៉ាឡេស៊ី ក្រុម​BLACKLIST INTERNATIONAL ក្រុម ONIC PH របស់​ហ្វីលីពីន ​ក្រុម ​EVOS SG , ក្រុម RSG SG របស​ម្ចាស់​ផ្ទះ​សិង្ហបុរី ក្រុម​ RED CANIDS, ក្រុម KEYD STARS របស់​ប្រេស៊ីល ក្រុម BEDEL របស់​តួកគី ក្រុម​ BTK មកពី​អាមេរិក​ខាង​ជើង ក្រុម GX SQUAD តំណាងឱ្យ​​មជ្ឈិមបូព៌ា ក្រុម MALVINAS GAMING មកពី​អាមេរិក​ឡាទីន ក្រុម NATUS VINCIRE​តំណាង​មក​តំបន់​ CIS និង ក្រុម ​See You Soon របស់​កម្ពុជា។

ក្រុម​ខ្លាំង​ទាំង​ ១៦ នេះ ត្រូវ​បាន​បែង​ចែក​ការ​​ប្រកួត​​ជា​ ៤ ​ពូល​ ដែល​ក្នុង​ ១ ពូល មាន ​៤​ ក្រុម ​ហើយ​នៅតាមពូល​នីមួយៗ ​ត្រូវ​​ប្រកួត​វិល​ជុំ​​សន្សំ​ពិន្ទុ ​ដើម្បី​​ស្វែង​រក​ក្រុម​ខ្លាំងៗ ​ឡើង​ទៅប្រកួត​​នៅ​​វគ្គ​បន្ត ខណៈ​ព្រឹត្តិការណ៍​ដ៏ធំនេះ នឹង​ចាប់ផ្តើម​ប្រកួត​ប្រជែង ​ពី​ថ្ងៃ​​ចន្ទនេះ រហូត​ដល់​ទី ​១៩ ខែ​ធ្នូ ឆ្នាំ​២០២១ ដោយ​​មាន​​ការ​ផ្សាយ​ផ្ទាល់ តាម​​ផេកហ្វេសប៊ុក​​ផ្លូវ​ការ​របស់ MLBB និង​ Smart ផង​ដែរ៕