ក្រុង​មេន​ឆេ​ស្ទ័​រ​: រជ្ជកាល​របស់លោក Ralf Rangnick នៅ​ក្រុម Manchester United បានចាប់ផ្ដើម​ជាមួយ​ជ័យជម្នះ ដោយសារ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ពី​កីឡាករ​ដែល​តែង​ត្រូវបាន​រិះគន់​ញឹក​​ញាប់ Fred គ្រប់គ្រាន់​ជួយ​ឱ្យ​ឈ្នះ​ក្រុម Crystal Palace ១-០ នៅ​ទឹកដី Old Trafford កាលពី​ថ្ងៃអាទិត្យ​។​

​ការចាប់ផ្តើម​ដ៏​ភ្លឺស្វាង​របស់​ក្រុម​បិសាច​ក្រហម បញ្ចប់​ទៅដោយ​គ្មាន​រង្វាន់​ឡើយ ហើយ​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់ ហាក់ដូចជា​ថា រូបគាត់​ត្រូវ​ព្រម​ទទួល​យក​នូវ​លទ្ធផល​ស្មើគ្នា​ដ៏​គួរឱ្យ​ខកចិត្ត សម្រាប់​ការធ្វើ​តួនាទី​ដឹកនាំ​ការប្រកួត​ដំបូង​របស់គាត់​នេះ ចាប់តាំងពី​ព្រមព្រៀង​មកកាន់​តំណែង​អ្នកចាត់ការ​ក្រុម​រហូត​ចប់​រដូវ​កាល​។​

​តែ​កីឡាករ Fred ដែល​បាន​ក្លាយជា​មុខសញ្ញា​ចំពោះ​ការ​-​រិះគន់​ឆ្ពោះទៅរក​ការបញ្ចប់​យុគសម័យ​របស់លោក Ole Gunnar Solskjaer ក្នុងនាម​ជា​គ្រូបង្វឹក បាន​បង្កើតឱ្យមាន​ចង្វាក់​ពេលវេលា​ដ៏​ពិសេស ជាមួយនឹង​ការប្រើ​បច្ចេកទេស​ស៊ុត​បាល់​កោង​បញ្ចូល​ទី ដោយ​ជើង​ស្ដាំ​ស្រាលៗ នៅ ១៣ ​នាទី មុន​ការប្រកួត​ត្រូវ​បញ្ចប់ ដែលនាំឱ្យ​ក្រុម​ម្ចាស់ផ្ទះ ទទួលបាន​នូវ​ជ័យជម្នះ​ដ៏​មានតម្លៃ​។​

«​ជារួម ខ្ញុំ​មាន​ភាព​រីករាយ​។ ខ្ញុំ​ត្រូវបាន​ធ្វើឱ្យ​ភ្ញាក់ផ្អើល ប្រកប​​ដោយ​ភាព​វិជ្ជមាន ដោយ​សភាព​រាងកាយ និង​ថាមពល​របស់​ក្រុម នៅ​វគ្គ​ទី​១​។ រឿង​តែ​ម្យ៉ាង ដែល​បាត់បង់​នោះ គឺ​ការ​ស៊ុត​បញ្ចូល​ទី​ប៉ុន្មាន​គ្រាប់ ១ ​គ្រាប់ ២ ​គ្រាប់ ឬក៏ ៣ ​គ្រាប់​»​។ លោក Rangnick បានលើកឡើង​។​

​លោក Rangnick បាន​បន្ថែមថា​៖ «​វា​ច្បាស់​ណាស់​ថា អ្នក​មិនអាច​លេង​ហ្គេម​ទាំងមូល​ជាមួយនឹង​ថាមពល​កម្រិត​នេះនោះ​ឡើយ​។ ជា​ចុងក្រោយ យើង​សម​នឹង​ទទួលបាន​ជ័យ​​ជម្នះ​នេះ ខ្ញុំ​រីករាយ​ជាមួយនឹង​ការមិន​របូត​គ្រាប់​បាល់ និង​ការ​-​ស៊ុត​គ្រាប់​បាល់​ដ៏​ស្អាត​នោះ​»​។​

​ក្រុម Man United បាន​វិល​ទៅរក​ការ​មាន​គម្លាត ក្នុង​រង្វង់ ៣​ពិន្ទុ ពី​ក្រុម​នៅ​ទី​កំពូល​ទាំង ៤ វិញ ហើយ​ឡើងទៅ​ដល់​លេខ ៦ ក្នុង​តារាង​ពិន្ទុ​នៃ​ក្របខ័ណ្ឌ Premier League​។ លោក Rangnick គ្មាន​ការផ្លាស់ប្ដូរ​នោះ​​ឡើយ​សម្រាប់​កីឡាករ​ជម្រើស​ដំបូង ដែលមាន​ឈ្មោះ ក្នុង​ជ័យជម្នះ ៣-២ លើ​ក្រុម Arsenal កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​សំណួរសួរថា តើ​ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងត្រូវ​រួមបញ្ចូល​ក្នុង​ក្រុម​របស់លោក Rangnick ដែរឬទេ សម្រាប់​ហ្គេម​នេះ​? តែ​កីឡាករ​វ័យ ៣៦​ ឆ្នាំ ត្រូវបាន​ដាក់ឱ្យ​លេង​ជា​ដៃគូ​ជាមួយ Marcus Rashford ដើម្បី​បង្កើន​ភាពស្វាហាប់​បន្ថែម​ទៀត​ចំពោះ​តំបន់​ប្រយុទ្ធ​របស់ Man United៕ AFP/VN