
សកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិកីឡាទ្រីយ៉ាត្លុងកម្ពុជា នៅលើទឹកដីខេត្តកែប។ រូបថត សហការី
ភ្នំពេញៈ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបើកយុទ្ធនាការហ្វឹកហាត់បោះជំរំជាលក្ខណៈស្តង់ដាអន្តរជាតិ សម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួន នៅលើទឹកដីខេត្តកែប ដែលជាភូមិសាស្ត្រអំណោយផលដល់កីឡាប្រភេទនេះ ហើយគ្រូបង្វឹកមកពីប្រទេសអ៊ីតាលី នូវែលសេឡង់ និងគ្រូជម្រើសជាតិកម្ពុជា ដែលមានអាជ្ញាប័ណ្ណកម្រិតអន្តរជាតិ ជាអ្នកបង្វឹកដោយផ្ទាល់ ខណៈយុទ្ធនាការនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី ៤ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃ ១១ ខែ ធ្នូ ឆ្នាំ ២០២១។
លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រាប់ថា កម្មវិធីបោះជំរំហ្វឹកហាត់ ដែលរៀបចំដោយសហព័ន្ធនេះ មានរយៈពេល ៨ ថ្ងៃ ដោយមានកីឡាករ-កីឡាការិនីជម្រើសជាតិចំនួន ១៤ នាក់ និងបម្រុងជម្រើសជាតិ ៦នាក់ទៀត ហើយការហ្វឹកហាត់នេះ មានទម្រង់ជាលក្ខណៈសិក្សាជាមួយគ្រូកម្រិតអន្តរជាតិចំនួន ៣ នាក់ ក្នុងនោះ ២ នាក់ ជាគ្រូបរទេស មានលោក Francisco មកពីប្រទេសអ៊ីតាលី និងលោក Derrick Murray មកពីប្រទេស នូវែលសេឡង់ ព្រមទាំងម្នាក់ទៀតជាគ្រូកម្ពុជា គឺលោក ជ័យ ចន្ទតារ៉ា។
លោកអគ្គលេខាធិការរូបនេះអះអាងថា កម្មវិធីបោះជំរំហ្វឹកហាត់ ដែលសហព័ន្ធរៀបចំនេះ គឺសហព័ន្ធមានគោលដៅបង្កើនកម្រិតបច្ចេកទេសសមត្ថភាពកីឡាករ-កីឡាការិនីដើម្បីឱ្យរឹងមាំ និងស្គាល់ច្បាស់ពីភូមិសាស្ត្រទីលានប្រកួតមុននឹងចូលរួមការប្រកួតថ្នាក់ជាតិជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២១ ដែលត្រៀមបន្ទាប់ពីហ្វឹកហាត់បោះជំរំនេះរួច គឺក្នុងទីលានខេត្តកែបដដែល។
លោកបន្ថែមថា៖ «កម្មវិធីបោះជំរំនេះ កីឡាករ-កីឡាការិនីជម្រើសជាតិ និងក្រុមបម្រុងសរុប ២០ នាក់នេះ នឹងធ្វើការហ្វឹកហាត់ អនុវត្តដោយផ្ទាល់ នៅទីលានប្រកួតតែម្តង ដោយមានហែលទឹកសមុទ្រ រត់ល្បឿន និងជិះកង់ ក្រោមការត្រួតមើល និងកែតម្រង់ទិស ពីលោកគ្រូកម្រិតអន្តរជាតិទាំង៣នាក់ តាមប្រព័ន្ធ ZOOM ផង និងប្រាប់ដោយផ្ទាល់ នៅទីលានផង»។
«អត្តពលិក ដែលបានឆ្លងកាត់វគ្គនេះ គឺមានបទពិសោធល្អ ព្រោះហ្វឹកហាត់រយៈពេល ៨ ថ្ងៃ ហើយក្រុមជម្រើសជាតិទាំងអស់ ពិតជាយល់កាន់តែច្បាស់ អំពីក្បួនច្បាប់ និងលក្ខខណ្ឌនៃការប្រកួត និងជាទេពកោសល្យបានល្អ។ សកម្មភាពហ្វឹកហាត់ ទ្រីយ៉ាត្លុងនេះ គឺត្រៀមការប្រកួតអន្តរជាតិធំៗខាងមុខ មានស៊ីហ្គេមជាដើម»។ លោក ងិន សុបញ្ញា បានបញ្ជាក់បន្ថែមបែបនេះ។
ចំណែកគ្រូបង្វឹកជម្រើសជាតិ លោក ចេង ច័ន្ទតារ៉ា បានប្រាប់ដែរថា៖ «ក្រុមជម្រើសជាតិយើង ត្រូវហ្វឹកហាត់ទ្រឹស្តី ជាមួយលោកគ្រូ Francisco តាម ZOOM តែសិក្សាដោយផ្ទាល់ជាមួយលោកគ្រូ Derrick Murray និងរូបខ្ញុំ ហើយការហ្វឹកហាត់ជាក់ស្តែងនេះ មានសារៈសំខាន់ខ្លាំងដោយអត្តពលិកស្គាល់ច្បាស់ពីភូមិសាស្ត្រ គឺកន្លែងហែលទឹក ទីលានរត់ និងទីលានជិះកង់ពោលគឺកំណត់រួចរាល់ងាយនឹងយើងប្រកួតបានល្អ»។
នៅពេលសួរពីភូមិសាស្ត្រ និងទីលានហ្វឹកហាត់ នៅខេត្តកែបនេះ លោក ច័ន្ទតារ៉ា បានបន្ថែមថា៖ «ភូមិសាស្ត្រទីលានកីឡាទ្រីយ៉ាត្លុង ដែលល្អបំផុត គឺក្រុងកែបនេះតែម្តង ហើយគណៈកម្មការទីលាន CAMSOC ក៏បានសម្រេចយកក្រុងកែប ជាទីលាន សម្រាប់ប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះដែរ»៕