
លោក តែម ម៉ឺន ពេលប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាវគ្គបណ្តុះបណ្តាលគ្រូកម្រិត២ ដល់ ឡៅ ស៊ីណាត។ រូប សហការី
ភ្នំពេញ៖ លោក តែម ម៉ឺន ដែលទើបទទួលបានការគាំទ្រ ឱ្យបន្តធ្វើជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នោះ បានធ្វើការវាយតម្លៃខ្ពស់ ទៅលើសមត្ថភាពរបស់ចៅក្រមអាជ្ញាកណ្តាល ដែលទើបបានបញ្ចប់ការសិក្សាវគ្គបណ្ដុះបណ្ដាលគ្រូកម្រិតមធ្យម(កម្រិត ២) ថា អាចនឹងចូលរួមបំពេញការងារកម្រិតអន្តរជាតិបាន ប៉ុន្តែអ្នកទាំងនេះ ត្រូវរៀនភាសាអង់គ្លេសបន្ថែមទៀត។
«ក្រុមសិក្ខាកាម ដែលទើបបណ្តុះបណ្តាលនេះ ភាគច្រើនវ័យក្មេង មានបទពិសោធផ្នែកកីឡា ទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ ជាពិសេសធ្លាប់ជាកីឡាករផង និងជាចៅក្រមអាជ្ញាកណ្តាលស្រាប់ទៀត ដូច្នេះគុណភាព និងសមត្ថភាពសិក្ខាកាម ដែលបានសិក្សាក្នុងវគ្គកម្រិត ២ នេះ នឹងមានភាពច្បាស់លាស់ ក្នុងការអនុវត្តការងារ កាន់តែប្រសើរជាងអ្នកកម្រិតមូលដ្ឋាន ឬកម្រិត ១»។
លោក តែម ម៉ឺន បានបន្ថែមថា៖ «សិក្ខាកាម បានឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះមានទាំងផ្នែកទ្រឹស្តី និងបច្ចេកទេស ខាងសមត្ថភាព ប៉ុន្តែត្រូវរៀនភាសាបរទេសបន្ថែមទៀត ដូចជាភាសាអង់គ្លេស ព្រោះបច្ចុប្បន្ន តម្រូវការភាសា គឺមានសារសំខាន់ណាស់ ដើម្បីជាការត្រៀមក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ នៅពេលខាងមុខ ដូចជាការប្រកួតស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើម្ចាស់ផ្ទះ ហេតុនេះចៅក្រមអាជ្ញាកណ្តាល ត្រូវតែចេះភាសាបរទេស»។

ប្រធានសហព័ន្ធរូបនេះ បានបញ្ជាក់ថា៖ «សិក្ខាកាម នៅក្នុងវគ្គបណ្ដុះបណ្ដាលគ្រូកម្រិតមធ្យម របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ធ្វើឡើងនៅស្តាតចាស់ ចំនួន ៤ ថ្ងៃ មកនេះ គឺជាធនធានអាជ្ញាកណ្តាល និងចៅក្រម ត្រូវបម្រើការងារ នៅតាមសង្វៀន ដើម្បីសន្សំកម្រិតបច្ចេកទេសឱ្យល្អ ដើម្បីដាក់ចូលជាគណៈកម្មការចៅក្រមអាជ្ញាកណ្តាល សម្រាប់ប្រកួតលក្ខណៈអន្តរជាតិផ្សេងៗ ជាពិសេស គឺជាចៅក្រមអាជ្ញាកណ្តាល សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ខាងមុខតែម្តង»។
ជាមួយគ្នានេះ លោក ធន់ សុភា លោក ពេជ្រ សុផាន់ លោក នួន ភារម្យ លោក នួន បូរ៉ាដែលជាសិក្ខាកាមក្នុងវគ្គនេះ បានអះអាងថា សម្រាប់បច្ចេកទេស គឺមានការយល់ដឹងល្អ ព្រោះសុទ្ធតែមានប្រភពចេញពីកីឡាករផ្ទាល់ ធ្លាប់ឡើងប្រកួតរាប់រយដង និងធ្លាប់បម្រើការផ្នែកនេះយូរឆ្នាំ ប៉ុន្តែបញ្ហាលំបាក គឺខ្សោយខាងភាសាអង់គ្លេសនេះតែម្តង ហេតុនេះ បន្ទាប់ពីចប់វគ្គកម្រិត ២ នេះ ពួកគាត់ នឹងប្រឹងប្រែងរៀនភាសាបន្ត ដើម្បីជាប់ជាចៅក្រមអាជ្ញាកណ្តាលអន្តរជាតិ។
គិតមកដល់ពេលនេះ គឺមានតែលោក ជា រិទ្ធ ម្នាក់ប៉ុណ្ណោះ ដែលកម្ពុជា បានបញ្ជូនទៅធ្វើជាចៅក្រមអាជ្ញាកណ្តាលកម្រិតអន្តរជាតិ នៅក្នុងការប្រកួតស៊ីហ្គេម លើកទី ៣០ ឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីន ដោយសារលោកមានចំណេះប្រើប្រាស់ភាសាអង់គ្លេសបានល្អ ប៉ុន្តែចៅក្រមអាជ្ញាកណ្តាលប្រដាល់គុនខ្មែរផ្សេងៗទៀត មិនធ្លាប់ត្រូវបានបញ្ជូនឱ្យទៅបំពេញការងារ កម្រិតអន្តរជាតិ នោះទេ៕