
អ្នកលេងកណ្តាប់ដៃ លាភ រដ្ឋា និង ធន់ អៀនឡៃ ពេលឡើងទទួលប្រាក់រង្វាន់ ក្រោយបញ្ចប់ការប្រកួត។ ថោន
ភ្នំពេញៈ នៅទីបំផុតបេក្ខភាពដែលគេមិនចាត់ទុកថា ជាឧបសគ្គ ធន់ អៀនឡៃ បែរជាអាចរកឃើញជ័យជម្នះដ៏មានន័យ ដើម្បីបន្តឈ្នះប្រាក់លាន ពីការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន នៅលើសង្វៀនថោន ជាលើកទី៣ ប៉ុន្តែកីឡាករមានទំនុកចិត្តខ្ពស់ លាភ រដ្ឋា ជាពិសេស អ៊ូច ធារិទ្ធ បានធ្លាក់ចេញពីការប្រកួតនេះ តាំងពីវគ្គជម្រុះដំបូង តែទោះបីជាយ៉ាងណាចំពោះ រដ្ឋា ចង់សងសឹក អៀនឡៃ ជាថ្មី ដើម្បីស្តារមុខមាត់វិញ។
សម្រាប់ការប្រកួត ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃអាទិត្យ កន្លងមកនេះ កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា អ៊ូច ធារិទ្ធ ពិតជាចង់ជួប ធន់ អៀនឡៃ ខ្លាំងបំផុត នៅក្នុងការប្រកួតជម្រុះ ៣ ទឹកដំបូង ដើម្បីលាងជម្រះភាពឈឺចាប់ ដែលចៅក្រមបានសម្រេចឱ្យរូបគេចាញ់ពិន្ទុ ធន់ អៀនឡៃ ទាំងអយុត្តិធម៌ សម្រាប់ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ នៅសង្វៀន PNN កន្លងមក។
ប៉ុន្តែក្តីស្រមៃ ដែលចង់វ៉ៃ ធន់ អៀនឡៃ ឱ្យសន្លប់របស់ អ៊ូច ធារិទ្ធ ត្រូវបានរលាយបាត់ ខណៈរូបគេចាប់ឆ្នោតប៉ះ លាភ រដ្ឋា ដែលជាបេក្ខភាពស្ថិតនៅក្នុងការបារម្ភរបស់ខ្លួនទៅវិញនោះ ហើយជាលទ្ធផលនៃការប្រកួតនោះ អ៊ូច ធារិទ្ធ បានធ្លាក់ ក្រោយចាញ់ពិន្ទុ លាភ រដ្ឋា ហើយរូបគេ ក៏ត្រូវបាន រដ្ឋា ម៉ាត់ចូលមុខ បណ្តាលឱ្យដួលនៅទឹកទី៣ ហើយត្រូវបានអាជ្ញាកណ្តាលរាប់ ទៀតផង។
សម្រាប់ការចាញ់នេះ អ៊ូច ធារិទ្ធ បាននិយាយថា៖ «កណ្តាប់ដៃរបស់ លាភ រដ្ឋា ពិតជាធ្ងន់ ហើយខ្ញុំបានចាញ់គាត់ ជាលើកទី២ ក្នុងរយៈពេលតែ ២ សប្តាហ៍ប៉ុណ្ណោះ។ នៅពេលចាប់ឆ្នោតប៉ះគាត់ ក្នុងវគ្គជម្រុះដំបូង ខ្ញុំគ្មានជំនឿឈ្នះគាត់ទេ ប៉ុន្តែការប្រកួតខ្ញុំធ្វើបានល្អ តែចុងក្រោយចាញ់កណ្តាប់ដៃគាត់ និងត្រូវអាជ្ញាកណ្តាលរាប់ចំនួន ៨»។
ផ្ទុយពីនេះ ធន់ អៀនឡៃ បានឈ្នះ គង់ ហូវ ដោយពិន្ទុដាច់ ក្នុងវគ្គជម្រុះ ៣ ទឹកដំបូង រួចបានបន្តយកឈ្នះ លាភ រដ្ឋា នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីគ្រងតំណែងជើងឯក និងប្រាក់រង្វាន់ ៣,៤ លានរៀល ជាលើកទី៣ ប៉ុន្តែ ធន់ អៀនឡៃ បានទទួលស្គាល់ថា៖ «ការឈ្នះប្រាក់លាន លើកនេះ មិនស្រួលប៉ុន្មានទេ គឺលំបាកឈ្នះ និងតឹងតែងណាស់ ព្រោះកណ្តាប់ដៃរបស់ លាភ រដ្ឋា មិនធម្មតានោះទេ ប៉ុន្តែខ្ញុំព្យាយាមគេចបានច្រើន ទើបមានលទ្ធផលល្អបែបនេះ»។
ធន់ អៀនឡៃ បន្ថែមថា៖ «ជ័យជម្នះនេះ ពិតជាលំបាកណាស់ ហើយខ្ញុំនៅតែគិតថា លាភ រដ្ឋា មានកម្លាំងរឹងមាំ និងខ្លាំង វាយមិនងាយស្រុតនោះឡើយ ហេតុនេះបើគ្មានបច្ចេកទេសគេចទេ គឺខ្ញុំមិនអាចឈ្នះបានឡើយ»។
ចំណែក លាភ រដ្ឋា បានទទួលស្គាល់សម្រាប់ការចាញ់ អៀនឡៃ នេះ ប៉ុន្តែរូបគេពិតជាចង់ប្រកួតសងសឹកម្តងទៀត ដោយរំពឹងថា នឹងអាចយកឈ្នះ ដើម្បីស្តារមុខមាត់វិញ ហើយតាមសំណើនេះ គណៈកម្មការផ្គូផ្គងប្រចាំសង្វៀនថោន លោក ជួប វុត្ថា បាននិយាយថា គ្រោងដាក់ឱ្យ លាភ រដ្ឋា និង ធន់ អៀនឡៃ ប្រកួតគ្នា ក្នុងអំឡុងខែមករា ឆ្នាំ ២០២២ ក្នុងកម្មវិធីម៉ាសហ្វៃ។
លាភ រដ្ឋា និយាយក្រោយការប្រកួតថា៖ «ខ្ញុំទទួលស្គាល់ថា បានចាញ់គាត់មែន គឺចាញ់ដោយអស់ចិត្ត ហើយបច្ចេកទេសវ៉ៃ ខ្ញុំប្រឹងអស់ពីសមត្ថភាព ហើយ ប៉ុន្តែ ធន់ អៀនឡៃ ឆ្លាត គឺគេចបានលឿន ធ្វើឱ្យខ្ញុំវាយមិនសូវចំគោលដៅ»។
អ្នកលេងកណ្តាប់ដៃមកពីខេត្តបន្ទាយមានជ័យ លាភ រដ្ឋា បានបន្ថែមថា៖ «ទោះបីខ្ញុំទទួលស្គាល់ថា ខ្ញុំចាញ់ពិន្ទុ ប៉ុន្តែខ្ញុំមិនទាន់ខ្លាច ធន់ អៀនឡៃ នៅឡើយទេ ហេតុនេះបើមានឱកាសជួបគ្នាលើកក្រោយទៀតៗ គឺចង់ប្រកួតសងសឹកឡើងវិញ ដើម្បីស្តារមុខមាត់»៕