ក្រុង​ឡុង​ដ៍​: ក្រុម​នារី Chelsea បានបញ្ចប់​ទាំងស្រុង​នូវ​រដូវ​កាល ២០២០-២០២១ របស់ខ្លួន ដោយ​ការ​ឈ្នះ​ពាន​ក្នុងស្រុក​ដល់​ទៅ ៣ បន្ទាប់ពី​កីឡាការិនី Sam Kerr ស៊ុត​បញ្ចូល​ទី ២ ​គ្រាប់​ម្នាក់ឯង ដើម្បី​រួមចំណែក​ជួយ​ឱ្យមាន​ជ័យជម្នះ ៣-០ លើ​ក្រុម Arsenal ពី​ការប្រកួត នៅ FA Cup ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ កាលពី​ថ្ងៃអាទិត្យ​។​

​ចំពោះ​អ្នកគាំទ្រ ៤​ម៉ឺន​នាក់ នា​ពហុ​កីឡដ្ឋាន Wembley នេះ កីឡាការិនី Fran Kirby បានផ្ដល់​ឱ្យ​ក្រុម​នារី​តោ​ខៀវ​នូវ​គ្រាប់​បើកឆាក ក្នុង​រង្វង់​ប្រមាណ​ជា ៣​ នាទី នៅ​វគ្គ​ទី១ មុនពេល​កីឡាការិនី Kerr បន្ថែម ២ ​គ្រាប់​ផ្ទួនៗ​ពីលើ​ទៀត ក្នុង​វគ្គ​ទី២ ខណៈដែល​ក្រុម Chelsea គ្រប​ស​ង្គ​ត់​ស្ទើរ​ទាំងស្រុង​សម្រាប់​ការប្រកួត ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​។​

​ជ័យជម្នះ​នេះ បាន​បង្គ្រប់​សព្វគ្រប់​នូវ​ការ​ឈ្នះ​ជើងឯក ៣​ កម្មវិធី សម្រាប់​ក្រុម​របស់​អ្នកគ្រូ​បង្វឹក Emma Hayes ដែល​បាន​លើក​ពាន​ក្របខ័ណ្ឌ Women''s Super League (WSL) និង​ពាន League Cup កាលពី​រដូវ​កាល​មុន ព្រមទាំង​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ជា​លើកដំបូង នៅ​ក្របខ័ណ្ឌ Champions League​។​

​អ្នកចាត់ការ​ស្រី Hayes ថ្លែងថា​៖ «​ក្នុងការ​គិតថា យើង​គឺជា​មា្ច​ស់​ជយលាភី​ពានរង្វាន់​ដល់​ទៅ ៣ វា​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​។ យើង​មិនអាច​សុំ​អ្វី​បន្ថែមទៀត​ទេពី​កីឡាការិនី​ទាំងអស់ ហើយ​ខ្ញុំ​ពិត​ជាមាន​មោទនភាព​ណាស់​ចំពោះ​ពួក​គេ បុគ្គលិក និង​ក្លិប​ទាំងមូល​។ យើង​បាន​សាង​ក្រុម​នេះ​ក្នុង​រយៈពេល​ដ៏​យូរ ហើយ​ខ្ញុំ​គិតថា ថ្ងៃនេះ យើង​បាន​បង្ហាញថា ហេតុអ្វី​យើង​គឺ​ជើងឯក​»​។​

​ចំណែក​កីឡាការិនី​សញ្ជាតិ​អូស្ត្រាលី Kerr និយាយថា​៖ «​យើង​ចូលមក​កាន់ការ​ប្រកួត ក្នុងនាម​ជា​ក្រុម​រង ដូច្នេះយើង​ត្រូវមាន​ចំណុច ដើម្បី​ពិសោធ​ឱ្យ​ពួកគេ​ឃើញ ហើយ​យើង​កំពុង​ធ្វើឱ្យ​គ្រប់គ្នា​គាំង​។ ខ្ញុំ​បានធ្វើឱ្យ​គ្រប់គ្នា​ឃើញ ដោយ​ការ​ស៊ុត​បញ្ចូល​ទី តែ​អ្វីដែល​រឹតតែ​អស្ចារ្យ​ទៀត​នោះ គឺ​ខ្សែការពារ​របស់​យើង​។ នេះ​ជាការ​ប្រឹងប្រែង​រួមគ្នា​របស់​ក្រុម​។ ខ្ញុំ​ពិបាក​រង់់ចាំ​ឱ្យដល់​ពិធី​ជប់​​លៀង​ណាស់​»៕ AFP/VN​