ក្រុងឡុងដ៍៖ ខ្សែបម្រើកណ្តាល Mateo Kovacic បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា ពោលគឺត្រឹមតែ ១ ថ្ងៃ បន្ទាប់ពីបានវិលត្រឡប់មកហ្វឹកហាត់វិញ។ នេះបើតាមការឱ្យដឹងពីអ្នកចាត់ការរបស់ក្រុមតោខៀវ Chelsea លោក Thomas Tuchel កាលពីថ្ងៃអង្គារ។
កីឡាករវ័យ ២៧ ឆ្នាំ Kovacic បានអវត្តមាន តាំងពីចុងខែតុលា ហើយគ្រូបង្វឹកលោក Tuchel បានរំពឹងថា នឹងនាំរូបគេវិលមកមានសកម្មភាព នៅលើទីលានវិញ នៅសប្ដាហ៍នេះ។ ជាមួយគ្នានេះ ខ្សែបម្រើដ៏ស្វាហាប់ N''Golo Kante នៅតែមិនអាចចូលលេងបានដែរ ដោយសារបញ្ហាក្បាលជង្គង់។
កីឡាករ Jorginho ត្រូវបង្ខំចិត្តជួយក្រុមទាំងមានបញ្ហាឈឺចាប់នៅត្រង់ខ្នង ហើយឥឡូវនេះ នឹងអវត្តមាន សម្រាប់ជំនួបរបស់ក្រុមតោខៀវ ជាមួយក្រុមម្ចាស់ផ្ទះ Zenit Saint Petersburg ក្នុងការប្រកួត នៅក្របខ័ណ្ឌ Champions League នាថ្ងៃពុធនេះ ដែលធ្វើឱ្យលោក Tuchel ខ្វះកីឡាករ ក្នុងតំណែងបម្រើការពារនេះ។
«យើងមាននូវដំណឹងអាក្រក់ ព្រោះកីឡាករ Mateo (Kovacic) កំពុងធ្វើការហ្វឹកហាត់ កាលពីម្សិលមិញ (ថ្ងៃចន្ទ) ហើយជារឿងគួរឱ្យរីករាយមែនទែន ដែលរូបគេត្រឡប់មកវិញ។ តែរូបគេ ធ្វើតេស្តវិជ្ជមាន ចំពោះវីរុសកូរ៉ូណា នៅថ្ងៃនេះ (ថ្ងៃអង្គារ) ដូច្នេះ គេត្រូវនៅដាច់ដោយឡែករយៈពេលប៉ុន្មានថ្ងៃ។ ដូច្នេះ នេះគឺជាផលប៉ះពាល់ដ៏ធំមួយ ទាំងសម្រាប់រូបគេផ្ទាល់ និងសម្រាប់ពួកយើងទាំងអស់គ្នា»។ នេះជាការពោលទាំងសោកស្ដាយរបស់លោក Tuchel។
ក្រុម Chelsea ដណ្ដើមបានសិទ្ធិរួចរាល់ហើយ សម្រាប់វគ្គចាញ់ធ្លាក់ នៅ Champions League នេះ ហើយនឹងត្រូវបានឈរទី ១ ក្នុងពូល H ប្រសិនបើស្មើជាមួយក្រុមយក្សរុស្ស៊ី ឬក៏ប្រសើរជាងលទ្ធផលរបស់ក្រុម Juventus ទល់នឹងក្រុម Malmo សម្រាប់ហ្គេមចុងក្រោយ ក្នុងវគ្គសន្សំពិន្ទុតាមពូលនេះ៕ AFP/VN