
ខាំ ខ្លានាង ត្រូវជួបអ្នកលេងកណ្តាប់ដៃ ពេជ្រ ប៊ុនសិដ្ឋ។ រូបថត សហការី
ភ្នំពេញៈ កីឡាករជើងខ្លាំងវ័យក្មេងជំនាន់ក្រោយ ពេជ្រ ប៊ុនសិដ្ឋ របស់ក្លិបចលនាយុវជន ១៥៧ ត្រូវបានដាក់ឱ្យប្រកួតកម្មវិធី ONESTRIKE ចំនួន ២ ទឹក (១ ទឹកមាន ៧ នាទី) ជាមួយកីឡាករជជើងខ្លាំងជម្រើសជាតិក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ខាំ ខ្លានាង នៅសង្វៀន PNN នារសៀលថ្ងៃអាទិត្យខាងមុខ។
វត្តមានរបស់កីឡាករវ័យក្មេង ទម្ងន់ស្រាលទាំង ២ នេះត្រូវបានគេមើលឃើញថា មានរបៀប និងល្បិចប្រកួតទាក់ទាញបំផុត ព្រមទាំងមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកទស្សនា ហើយវាជាលើកទី ១ ហើយ ដែល ពេជ្រ ប៊ុនសិដ្ឋ សុំសាកល្បងក្បាច់គុនជាមួយជើងខ្លាំង ខាំ ខ្លានាង ប៉ុន្តែប្រភពពីអ្នកទស្សនាភាគច្រើនគេមានជំនឿថា ពេជ្រ ប៊ុនសិដ្ឋ មានភាគរយតិចណាស់ ដែលអាចយកឈ្នះទៅលើកីឡាករល្បីល្បាញ មាឌល្អិតចិត្តខ្លាំង ខាំ ខ្លានាង។
តាមរយៈការប្រកួតជាក់ស្តែងនៅលើសង្វៀនប្រដាល់ ពេលបច្ចុប្បន្ន ខាំ ខ្លានាង និង ពេជ្រ ប៊ុនសិដ្ឋ មានលក្ខណៈវាយសម្រុកមិនចេះបន្ធូរដៃដូចគ្នា ហើយទឹកចិត្តប្រកួត គ្មានចំណាយពេលស្ទាបស្តង់ ឬអូសបន្លាយពេលវេលាឱ្យយូរនោះឡើយ ហេតុនេះទីផ្សារប្រកួតរបស់ពួកគេពេញនិយមខ្លាំងណាស់ ព្រោះសឹងតែគ្រប់សង្វៀនប្រដាល់ ត្រូវការពួកគេ ដោយសារតែការប្រកួតមានប្រិយភាពខ្លាំង។
ខាំ ខ្លានាង បច្ចុប្បន្ន ដែលទើបផ្លាស់មកនៅក្លិបប៉ែនកាក់គុនខ្មែរនោះ មានអាយុ ២៤ ឆ្នាំកម្ពស់ ១,៦៤ ម៉ែត្រ ធ្លាប់ប្រកួតបាន ៩៦ ដង ឈ្នះ ៧៥ ចាញ់ ១៩ ស្មើ ២ ដង ក្នុងនោះផ្តួលដៃគូឱ្យសន្លប់បាន ២២ ដង។ ចំណែក ពេជ្រ ប៊ុនសិដ្ឋ មានអាយុ ២១ ឆ្នាំ កម្ពស់ ១,៦៣ ម៉ែត្រ ធ្លាប់ប្រកួតបាន ៦០ ដង ឈ្នះ ៤០ ដង ចាញ់ ១០ ស្មើ ១០ ដង និងធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន ៩ ដង។
សម្រាប់ការប្រកួតនេះ ខាំ ខ្លានាង បានហ្វឹកហាត់ត្រៀមជាមួយ បឺត ខាំ និង សេន ប៊ុនថេន យ៉ាងល្អ។ ខាំ ខ្លានាង និយាយថា៖ «សម្រាប់ជំនួបនេះ ខ្ញុំធានាឈ្នះបាន ព្រោះខ្ញុំគិតថា ក្បាច់របស់ ប៊ុនសិដ្ឋ មិនជាបញ្ហាលំបាកទប់ទល់ទេ»។
«តែទោះបីជាយ៉ាង យើងក៏មិនងាយនឹងយកឈ្នះបានស្រួលៗនោះដែរ គឺនិយាយទៅ ខ្ញុំការពារឱ្យបានច្រើន ព្រោះកណ្តាប់ដៃរបស់គេធ្ងន់ដែរ»។ ខាំ ខ្លានាង បានបញ្ជាក់ថា៖ «ខ្ញុំមានទំនុកចិត្តឈ្នះ ១០០ ភាគរយតែម្តង គឺមិនអាចចាញ់បានទេ គឺលើកលែងតែករណីភ្លាត់ស្នៀតណាមួយ ដោយចៃដន្យប៉ុណ្ណោះ»។ ខាំ ខ្លានាង បានបញ្ជាក់បន្ថែម។
ចំណែក ពេជ្រ ប៊ុនសិដ្ឋ បាននិយាយថា៖ «ខ្ញុំចង់ប្រកួតជាមួយគាត់ ដើម្បីឱ្យដឹងថា តើសមត្ថភាពខ្ញុំអាចឈានទៅបានល្អជាងសព្វថ្ងៃនេះទេ? នៅក្នុងទម្ងន់ ៥៤ គីឡូក្រុមនេះ ខ្ញុំធ្លាប់ជួបអស់ហើយ គឺនៅតែ ខាំ ខ្លានាង នេះទេ ហេតុនេះខ្ញុំចង់ប្រកួតជាមួយគាត់ណាស់ ហើយដោយសារ កម្មវិធីគូឯក ONESTRIKE នេះមាន ២ ទឹក ស្មើនឹង ១៤ នាទី គឺខុសពីគុនខ្មែរ អ៊ីចឹងបើខ្ញុំរក្សាកម្លាំងបាន គឺអាចស៊ីនៅចុងទឹកបាន»។
ចំណែកលោក ពេជ្រ សុផាន់ ជាគ្រូបង្វឹក ប៊ុនសិដ្ឋ បាននិយាយថា៖ «ខ្ញុំមានជំនឿថា ពេជ្រ ប៊ុនសិដ្ឋ នឹងឈ្នះ ព្រោះបើវាមិនល្អ ខ្ញុំមិនដាក់ចូលឱ្យប្រកួតទេ។ ខ្ញុំសង្ឃឹម ៧០ ភាគរយ ហើយការចាញ់ ឬឈ្នះ មិនទាន់អាចនិយាយបានទេ ប៉ុន្តែភាគច្រើនគឺស្មើ ព្រោះការប្រកួតនេះ អ្នកឈ្នះបាន លុះត្រាតែផ្តួលដៃគូឱ្យសន្លប់ មិនមែនឈ្នះពិន្ទុឡើយ»៕