
លោក ច័ន្ទ សុទ្ធ, លោក ពេជ្រ សូផែន លោក ខេស៊ី បាណែត លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន និងលោក ប៊ុយ សោភ័ណ្ឌ ពេលថតរូបរួមគ្នាជាមួយគណៈកម្មាធិការប្រតិបត្តិថ្មីរបស់សហព័ន្ធ។ រូបថត សហការី
ភ្នំពេញៈ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានសម្រេចដកគណៈកម្មាធិការប្រតិបត្តិអសកម្មមួយចំនួនចេញ ហើយបានដាក់អ្នកថ្មីឱ្យចូលជំនួស ដើម្បីពង្រឹងក្បាលម៉ាស៊ីន ដឹកនាំសហព័ន្ធនេះ សម្រាប់អាណត្តិថ្មីទី៧ ឆ្នាំ ២០២១-២០២៥ ប៉ុន្តែប្រធានដឹកនាំចាស់ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន នៅតែទទួលបានការគាំទ្រ ១០០ ភាគរយ ឱ្យបន្តធ្វើជាប្រធានសហព័ន្ធទៀត។
«ក្នុងអាណត្តិថ្មីនេះ សហព័ន្ធបានផ្លាស់ប្ដូរសមាជិកគណៈកម្មាធិការប្រតិបត្តិអសកម្មមួយចំនួនចេញ និងជ្រើសរើសបញ្ចូលសមាជិកថ្មី ដើម្បីពង្រឹងក្បាលម៉ាស៊ីនសហព័ន្ធ ឱ្យកាន់តែរឹងមាំក្នុងការដឹកនាំ និងជំរុញការអភិវឌ្ឍវិស័យកីឡាប្រដាល់សកលរបស់យើង ឱ្យមានសក្ដានុពល និងកាន់តែរីកចម្រើន»។ នេះជាការបញ្ជាក់របស់លោក ប៊ុយ សុភ័ណ្ឌ បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងជ្រើសរើសថ្នាក់ដឹកនាំអាណត្តិថ្មី កាលពីថ្ងៃសុក្រ។
លោក ប៊ុយ សុភ័ណ្ឌ ដែលត្រូវបានអង្គមហាសន្និបាត បោះឆ្នោតឱ្យបន្តធ្វើជាអគ្គលេខាធិការសហព័ន្ធនោះ បានបន្ថែមថា៖ «ការផ្លាស់ប្តូរនេះ ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ជាពិសេសការប្រកួតស៊ីហ្គេម ២ លើក នៅចំពោះមុខ ឱ្យធានាបានលទ្ធផលល្អ គឺស៊ីហ្គេម លើកទី៣១ នៅវៀតណាម ឆ្នាំ ២០២២ និងស៊ីហ្គេម លើកទី៣២ ក្នុងឆ្នាំ ២០២៣ នៅកម្ពុជា ដែលក្នុងគោលដៅ យើងត្រូវដណ្តើមឱ្យបានមេដាយមាស»។
ក្រៅពីការគាំទ្រ តាមរយៈការបោះឆ្នោតឱ្យ លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន បន្តធ្វើជាប្រធាន និងលោក ប៊ុយ សុភ័ណ្ឌ ឱ្យធ្វើជាអគ្គលេខាធិការសហព័ន្ធ ក្នុងអាណត្តិថ្មីនេះ អង្គមហាសន្និបាតរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានគាំទ្រលោក ខេស៊ី បាណេត ជានាយកវិទ្យាស្ថានខេមអេដ ដែលជាមនុស្សសំខាន់និយមចូលចិត្តជួយវិស័យកីឡាជាច្រើនប្រភេទនៅកម្ពុជា ឱ្យធ្វើជាអនុប្រធានសហព័ន្ធ ជាមួយលោកវេជ្ជបណ្ឌិត មាស វុឌ្ឍី។
ចំណែកមន្ត្រីជើងចាស់មកពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ២ រូប មានលោក ពេជ្រ សូផែន និងលោក ច័ន្ទ សុទ្ធ ត្រូវបានទទួលការគាំទ្រឱ្យធ្វើជាអគ្គលេខាធិការរងរបស់សហព័ន្ធ ហើយលោក សំ ពិសិដ្ឋ ជាអគ្គហេរញ្ញិក និងមានសមាជិកចំនួន ៤ នាក់ផ្សេងទៀត ជាសមាជិកគណៈ-កម្មាធិការប្រតិបត្តិ របស់សហព័ន្ធមួយនេះ។
លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ដែលបន្តជាប់ជាប្រធានសហព័ន្ធបានថ្លែងថា៖ «នៅក្នុងអាណត្តិបន្តនេះ ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្ត ចំពោះបងប្អូន ព្រមទាំងសមាជិកគណៈកម្មាធិការប្រតិបត្តិ ពិសេសលោកអគ្គលេខាធិការ និងអត្តពលិក ត្រូវរួមគ្នាបង្កើតព្រឹត្តិការណ៍ប្រកួត ឱ្យបានច្រើនបន្ថែមទៀត ទៅលើកម្មវិធីប្រកួតរបស់ក្រសួងអប់រំ យុវជន និងកីឡា ខណៈបញ្ហាចម្បងរបស់យើង គឺការហ្វឹកហាត់ និងប្រកួត ដើម្បីពង្រឹងសមត្ថភាព ឆ្ពោះទៅសម្រេចគោលដៅក្នុងការ-ដណ្ដើមមេដាយជូនជាតិ នៅស៊ីហ្គេម ឆ្នាំ ២០២២ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា»៕