
បេក្ខភាពទាំង ៤ នាក់ ដែលត្រូវប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន នៅសង្វៀនថោន សប្តាហ៍នេះ។ រូប ថោន
ភ្នំពេញៈ កីឡាករជើងខ្លាំង ឈុត សេរីវ៉ាន់ថង និងឪពុករបស់គេ បានបង្ហាញការជឿជាក់ខ្លាំងថា ការឈានជើងមកប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ទម្ងន់ ៥៧ គីឡូក្រាម នៅលើសង្វៀនថោន នៅថ្ងៃអាទិត្យ នឹងអាចវិលត្រឡប់ទៅវិញ ជាមួយការឈ្នះតំណែងជើងឯក បើទោះបីជាមានបេក្ខភាព វ៉ាន់ វឿន ជាឧបសគ្គធំក៏ដោយ ចំណែក ទូច ដេវីត និង ឯម សុធី មិនស្ថិតនៅក្នុងក្តីបារម្ភរបស់ សេរីវ៉ាន់ថង នោះទេ។
នៅក្នុងចំណោមបេក្ខភាពទាំង ៤ នាក់ ដែលត្រូវចាប់ឆ្នោតប្រកួតដណ្តើមប្រាក់លាន នៅសប្តាហ៍នេះ ឈុត សេរីវ៉ាន់ថង និង វ៉ាន់ រឿន សុទ្ធតែកំពុងមានឈ្មោះបោះសំឡេង ចំណែក ទូច ដេវីត និង ឯម សុធី ជាលំដាប់ខ្លាំងដូចគ្នា ប៉ុន្តែហាក់មិនសូវមានភាពល្បីល្បាញ ហើយជាមួយគ្នានេះ ឈុត សេរីវ៉ាន់ថង, វ៉ាន់ វឿន និង ទូច ដេវីត សុទ្ធតែធ្លាប់ឈ្នះប្រាក់លាន ពីកម្មវិធីនេះ ១ លើកដូចគ្នា ខណៈ ឯម សុធី មិនធ្លាប់បានទេ។
ទាក់ទងទៅនឹងការប្រកួតនេះ លោក ឈុត សេរី ជាគ្រូបង្វឹក និងជាឪពុកបង្កើតរបស់ ឈុត សេរីវ៉ាន់ថង បានប្រាប់ថា៖ «ទាំង វ៉ាន់ វឿន, ទូច ដេវីត និង ឯម សុធី សុទ្ធតែជាកីឡាករជើងចាស់ ធ្លាប់ប្រកួតរាប់សិបដងដូចគ្នា ប៉ុន្តែខ្ញុំមើលឃើញថា វ៉ាន់ រឿន មានទេពកោសល្យល្អជាង»។
គ្រូបង្វឹកជើងចាស់រូបនេះ បានបន្ថែមថា៖ «បើសិន វ៉ាន់ថង ចាប់ឆ្នោតប៉ះ វ៉ាន់ វឿន វាជាឧបសគ្គធំណាស់ ប៉ុន្តែបើក្រៅពី វ៉ាន់ វឿន បែបធូរជាងបន្តិច។ តែទោះជាយ៉ាងណា គិតមកដល់ពេលនេះ កូនខ្ញុំហាត់បានល្អ ត្រៀមជាស្រេច និងសង្ឃឹមមុតមាំថា នឹងឈ្នះក្នុងភាគរយខ្ពស់ គឺ ៩០ ភាគរយ»។
ចំណែក វ៉ាន់ វឿន បាននិយាយថា៖ «ខ្ញុំគិតថា ក្នុងចំណោម ៣ នាក់នេះ សុទ្ធតែលំបាកយកឈ្នះដូចគ្នា ព្រោះសុទ្ធតែអ្នកមាន បទពិសោធល្អ នៅលើសង្វៀន។ ចំពោះ សេរីវ៉ាន់ថង ខ្ញុំធ្លាប់ឈ្នះ ប៉ុន្តែពេលនេះ មិនដូចមុនទេ ព្រោះកម្លាំងគេ នៅល្អជាងខ្ញុំ គឺលំបាកទប់ទល់ណាស់ ហេតុនេះខ្ញុំសង្ឃឹមត្រឹម ៦០ ភាគរយប៉ុណ្ណោះ ចំណែកការប្រកួតបែបណា ចាំរកវិធីពេលប្រកួតជាក់ស្តែងតែម្តង»។
ជាមួយគ្នានេះ ទូច ដេវីត បាននិយាយថា៖ «ខ្ញុំគិតថា ការប្រកួតនេះ ពិតជាលំបាកឈ្នះណាស់ គឺប៉ះចំកីឡាករណា ក៏មិនងាយឈ្នះដែរ ព្រោះគេមានបទពិសោធច្រើនជាងខ្ញុំ ប៉ុន្តែខ្ញុំមិនបាក់ទឹកចិត្តទេ គឺខ្ញុំហាត់ និងឡើងប្រកួតអស់ពីសមត្ថភាព ដោយធានាបាននូវសេចក្តីថ្លៃថ្នូរ ជាកីឡាករ គឺមិនមែនធ្វើឱ្យខូចកម្មវិធីនោះឡើយ ចំណែកទំនុកវិញ ខ្ញុំមានសង្ឃឹមឈ្នះ ៦០ ភាគរយ»។
ចំពោះ ឯម សុធី ដែលធ្លាប់ចូលប្រកួតកម្មវិធីនេះ ច្រើនលើក តែមិនធ្លាប់ទទួលបានប្រាក់លាននោះ បាននិយាយថា៖ «ខ្ញុំមិនញញើតទេ ចាប់ឆ្នោតប៉ះមួយណាក៏បានដែរ ព្រោះខ្ញុំគិតថា វាជារឿងធម្មតា ដោយសារពួកគេខ្លាំងទៅតាមជំនាញរៀងៗខ្លួន ប៉ុន្តែខ្ញុំក៏មានការព្រួយបារម្ភផ្នែកកម្លាំង នៅចុងទឹកដែរ ពីព្រោះនេះជាចំណុចខ្សោយរបស់កីឡាករ គឺអស់ថាមពលនេះតែម្តង នៅពេលត្រូវរបស់គេច្រើន»។
យោងតាមស្ថិតិប្រកួតរបស់អ្នកប្រដាល់ទាំង ៤ ដែលផ្តល់ដោយគណៈកម្មការផ្គូផ្គង បានឱ្យដឹងថា វ៉ាន់ វឿន និង ឯម សុធី មានប្រវត្តិប្រកួតច្រើនជាងគេ គឺជាង១០០លើកឯណោះ។
លោក ជួប វុត្ថា អ្នកផ្គូផ្គងប្រចាំសង្វៀនថោន បាននិយាយថា សម្រាប់សប្តាហ៍នេះ មហាជនចូលទស្សន៍ទាយ ក្នុងផេចផ្លូវការរបស់សង្វៀនថោនច្រើន ដោយគេមានជំនឿ ទៅលើវត្តមានកីឡាករ ឈុត សេរីវ៉ាន់ថង ខណៈដែលការជួបសម្ភាសវិញក៏ដូចគ្នាដែរ គឺសាមីខ្លួន មានទំនុកចិត្តខ្ពស់ ក្នុងការយកឈ្នះប្រាក់លាន តែ សេរីវ៉ាន់ថង បានអះអាងថា មានតែ វ៉ាន់ វឿន ម្នាក់ទេ ជាឧបសគ្គធំ៕