ក្រុងប៊ែរឡាំង​៖ ខ្សែ​បម្រើ Jude Bellingham របស់​ក្លិប Borussia Dortmund កាល​ពី​ថ្ងៃ​អង្គារ ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចំនួន ៤០ ០០០ ​អឺរ៉ូ ($៤៥ ០០០) តែ​រួច​ផុត​ពីការ​ជាប់​បម្រាម បន្ទាប់​ពី​បាន​បញ្ចេញ​មតិ​យោបល់ ទាំង​អារម្មណ៍​ខឹង​សម្បា​ ចំពោះ​អាជ្ញាកណ្តាល ក្រោយ​ក្រុម​របស់​ខ្លួន រង​បរាជ័យ ៣-២ ក្នុងផ្ទះខ្លួន​ឯង​ សម្រាប់​ការ​ប្រកួត​ នៅ​ក្របខ័ណ្ឌ Bundesliga កាល​ពី​ចុង​សប្តាហ៍កន្លង​មក ក្រោមថ្វី​ជើង​របស់ក្រុម Bayern Munich។

សហព័ន្ធ​បាល់​ទាត់​អាល្លឺម៉ង់​ (DFB)​ បាន​ឱ្យ​ដឹង​ថា សហព័ន្ធ បាន​ពិន័យ​កីឡាករ Bellingham ចំពោះ​ការ​ប្រព្រឹត្ត (ទង្វើ) មិន​សម​ជា​កីឡាករ​អាជីព​ ដោយ​កីឡាករ​វ័យ ១៨​ឆ្នាំ រូប​នេះ បាន​អះអាង​ថា ការ​សម្រេច​ចិត្ត​ ដែល​នាំ​ឱ្យ​មាន​ការ​ខាត​បង់របស់​អាជ្ញាកណ្ដាល លោក Felix Zwayer ក្នុង​ហ្គេម កាល​ពីថ្ងៃ​សៅរ៍​នោះ ត្រូវ​បាន​គេ​រំពឹង​ទុក​មុន ដោយសារ​អាជ្ញាកណ្ដាល ធ្លាប់​មាន​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​រៀប​ចំ​លទ្ធផល​ទុក​មុន​ដ៏​អាក្រក់​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​អាល្លឺម៉ង់​។

ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន ក្លិប Dortmund បាន​ឱ្យ​ដឹង​ថា៖​ «​ក្លិប និង​កីឡាករ បាន​ទទួល​យក​នូវ​ការ​សម្រេច​នេះ ដោយ​កីឡាករ Jude Bellingham អាច​ចូល​លេង​ ក្នុង​ហ្គេម នៅ Bundesliga ទល់​នឹង​ក្រុម VfL Bochum នា​ថ្ងៃ​សៅរ៍​នេះ​បាន​»​។

ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ នៅ​ពេល​លោក Zwayer ប្រគល់​បាល់​ពិន័យ ១១ ម៉ែត្រ ដោយសារ​បាល់​ប៉ះ​ដៃ​ខ្សែការពារ Mats Hummels របស់​ក្រុម Dortmund ដែល​នោះ ​បាន​នាំ​ឱ្យ​កើត​មាន​នូវ​គ្រាប់​បាល់​ជ័យ​ជម្នះ សម្រាប់​ក្រុម Bayern​។

សកម្មភាព​នៅ​មុន​ហ្នឹង លោក Zwayer ធ្វើ​សញ្ញា​ឱ្យ​លេង​បន្ត ហើយ​បដិសេធ ក្នុង​ការ​ផ្ដល់​បាល់​ប៉េណាល់​ទី​ឱ្យ​ក្រុម Dortmund បន្ទាប់​ពី​ខ្សែ​ការពារ Lucas Hernandez ទំនង​ជា​បាន​ប្រព្រឹត្ត​កំហុស​ចំពោះ​ខ្សែបម្រើ​ប្រយុទ្ធ Marco Reus នៅ​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់។

«​អ្នក​អាច​ឃើញ​ការ​សម្រេច​ជាច្រើន ក្នុង​ហ្គេម​នេះ។ ប្រសិន​បើ​អ្នក​ឱ្យ​អាជ្ញា​កណ្ដាល​ម្នាក់ ដែល​ធ្លាប់​មាន​ពាក់​ព័ន្ធ​នឹង​ការ​រៀប​ចំ​លទ្ធផល​ទុក​មុន នៅ​មុន​មានហ្គេម​ដ៏​ធំ​បំផុត ក្នុង​ប្រទេស​អាល្លឺម៉ង់ តើ​អ្នក​រំពឹង​ថា អ្វី​នឹង​កើត​ឡើង​»​។ នេះ​ជា​សម្ដី​របស់​កីឡាករ Bellingham ដែល​និយាយ​ទៅ​កាន់​ប៉ុស្តិ៍​ទូរទស្សន៍ Viaplay របស់​ន័រវែស​។​

រូប​គេ​កំពុង​និយាយ​សម្ដៅ​ដល់​​​តួនាទី ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​របស់​លោក Zwayer ក្នុង​នាម​ជា​អាជ្ញាកណ្ដាល​ខ្សែបន្ទាត់វ័យ ២៣ ​ឆ្នាំ​ម្នាក់ នៅ​ក្នុង​រឿង​អាស្រូវ ដែលមាន​ពាក់​ព័ន្ធ​ជាមួយ​នឹង​អាជ្ញា​កណ្ដាលលើ​ទី​លាន លោក Robert Hoyzer កន្លងមក។​

លោក Hoyzer​ បាន​សារភាព​ពី​ការ​ទទួល​បា្រក់​ពី​ពួក​ម៉ាហ្វៀក្រូអាស៊ី ជា​ថ្នូរឱ្យ​ធ្វើ​ការ​កែប្រែ​លទ្ធផល នៃ​ការ​ប្រកួត ក្នុង​កម្មវិធី German Cup និង​ហ្គេមរបស់​លីគ​ទាប​ៗ ដោយ​ក្នុង​រួម​ទាំង​ការ​ផ្ដល់​បាល់​ប៉េណាល់​ទីពី​ការ​ប្រព្រឹត្តិ​​កំហុស​ ដែល​មិន​ទំនង​នឹង​ពិន័យ​នោះ​ឡើយ​​។

លោក Hoyzer ត្រូវ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ហើយ​លោក Zwayer ត្រូវ​ពិន័យ​ចំនួន ៦ ​ខែ ពី​បទ​នៅ​ស្ងៀម​មិន​ព្រម​រាយការណ៍ បើ​ទោះ​ជា​គាត់​ដឹង​ពី​អ្វី ដែល​អាជ្ញា​កណ្ដាលនៅ​លើទីលាន​រូប​នោះ​កំពុង​ធ្វចើ​នាពេល​នោះ និង​ពី​បទ​ទួល​ប្រាក់ ៣០០ អឺរ៉ូ ($៣៤០)​៕ AFP/VN