
ក្រុមអត្តពលិក និងអាណាព្យាបាល ថតរូបជាមួយគណៈអធិបតី នៅក្នុងពិធីបិទការប្រកួតកីឡាស្ប៉េស្បាល់អូឡាំពិកជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ កាលពីថ្ងៃអាទិត្យ។ រូប សហការី
ភ្នំពេញ៖ ក្រុមអត្តពលិកបញ្ញាខ្សោយ សរុបចំនួន ១៨០ នាក់ មានមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល, សៀមរាប តាកែវ ស្វាយរៀង បាត់ដំបង និងខេត្តកំពង់ធំ បានមកជុំគ្នា កាលពីថ្ងៃអាទិត្យ ដើម្បីប្រកួតប្រជែងគ្នា ក្នុងព្រឹត្តិការណ៍កីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ឆ្នាំ ២០២១។
សម្រាប់ការប្រកួត ដែលត្រូវបានធ្វើឡើង នៅលើទីលានមួយកន្លែង ស្ថិតនៅខណ្ឌទួលគោកនេះ គឺមានការរួមបញ្ចូលកម្មវិធីត្រួតពិនិត្យសុខភាព និងកម្មវិធីអប់រំសុខភាព ចំពោះកីឡាករ កីឡាការិនីពិការខ្សោយសតិបញ្ញា ព្រមទាំងផ្តល់ជូននូវចំណេះដឹងជូនអាណាព្យបាល ក្នុងគោលបំណងឱ្យអត្តពលិក នៅរាជធានី និងមកពីខេត្ត បានជួបជុំគ្នា ធ្វើការប្រកួតប្រជែង ដើម្បីចែករំលែក បទពិសោធក្នុងការថែទាំអត្តពលិក ហើយក្រុមអត្តពលិកបញ្ញាខ្សោយ ក៏បានទទួលផងដែរ នូវមតិយោបល់ពីលោកវេជ្ជបណ្ឌិត ដោយធ្វើការណែនាំ អប់រំ ពីរបៀបថែទាំសុខភាព ក្នុងជីវភាពរស់នៅប្រចាំ ថ្ងៃរបស់ពួកគេ។
លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានប្រាប់ថា វិស័យកីឡាជនពិការ ក៏ត្រូវបានរាជរដ្ឋាភិបាលយក ចិត្តទុកដាក់ជំរុញលើកស្ទួយយ៉ាងសកម្មផងដែរ។ ជាមួយគ្នានេះ តាមរយៈកីឡាជនពិការបញ្ញាខ្សោយនេះ បានចូលរួមចំណែកយ៉ាងធំធេង និងមានផលប្រយោជន៍ខ្លាំង ធ្វើឱ្យអត្តពលិក និងក្រុមគ្រួសារកីឡា មានបញ្ញាខ្សោយ ទទួលបាននូវការអប់រំសុខភាព និងលេងកីឡា ដើម្បីបង្កើននូវការគិតបានរហ័ស ស្មារតីឆ្លាតវាងវៃ ជាងការមិនទាន់លេងកីឡា។
លោកបានបន្តថា៖«ការប្រកួតនេះ មិនសំដៅ ដើម្បីជ័យជម្នះជាចម្បងនោះទេ គឺដើម្បីមិត្តភាពសាមគ្គីភាព សុខភាព និងបំបាត់ភាពរើសអើង ក្នុងសង្គមចំពោះកីឡាជនបញ្ញាខ្សោយ។ សកម្មភាពនេះ គឺបានចូលរួមក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនាកីឡាស្ប៉េស្យាល់អូឡាំពិកក្នុងតំបន់ និងពិភពលោក ព្រមទាំងភាពរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា នាពេលបច្ចុប្បន្ន និងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធជនពិការ»។

ចំណែកលោក មាស សារិន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដែលបានអញ្ជើញចូលរួមក្នុងពិធីប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកជ្រើសរើសជើងឯកថ្នាក់ជាតិនេះ បានថ្លែងថា៖«នេះជាវេទិកាអប់រំសុខភាព និងកម្មវិធីត្រួតពិនិត្យសុខភាព សម្រាប់ជនបញ្ញាខ្សោយ នៅទូទាំងប្រទេស ដែលប្រារព្ធ នៅរាជធានីភ្នំពេញ»។
«គណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជា មានការទទួលខុសត្រូវ ជាចម្បងក្នុងការអភិវឌ្ឍចលនាកីឡាជនបញ្ញាខ្សោយ ទាំងក្មេង ពេញវ័យ និងមនុស្សចាស់ នៅទូទាំងប្រទេសកម្ពុជា គឺផ្តោតសំខាន់ ទៅលើការហាត់ហ្វឹកហ្វឺន និងការប្រកួតកីឡា ជារៀងរាល់ឆ្នាំ ព្រមទាំងផ្តល់ឱកាសឱ្យជនបញ្ញាខ្សោយ បានចូលរួមសកម្មភាព ដើម្បីស្តារកាយសម្បទាមាំមួន បញ្ញាស្មារតី រឹងមាំ និងមានសីលធម៌ថ្លៃថ្នូរ»។
លោក មាស សារិន បានបន្ថែមថា៖ «ការប្រកួតនេះ យើងជ្រើសរើសបានក្រុមកីឡាករ កីឡាការិនីឆ្នើមៗ ប្រចាំឆ្នាំ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកលក្ខណៈអន្តរជាតិនានា នៅឆ្នាំបន្តបន្ទាប់ទៀត ហើយផែនការយុទ្ធសាស្រ្តបន្តរបស់យើង គឺការធ្វើសកម្មភាពបានល្អ តាមខេត្ត-រាជធានី ជាគោលដៅ ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ ស្វាយរៀង កំពត កំពង់ស្ពឺ ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម និងនិងខេត្តព្រះវិហារ។
«ប៉ុន្តែ ការពង្រីកអនុគណៈកម្មាធិការនេះ នៅមានកម្រិតនៅឡើយ ដោយចលនាកីឡាស្ប៉េស្យាល់អូឡាំពិកភាគច្រើន គឺពឹងផ្អែកលើការជួយឧបត្ថម្ភមួយផ្នែកធំ ពីរាជរដ្ឋាភិបាលកម្ពុជានិងមួយផ្នែកទៀត ពីអង្គកាដៃគូជាតិ អន្តរជាតិ និងសប្បុរសជនទូទៅ ព្រមទាំងយោងតាមកម្មវិធីរបស់ក្រសួងផងដែរ»។ លោក មាស សារិន បានបញ្ជាក់បន្ថែម៕