​ភ្នំពេញៈ កម្មវិធី «គុណ​តម្លៃ​អូឡាំពិក​» ដែល​សហការ​រៀបចំ​ដោយ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ (OS) បានផ្តល់​ជូន​ដល់​វិទ្យាល័យ​ចំនួន ​២ ​គឺ​វិទ្យាល័យ​ ហ៊ុន​ ​សែន ​ល័យ​ចំការ​ដូង និង​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​ចរិយា​វង្ស នៅ​ក្រុងកែប ខេត្ត​កែប រយៈពេល ​២ ​ថ្ងៃ ដោយ​ភ្ជាប់​ជាមួយ​ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង ដែល​កំពុង​ហ្វឹកហាត់​បោះជំរំ​នៅ​ទីនោះ​ស្រាប់​តែម្តង ហើយក៏​បាន​បូ​កប​ញ្ជូ​ល​ការ​ផ្សព្វ​ផ្សាយ​ជាមួយ​សកម្មភាព​របស់ CAMSOC ក្នុង​គោលដៅ​ឱ្យ​មហាជន​ជ្រាប ពី​កីឡា​ស៊ី​ហ្គេម ឆ្នាំ ​២០២៣ ផងដែរ​។​

​លោក​ ប៊ុ​យ សុ​ភ័​ណ្ឌ អ្នក​គ្រប់​គ្រង​បេសកកម្ម​នៃ​កម្មវិធី​នេះ បាន​ប្រាប់ថា កម្មវិធី​នេះ ផ្តួចផ្តើម​ដោយ NOCC និង OS ជា​ផ្នែក​មួយ​របស់​គណៈកម្មាធិកា​រ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) ដែល​ផ្តោតទៅលើ​ការអប់រំ បណ្តុះបណ្តាល ការលេង​កីឡា និង​ការស្វែងយល់​ពី​កីឡា ព្រមទាំង​ជា​កម្មវិធី​បញ្ចូល​ចលនា​ការផ្សព្វផ្សាយ​ជូន​មហា​​ជន ពិសេស​សិស្ស​នៅតាម​វិទ្យាល័យ​នេះ​តែម្តង​។​

​លោក​បន្ថែមថា​៖ «​បេសកកម្ម​នេះ យើង​បាន​ផ្តល់ជូន​វិទ្យាល័យ​ហ៊ុនសែន​ចំការ​ដូង ដែលមាន​សិស្ស​ជាង​ ៥០ ​នាក់ នៅ​ថ្ងៃទី ​៩ ខែធ្នូ ហើយ​ថ្ងៃទី​ ១០ យើង​ផ្តល់ជូន​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​ចរិយា​វង្ស ដែលមាន​សិក្ខាកាម​ជា​សិស្ស​ជាង ​៥០ ​នាក់ បន្ថែម​លើ​នេះ មាន​សកម្មភាព​លេង​កីឡា ជា​លក្ខណៈ​មហាជន​បើកទូលាយ នៅលើ​ទីលាន​ជាក់ស្តែង​ដែរ​»​។​

​ចំណែក​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​ប្រាប់​ពីថ្ងៃ​ព្រហស្បតិ៍​ថា​៖ «​កម្មវិធី​នេះ ជា​ចលនា​អូឡាំពិក ដែល NOCC បាន​សហការ​ជាមួយ OS ធ្វើ​សកម្ម​ភាពជា​រៀងរាល់​ចុងឆ្នាំ ហើយ​ស្រប​ពេលដែល​កម្ពុជា មាន​បេសកកម្ម​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​កីឡា​ឆ្ពោះទៅ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ ​២០២៣ នោះ គឺ​យើង​បានដាក់​ប​ញ្ជូ​ល​គោលដៅ ដែល​រាជរដ្ឋាភិបាល​បានសម្រេច​ថា ប្រជាពលរដ្ឋ​ម្នាក់ គប្បី​លេង​កីឡា​ឱ្យបាន ​១ ​មុខ ឬ​ ១​ ប្រភេទ​»៕