ភ្នំពេញ៖ ការ​ប្រកួត​កីឡា​ទ្រី​យ៉ា​ត្លុង​ថ្នាក់​ជាតិ ឆ្នាំ ​២០២១ បាន​​ចាប់​ផ្តើម កាល​​ពី​ថ្ងៃ​​អាទិត្យ​ ដោយ​មាន​ការ​ចូល​រួម ​និង​គាំ​ទ្រ​ខ្លាំង​ពី​លោក ​សោម ​ពិសិដ្ឋ ​អភិបាល​ខេត្ត​កែប​ ស្រប​ពេល​ដែល​ភូមិសាស្ត្រ​ខេត្ត​កែប ​ស័ក្តិសម​ទៅ​នឹង​ប្រ​ភេទ​កីឡានេះ ហើយ​​​គណៈ​កម្មការ​រៀប​ចំ​ប្រកួត​កីឡា​ស៊ី​ហ្គេម ​លើក​ទី ​៣២ ​ឆ្នាំ​២០២៣​ (CAMSOC) ក៏​បាន​សម្រេច​ជ្រើស​រើស​​យក​ទី​តាំង​ខេត្ត​​កែប​នេះ​ផង​​ដែរ​។

ការ​ប្រ​កួត​កីឡា​ទ្រីយ៉ាត្លុង​ថ្នាក់ជាតិ ​ឆ្នាំ​ ២០២១​នេះ​ ​មាន​សារ​សំខាន់​ណាស់​ ព្រោះ​ដើម្បី​ពង្រឹង​​សមត្ថភាព​ដល់​អត្តពលិក ​សម្រាប់ត្រៀម​​ការ​​ប្រ​កួត​​ស៊ី​ហ្គេម ​ឆ្នាំ​២០២២ នៅ​វៀតណាម ​និង​ស៊ីហ្គេម ឆ្នាំ​២០២៣​ នៅ​កម្ពុជា។ ​​អ្វី​ដែល​ប្លែក​ ក្នុង​ឆ្នាំនេះ​ គឺ​មាន​ការ​ហ្វឹក​ហាត់​បោះ​ជំរំ និង​សិក្ខាសាលា​ផង ​មុន​នឹង​ប្រ​កួត​ថ្នាក់​ជាតិនេះ​​។ នេះ​បើ​តាមការ​អះអាង​របស់​លោក ងិន សុបញ្ញា​។

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា រូបនេះ បាន​​​បន្ត​​ថា៖ ​«មុន​​នឹង​បើក​ជា​ផ្លូវ​ការ ការ​ប្រកួត​​ថ្នាក់​ជាតិ​នេះ គឺ​​កាល​ពី​ថ្ងៃ​ ១០​និងទី ​១១​ ខែ​ធ្នូ ​ឆ្នាំ​២០២១ ​យើង​បាន​រៀប​ចំ​ការ​ប្រ​កួត​ថ្នាក់​ជាតិ​កីឡា​ឌូអាត្លុង ផង​ដែរ​ ​ចំណែក​​លទ្ធផល​​​គឺ ក្រសួង​មហាផ្ទៃ​ ប្រជែង​បាន​ចំណាត់​ថ្នាក់លេខ១»។​​

គួរ​បញ្ជាក់ថា សហព័ន្ធកីឡា​ទ្រីយ៉ាត្លុង​កម្ពុជា ​ទើប​បាន​បោះជំរំ​ហ្វឹក​ហាត់​ដល់​ក្រុម​ជម្រើស​ជាតិ​​របស់ខ្លួន នៅ​ខេត្តកែប​នេះ ដោយ​មាន​គ្រូ​ឧទ្ទេស​​ជន​ជាតិ​អ៊ីតាលី ​លោក Francisco ​​ជា​អ្នក​​បង្រៀន​​តាម​ប្រព័ន្ធ​អន​ឡាញ​ ហើយ​មាន​គ្រូ​បង្វឹក​​លោក Derrick Murray ជនជាតិ​នូវែ​ល​សេ​ឡង់ ជា​គ្រូ​បង្ហាត់​ផ្ទាល់​ ជាមួយ​​គ្រូ​ជម្រើសជាតិ​ទ្រី​យ៉ា​ត្លុង​កម្ពុជា ​លោក ​ចេង ​ចាន់​ដា​រ៉ា ​​ដើម្បី​​បង្កើន​សមត្ថភាព​អត្តពលិក​ មុន​​ការ​ប្រកួត​ថ្នាក់ជាតិនេះ​​​។

លោក​ ងិន ​សុបញ្ញា​ បញ្ជាក់​ថា៖ ​«​​ការ​ពុះ​ពារ​របស់​សហព័ន្ធ គឺ​ចង់​ផលិត​ធនធាន​អត្តពលិក​ឱ្យ​​ខ្លាំង​ ដែល​មាន​ស្ដង់ដារ ​និង​អាច​ប្រកួត​ប្រជែង​បាន​លទ្ធផល​ល្អ​។ ​សកម្មភាព ​ដែល​ធ្វើ​ឡើង​នេះ គឺ​ទទួល​បានការ​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC)​ ក្រសួង​​អប់​រំ ​យុវជន ​និង​កីឡា​ ព្រម​ទាំង​​អង្គការ​សាមគ្គី​អូ​ឡាំ​ពិ​ក ​(OS)»​។

​ចំពោះ​អត្ត​ពលិក​ ​ដែលចូល​រួម​​ប្រ​កួត​ប្រជែងថ្នាក់ជាតិ នៅ​​ឆ្នាំ​នេះ មាន​​មក​​ពី​ ១០​ សមាគម​ និង​ក្លិប ដោយ​​មាន​អត្តពលិក​ចំនួន​២៥​នាក់ ​ក្នុង​នោះ​មាន​កីឡាករ​ ១៨​ នាក់​ និង​កីឡាការិនី​ ​៧​ នាក់ ហើយ​ពួកគេ ត្រូវ​ប្រកួត​​គ្នា នៅ​លើ​​​វិញ្ញា​សាចំនួន ​៤​។​

ចំណែក​លោក​ សោម ​ពិសិដ្ឋ ​អភិបាល​ខេត្ត​កែប​ និង​ជា​អនុ​ប្រធាន CAMSOC បាន​ប្រាប់​​ថា​៖ «ខ្ញុំ​​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ដែល​វត្តមាន​របស់​កីឡា​​មួយ​ចំនួន ​បាន​​ប្រ​កួត ​នៅ​លើ​ទឹក​ដី​ខេត្ត​កែប​របស់​យើង ​ជាពិសេស​កីឡា​ទ្រី​យ៉ាត្លុង​នេះ ដោយ​​មាន​​វត្ត​មាន ​និង​សកម្មភាព​យូរ​ហើយ​ នៅ​លើ​ទឹក​ដី​កែប​ ដែល​ខ្ញុំ​ពេញ​ចិត្ត ​និង​គាំ​ទ្រ​យ៉ាងសកម្ម»​។​

លោក​​បាន​​បន្ថែម​ថា៖​ «​កាល​ខ្ញុំ​ នៅ​ជា​អភិបាល​រង​ខេត្ត ​ចំនួន​ ២​អាណត្តិ​ គឺខ្ញុំ​​ទទួល​បន្ទុកផ្នែក​​កីឡា​ ​ដូច្នេះ​​ខ្ញុំ​និយម​ចូល​ចិត្ត ​និង​ស្រឡាញ់​វិស័យ​​នេះ​ណាស់ ហេតុនេះ​ក្នុង​មាន​ខ្ញុំ​អាជ្ញា​ធរ ​និងជា​អនុប្រធាន​ CAMSOC ផង ​ខ្ញុំ​នឹង​សហការ​ជា​មួយ NOCC និង​​ក្រសួង​អប់​រំ​ ជា​ពិសេស​សហព័ន្ធ​​កីឡាទ្រី​យ៉ាត្លុង​នេះ​តែ​ម្តង ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​​ព្រឹត្តិការណ៍​កីឡា​​ស៊ីហ្គេម នៅ​​កម្ពុជា ​ទទួល​បាន​លទ្ធផល​ល្អ​ជូន​ជាតិ​»​៕