ភ្នំពេញ៖ សហព័ន្ធ​កីឡា​​ប្រដាល់គុនខ្មែរ ក្រោម​កញ្ចប់ថវិកាចំណាយ​របស់​ក្រសួងអប់រំ យុវជន និង​កីឡា បាន​នឹង​កំពុងបើក​វគ្គ​បណ្តុះ​បណ្តាល​អាជ្ញា​កណ្តាល ចៅ​ក្រម គុនខ្មែរ​កម្រិត​មធ្យម នៅ​ស្តាត​ចាស់ ដែល​បានចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី ៥ ខែធ្នូ ហើយ​គ្រោង​បញ្ចប់ នៅ​ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ​ ​២០២១​ នេះ ប៉ុន្តែ​គ្រូ​ឧទ្ទេស ២ នាក់ ត្រូវបានគេ​មើលឃើញ​ថា មិនទាន់មានគុណសម្បត្តិ​ស័ក្តិសម ជា​អ្នក​ចែក​រំលែក​បទពិសោធ និងជា​គំរូ​ល្អ សម្រាប់សិក្ខាកាម ដែលបាន​ចូល​រួម​វគ្គ​នេះ នៅ​ឡើយ​ទេ។

សម្រាប់វគ្គ​បណ្តុះ​បណ្តាល​កម្រិត​ធម្យម ឬកម្រិត​ទី ២​ នេះ បាន​​ផ្តល់​ជូន​ទៅ​អតីត​កីឡាករ​ឆ្នើមៗ ជា​​ចៅក្រម ​កំពុង​បំពេញ​ភារកិច្ច ​នៅ​តាមសង្វៀន​ប្រដាល់​របស់​​ស្ថាននីយទូរទស្សន៍​ និង​ជា​គរុ​សិស្ស​មក​ពី​វិទ្យាស្ថាន​ជាតិ​អប់​រំ​កាយ និង​កីឡា ​ដែល​សុទ្ធ​តែ​ជា​អ្នកមាន​ចំណេះ​ដឹង​ខាង​កីឡា​ខ្ពង់​ខ្ពស់ ​ដើម្បី​ឱ្យ​​ពួក​គេងាយ​នឹង​ទទួល​បាន​ ​នូវ​ចំណេះ​ដឹង​ថ្មីៗ​បន្ថែម​ទៀត​។

​ជា​មួយ​គ្នា​នេះ​ សិក្ខាកាម​ទាំង​អស់​ តម្រូវ​ឱ្យ​មាន​អាយុ​ ៣៥​ ឆ្នាំ​ចុះ ​និង​មាន​កាយសម្បទា​ល្អ​ ព្រមទាំង​​មាន​កម្ពស់ ​ត្រូវ​ខ្នាត​ផង​ ​ហើយ​ចៅ​ក្រម​អាជ្ញា​កណ្តាល​ណា ​មិន​បាន​ឆ្លង​កាត់​វគ្គ​បណ្តុះ​​បណ្តាល​នេះ ​មិន​អនុញ្ញាត​ឱ្យ​ទៅ​បំពេញ​ការងារ​នោះ​ឡើយ​។

លោក​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​បាន​​ថ្លែង​ថា៖​ «សិក្ខាកាម ​ដែល​ជា​អាជ្ញា​កណ្ដាល ចៅក្រម​ ត្រូវ​មាន​ឆន្ទៈ​ក្នុង​ការ​បំពេញ​ការងា ​នៅ​លើ​សង្វៀន​ប្រកួត​ជាដាច់​ខាន​ មិន​មែន​រៀន​ចប់​ហើយ ​ប៉ុន្មាន​ខែ​ក្រោយ​មក ​បែរ​ជា​ទទួល​ការ​ពិន័យ​ពី​​សហព័ន្ធ​ ដោយ​ការ​កាត់​សេច​ក្តី​​មិន​ត្រូវ​ត្រឹម​នោះ​ឡើយ»។​

លោក​បាន​បន្ថែម​ថា៖​ «ធន​ធាន​សមត្ថភាពអាជ្ញា​កណ្តាល ​ចៅ​ក្រម ​ដែល​បាន​ឆ្លងកាត់​វគ្គ​​បណ្តុះ​បណ្តាល​​នេះ​ ត្រូវ​បាន​​ចម្រាញ់​​ចេញ​ពី​ចៅ​ក្រម​អាជ្ញា​កណ្តាល​កម្រិត​ ១ ​ដែល​ធ្លាប់​បំពេញ​​ការ​ងារ​ល្អ​កន្លង​មក​ និងជា​មន្ត្រី​ ឬ​គរុសិស្ស​វិទ្យា​ស្ថាន​កីឡា ​ដែល​មាន​ជំនាញ​ខ្ពស់​ ហើយ​​អ្នក​បាន​ឆ្លង​វគ្គ​កម្រិត​ ២ ​នេះ ​ពេល​បញ្ចប់​​ការ​សិក្សា នឹង​បាន​ទៅ​បំពេញ​ការងារ នៅ​​តាម​ស្ថានីយ​ទូរទស្សន៍ តែ​មិនមែន​ជាការ​ជួល​នោះ​ឡើយ ​គឺ​ជា​ការ​ធ្វើដោយ​​ស្ម័គ្រ​ចិត្ត​​»​។​

​តែ​ទោះបីជា​យ៉ាង​ណា ​វត្តមាន​គ្រូ​ឧទ្ទេស ​សម្រាប់​ផ្តល់​ចំណេះ​ដឹង​ទៅ​​​ដល់​​សិក្ខាកាម​ចំនួន​​៣ ​នាក់ ក្នុង​វគ្គនេះ ​មាន​លោក​សាស្ត្រា​ចារ្យ​វេជ្ជ​បណ្ឌិត​ ឆឹង​ យ៉ៅ​យ៉េន​ លោក​ អ៊ិន ​ខេមរិន្ទ ​និង ​លោក ​មាស​ សុខ​គ្រី​ ត្រូវ​បាន​គេ​មើល​ឃើញថា ​គ្មាន​លក្ខណៈ​សម្បត្តិ​ ឬ​ជំនាញ​គ្រប់​គ្រាន់ ​ដើម្បី​បង្រៀន​ដល់​សិក្ខាកាម​នោះ​ទេ។

ប្រភព​ជា​ច្រើន ​​ដែល​ចាប់​អារម្មណ៍ ​ចំពោះ​ប្រដាល់​គុន​ខ្មែរ​ បាន​​នាំ​គ្នា​បញ្ចេញជា​មតិយោបល​​ថា​ ​វត្ត​មាន​លោក​បណ្ដិត ​ឆឹង ​យ៉ៅ​យ៉េន ​ស័ក្តិ​សមជា​គ្រូ​ឧទ្ទេស ​​ព្រោះ​លោក​ជា​អ្នក​ស្រាវ​ជ្រាវ ​ចង​ក្រង​បទ​បញ្ជា​ប្រ​កួត ​ច្បាប់​ប្រ​កួត ​ព្រម​ទាំងមាន​​ជំនាញ​ខាង​ច្បាប់​ និង​​ទ្រឹស្តី​ប្រ​កួត​ប៉ុន្តែ​វត្ត​មាន​របស់​លោក ​អ៊ិន ​ខេមរិន​ និង ​លោក​ មាស ​សុខ​គ្រី ​ដែល​ធ្លាប់​មាន​រឿង​អាស្រូវ​ច្រើន​រាប់​មិន​អស់ ​ទាក់​ទងនឹង​​រឿង​រ៉ាវ នៅ​​លើ​សង្វៀន​ប្រកួត​កន្លង​មក​ជា​ច្រើន​នោះ​ ហាក់​បី​ដូច​វា​មិន​ស័ក្តិសម​ យក​មក​ធ្វើ​ជា​​គ្រូ​ឧទ្ទេស ​សម្រាប់​វគ្គ​កម្រិត​មធ្យម នេះ​​ទេ​។

ប្រភព​មួយ​ចំនួន​ទៀត មានលើក​ជា​​ចម្ងល់​ថា​ ​​វត្ត​មាន​បញ្ញាវ័ន្ត​ចាស់់​ៗ ​និង​ថ្មីៗ ​មួយ​ចំនួន​​មាន​បទ​ពិសោធល្អៗ ​ដូច​ជា​លោក ​ម៉ិល​ កាដូ​ លោក​ និន​ ភារម្យ​ លោក ​រាជ ​សុផែន​ លោក​ ចាន់​សុទ្ធ​ លោក ​ប៊ុយ ​សុភ័ណ្ឌ​ លោក ​វ៉ា ​វណ្ណៈ ​លោក ​ឯម ​ហៀង ​ដែល​មាន​សមត្ថភាព​ជំនាញ​ច្បាប់​កីឡា និង​បទ​ពិសោធល្អ​នោះ ​ហេតុ​អ្វី​មិន​អញ្ជើញ ​មក​ធ្វើ​ជា​​គ្រូ​ឧទ្ទេស​ ឬ​វាគ្មិន​ សម្រាប់​សិក្ខាកាម​កម្រិត​មធ្យម​នេះ​?​ ព្រោះ​គ្រូឧទ្ទេស​មានគុណ​សម្បត្តិល្អ ទើបជាគំរូ​ល្អ​ដល់​​សិក្ខាកាម គឺ​​​ដូច​ពាក្យ​ចាស់ពាល​​ថា​ បើ​ពុម្ព​វៀច​ ផលិត​ផល ​​ចេញ​មក ក៏​​វៀច​ដែរ​។

គួរ​រំឭកថា ​មន្ត្រី​បច្ចេកទេស​សហព័ន្ធ ​ដែល​បាន​ឆ្លង​វគ្គ​​បណ្តុះ​បណ្តាល​កន្លង​មក ​​បាន​ប្រាប់​​ថា​ ​គ្រូ​ឧទ្ទេស ​ដែល​បាន​បង្រៀន​​ពី​ការ​ផ្តល់​ពិន្ទុ​ឱ្យ​​កីឡាករ​ពេល​ប្រកួត ​មាន​លក្ខណៈ​​ខុស​គ្នា ​គឺ​​លោក​គ្រូ ​ម៉ិល​ កាដូ​ បង្រៀន​ផ្សេង ​លោក ​មាស ​សុខ​គ្រី ​បង្រៀន​ផ្សឹង ​ហើយ​លោក ​ឆឹង ​យ៉ៅ​យ៉េន​ បង្រៀន​ផ្សេង​ទៀត​ ហេតុ​នេះ​​នៅ​ពេល​ដាក់​ពិន្ទុ​ពេល​ប្រ​កួត ​ធ្វើ​ឱ្យ​​ពួក​គាត់​វង្វេង ​គឺ​ភ័យ​ផង ​ខ្លាច​ផង​ ​ព្រោះ​កីឡាករ​មួយ​ចំនួន ​សុទ្ធតែ​ជា​ខ្សែ​របស់​អ្នក​នេះ ​អ្នក​នោះ ​លំបាក​ដាក់​ពិន្ទុ​ណាស់។

​បន្ថែម​លើ​នេះ ​ចៅ​ក្រម​អាជ្ញា​កណ្តាល ​ភាគ​ច្រើន ​ដែល​ធ្វើ​ការ​ជាក់​ស្តែង ​បានទទួល​ប្រាក់​​របប​ឧបត្ថម្ភ​ ​ជាថ្នូរ​នឹង​តម្លៃ​ពល មាន​ចំនួន​កម្ម​តិច ​ប៉ុន្តែ​​ចៅ​ក្រម ​ឬ​អាជ្ញា​កណ្តាល​ មាន​ខ្សែ​ បាន​លុយ​ច្រើន​ និង​មាន​ឈ្មោះ​បើក​លុយ​ សឹង​គ្រប់​សង្វៀន ​ដោយ​ធ្វើ​ការ​តែ​មួយ​កន្លែង​ប៉ុណ្ណោះ​ ហើយ​បញ្ហា​នេះ នៅតែ​កើត​មាន​ឡើង នៅ​ក្នុងពិភព​ប្រដាល់​គុនខ្មែរ នាពេល​បច្ចុប្បន្ន៕