​ភ្នំពេញៈ ការ​​សន្លប់​ធំ​របស់​កីឡាករ​ជើង​ខ្លាំង​ជម្រើស​ជាតិ ​ខាំ​ ខ្លានាង ​ក្រោម​កណ្តាប់​ដៃ​អ្នក​ប្រដាល់​ឆ្នើម​វ័យក្មេង​ ពេជ្រ​ ប៊ុនសិដ្ឋ​ មក​ពី​ក្លិប​ចលនា​យុវជន ​១៥៧ ​នៅ​សង្វៀន ​PNN ​កាលពី​ថ្ងៃអាទិត្យ ​បាន​ធ្វើ​ឱ្យ​​​មហា​ជន​អ្នក​និយម​ទស្សនា​ប្រដាល់​សម្តែង​ការ​ភ្ញាក់ផ្អើល​ខ្លាំង និង​​ស្ទើរ​មិន​​ចង់​​ជឿ ដែល ប៊ុនសិដ្ឋ អាច​ផ្តួល ខ្លានាង ឱ្យសន្លប់​យ៉ាង​គ្រាំ​គ្រា​ ត្រឹម​​ទឹក​ទី​១។

​ប៉ុន្តែ​​ការ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​នេះ វា​ជា​ការ​​ពិត ​ហើយ​សាមីខ្លួន​ ​ខាំ ​ខ្លានាង ​ក៏​បាន​​ទទួល​ស្គាល់​ដែរ​ថា ​កណ្តាប់​ដៃ​ធ្ងន់​របស់​ ពេជ្រ ប៊ុនសិដ្ឋ​ ពិត​ជា​អស្ចារ្យ ​ដែល​វាយ​ចេញ​លឿនរហ័ស​បំផុត​ គេច​មិន​ទាន់​ធ្វើ​ឱ្យ​​សន្លប់​ភ្លាមៗ​តែ​ម្តង ​ខណៈ​​ប្រវត្តិ​ប្រកួត​របស់​ ខាំ​ ខ្លានាង​ មិន​ធ្លាប់​មាន​កីឡាករ​ខ្មែរ​ណា​វ៉ៃ​ឱ្យ​​សន្លប់​ក្នុង​ទឹក​ទី១ ​បែប​នេះនោះ​​ទេ​។

​នៅ​ក្នុង​គម្រោង​ប្រ​កួត​ត្រៀម​ចំនួន ​២ ​ទឹក​ ចំនួន ​១៤ ​នាទី​ ដណ្តើម​ប្រាក់​លាន​ដ៏​​ស្រួច​ស្រាល់​ក្នុង​កម្ម​វិធី​គូ​ឯក​ប្រចាំ​សប្តាហ៍​ ដែល​រំពឹងថា នឹង​ស្វិតស្វាញ​ជក់​ចិត្ត​​នោះ ​គឺ​​អ្វី​ដែល​ស្មាន​មិន​ដល់ បាន​កើត​ឡើង ដោយ ​ខ្លានាង ​តស៊ូនឹង ​​ប៊ុនសិដ្ឋ ​បាន​ត្រឹម​តែ​ ១ ទឹក​ប៉ុណ្ណោះ​ ដោយ​អាជ្ញា​កណ្តាល​រាប់​ចំនួន​ ៨ ​ដល់​ទៅ​ ២ ​លើក​ និង​ឈាន​ទៅ​បញ្ចប់​ការ​ប្រ​កួត​ដោយ​សន្លប់​ងើប​លែង​រួច​តែ​ម្តង ​ក្រោម​កណ្តាប់​ដៃ​ធ្ងន់​ផ្ទួនៗ​។​​

ខាំ​ ខ្លានាង បាន​​និយាយ​ក្រោយ​ប្រកួត​ថា​៖ «​ខ្ញុំ​ទទួល​ស្គាល់​ថា​ កណ្តាប់​ដៃ​របស់ ​ពេជ្រ​ ប៊ុនសិដ្ឋ​ ពិត​ជា​ធ្វើ​ឱ្យ​​ខ្ញុំ​ទ្រាំ​មិន​បាន ​ហើយ​ក៏​​ជា​ការ​ចាញ់​ដោយ​អស់​ចិត្ត ​មិន​ទាន់​ហ៊ាន​ថា​ ពេល​ណា​សុំ​សង​សឹក​នៅ​ឡើយ​​។​ លទ្ធផល​នេះ​ គឺ​វា​ផ្ទុយ​ទៅ​នឹង​ការ​តាំង​ចិត្ត​នៅ​មុន​ប្រ​កួត ​ប៉ុន្តែ​​ជាក់​ស្តែង ​គឺ​ស្មាន​មិន​ដល់​ថា ​ចាញ់​ដោយ​សន្លប់​ធ្ងន់​បែប​នេះ​ទេ»​។​

​នៅពេល​សួរ​ថា ​តើ​ចំណុច​ខ្សោយ​អ្វី​ខ្លះ ​ដែល​នាំ​ឱ្យគេ​​ចាញ់​ធ្ងន់​ធ្ងរ​បែប​នេះ?​ ខាំ​ ខ្លានាង​​ បាន​ឆ្លើយ​តប​​ថា​៖ «​ខ្ញុំ​ជា​កីឡាករ​ជម្រើស​ជាតិ​គុន​ខ្មែរ ​នៅ​ក្នុង​ប្រភេទ​ទម្ងន់ ​៥១ ​គីឡូក្រាម​ គឺ​ខ្ញុំ​វាយ​ឈ្នះ​សឹង​តែ​រក​គូ​ប្រ​កួត​ក្នុង​ស្រុក​មិន​បាន​ ប៉ុន្តែ​មួយ​រយៈ​នេះ​ ខ្ញុំ​ប្រឹង​ដំឡើង​ទម្ងន់ ​មក​ប្រ​កួត​ក្នុង​ប្រភេទ​ទម្ងន់​ ៥៤ ​គីឡូក្រាម​ គឺ​ទទួល​លទ្ធផល​បរាជ័យ​គួរ​ឱ្យ​​ខ្មាស​គេ​ណាស់​»។

«​មួយ​រយៈ ​ដែលខ្ញុំ​មាន​ឱកាស​បាន​ឡើង​ប្រ​កួត ​ក្នុង​ទម្ងន់​ធ្ងន់​ជាង​មុន ​គឺ​ខ្ញុំ​ធ្វើ​មិន​បាន​ល្អ​សោះ​ ដោយ​​ចាញ់​ប្រៀប​ផ្នែក​កម្លាំង​គេ​ទៀត​ផង​។ ​ខ្ញុំ​​ចាញ់​ចំនួន ​៣ ​ប្រកួត ​​ពិត​ជា​សោក​ស្តាយ​គឺ​ចាញ់​អស់​ចិត្ត​ដូច​ជា​ចាញ់​ ​សែន ​រ៉ាដេត​ និង ចាញ់​ កាន់​ ម៉េង​ហុង ​ត្រឹម​ពិន្ទុ ​ប៉ុន្តែ​ការ​ចាញ់​ ​ពេជ្រ​ ប៊ុនសិដ្ឋ​ នេះ​ គឺ​សន្លប់​ធំ​តែ​ម្តង​។ តែ​​ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​ត្រូវ​ខំហាត់​បន្ត​ ដើម្បី​ប្រកួត​យក​ឈ្នះ​ដៃ​គូ​ស្តារ​មុខ​មាត់​ឡើង​វិញ ​ដោយ​មិន​ទាន់​ហ៊ាន​ចាប់​គូ​ប្រ​កួត​ភ្លាមៗ​នោះ​ទេ​ គឺ​ខំហាត់​ឱ្យ​​ខ្លាំង​សិន»​។​

ចំណែក​លោក​ ពេជ្រ​ សុផាន់​ គ្រូ​បង្វឹក ​ពេជ្រ ​ប៊ុន​សិដ្ឋ បាន​​និយាយ​ថា​៖«​ដូច​ខ្ញុំ​រំពឹង​តាំង​ពី​មុន​ប្រកួត​មកអ៊ីចឹង ​គឺ​ ប៊ុន​សិដ្ឋ​ កណ្តាប់​ដៃ​រហ័ស​ លឿន​ និង​ធ្ងន់ ​ហើយ​មាន​​ចិត្ត​មោះ​មុត​ក្លា​ហាន​ណាស់​ ដោយ​​មាន​កីឡាករ​​ជើង​ចាស់ ​និង​ជើង​ថ្មី​មួយ​ចំនួន ​បាន​ចាញ់​ក្រោម​កណ្តាប់​ដៃ​របស់​គេ​​ច្រើន​មក​ហើយ។ សមត្ថភាព​របស់​ ពេជ្រ ​ប៊ុនសិដ្ឋ​ ក្នុង​ទម្ងន់ ​៥៤ ​គីឡូក្រាម ​ឆ្នាំ ​២០​២២ ​ខាង​មុខនេះ ​ខ្ញុំ​មាន​បំណង​ឱ្យ​​ដាក់​ចូល​ប្រកួត​ប្រជែង​ជើង​ឯក​ជាតិ ​ប្រចាំ​ឆ្នាំ​ដើម្បី​មាន​ចំណាត់​ថ្នាក់​ល្អ អាច​​ចូល​ក្រុម​ជម្រើស​ជាតិ​បាន​»៕​