​ភ្នំពេញៈ ក្រុម​កីឡាករ​របស់​ស​មា​គម​កីឡា​ទាញព្រ័ត្រ​ខេត្តកំពត និង​ក្រុម​នារី​មកពី​ខេត្តបាត់ដំបង បានបង្ហាញ​ភាពខ្លាំង​រៀងៗ​ខ្លួន នៅក្នុង​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ ​២០២១ ដោយ​ពួកគេ សុទ្ធតែ​ដណ្តើមបាន​តំណែង​ជើងឯក បន្ទាប់ពី​បាន​ជម្នះ​ការប្រកួត​យ៉ាង​ស្វិតស្វាញ នៅ​សាលា​គរុកោសល្យ ខេត្តកណ្តាល កាលពី​ថ្ងៃអាទិត្យ និង​ថ្ងៃ​ចន្ទ កន្លងមកនេះ​។​

​ជាមួយគ្នានេះ មន្ត្រី​ជំនាញ​របស់​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជាបាន​អះអាងថា ការ​​ប្រកួត​កីឡា​ទាញព្រ័ត្រ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​ ២០២១​ នេះ ត្រូវបាន​ធ្វើឡើង ដោយ​សុក្រឹត និង​យុត្តិធម៌ ដើម្បី​រកឃើញ​ក្រុម​ខ្លាំងដ៏​ពិតប្រាកដ ត្រៀម​ឱ្យចូល​រួមការ​ប្រកួត​អន្តរជាតិ តំណាងឱ្យ​កម្ពុជា​។​

​អ្នកស្រី ប្រាក់ សម្ផស្ស អគ្គលេខាធិការ​​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជាបាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​ ២០២១ ​នេះ ត្រូវបាន​ធ្វើឡើង ដោយ​យកចិត្តទុកដាក់ និង​ប្រឹងប្រែង​អស់ពី​សមត្ថភាព បច្ចេកទេស និង​អនុវត្ត​បានល្អ នូវ​ស្មារតី សាមគ្គីភាព មិត្តភាព ព្រមទាំង​អនុវត្តបាន​យ៉ាង​រលូន នូវ​គោលការណ៍​លេង​ដោយ​យុត្តិធម៌​»​។​

​អគ្គលេខាធិការ​រូបនេះ បាន​បន្ថែមថា​៖ «​ការ​ប្រកួត​ថ្នាក់ជាតិ​នេះ ធ្វើឡើងក្រោម​គម្រោង​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ ដល់​សហព័ន្ធ​កីឡា​ជាតិ ហើយ​តាម​ការប្រកួត​២​ថ្ងៃនេះ យើង​ទទួលបាន​លទ្ធផល​ល្អ រលូន និង​ជោគជ័យ ដោយ​រកឃើញ​ក្រុម​ខ្លាំង ដើម្បី​ត្រៀម​ការប្រកួត​អន្តរជាតិ​នានា ខណៈ​កីឡា​ទាញព្រ័ត្រ​នេះ មាន​សក្តានុពល​ល្អ ក្នុងការ​ប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​»​។​

​ការប្រកួត​ថ្នាក់ជាតិនៅ​ឆ្នាំនេះ មាន​សមា​​គម​ចូលរួម សរុប​ចំនួន ​៩ ក្នុងនោះ​មាន​កីឡាករ​កីឡាការិនី ប្រតិភូ គ្រូបង្វឹក សរុប​ចំនួន ១០១ ​នាក់​នោះ ហើយដោយ​មាន​លោក មាស សារិន ជា​ប្រធាន​សហព័ន្ធ​កីឡា​ទាញ​​ព្រ័ត្រ​កម្ពុជា គឺ​ការប្រកួត​នេះ ក៏​ដើម្បី​ចូលរួម​អបអរសាទរ ចំពោះ​ខួប​ទី​៦ នៃ​ «​ល្បែង​ទាញ​​ព្រ័ត្រ​» ដាក់ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​​ពិភពលោកផងដែរ​។​

​ចំពោះ​លទ្ធផល​នៃ​ការប្រកួត​វិញ ត្រូវបាន​កញ្ញា មាស តឿ ជា​អគ្គ​ហេរញ្ញិក​សហព័ន្ធ ប្រាប់ថា ការប្រកួត​ផ្នែក​បុរស ​៤ ​នាក់ ​ទល់ ​៤ ​នាក់ លើ​ទម្ងន់ ​៣០០ ​គីឡូក្រាម ចំណាត់ថ្នាក់​លេខ​ ១ បាន​ក្រុម​កីឡាករ​នៃ​សមាគម​កីឡា​ទាញព្រ័ត្រ​ខេត្តកំពត លេខ​២ សមាគម​ទាញព្រ័ត្រ​ខេត្តបាត់ដំបង និង​លេខ​ ៣ បាន​ទៅ​សមាគម​ទាញព្រ័ត្រ​ខេត្តកណ្តាល​។​

​ចំណែក​ការប្រកួត​ផ្នែក​នារី ៤ ​នាក់​ ទល់ ​៤ ​នាក់ លើ​ទម្ងន់ ២៥០ ​គីឡូក្រាម វិញ លេខ ​១ បាន​ទៅ​ក្រុម​មកពី​សមាគម​កីឡា​ទាញព្រ័ត្រ​ខេត្តបាត់ដំបង លេខ ​២ បាន​ទៅ​សមាគម​ទាញព្រ័ត្រ​ខេត្តស្វាយរៀង និង​លេខ ​៣ បាន​ទៅលើ សមាគម​ទាញព្រ័ត្រ​ខេត្តកំពត​៕

វីដេអូ៖