​ភ្នំពេញៈ អ្នក​ប្រដាល់​ ឯម ​សុធី ​ដែល​រំពឹង​ឈ្នះ​តិច​បំផុត ​តាំង​​ពី​​មុន​ពេល​ប្រកួត​នោះ ​​បែរ​ជា​អាច​បង្កើត​បាន​នូវ​រឿង​ដែល​គ្រប់​គ្នាស្ទើរ​តែ​មិន​ចង់​ជឿ ខណៈ​កីឡាករ​មាន​រហ័ស្ស​នាម «មនុស្សយន្ត» រូប​នេះ ​បាន​ប្រាក់ពេល​មិនដល់​ ២ ទឹក​ពេញ ដើម្បី​ទាត់​ឱ្យអ្នក​ប្រដាល់​សកល​ជម្រើស​ជាតិ ទូច ដេវីត និង​អ្នក​លេងកាំភ្លើង​ភ្លោះ វ៉ាន់ វឿន ខូច​ជើង​​ក្រោម​ដូច​គ្នា ដើម្បី​ឈ្នះ​ប្រាក់​លានជា​លើក​ដំបូង នៅ​លើសង្វៀន​ថោន​នោះ។

ផ្ទុយ​ពីនេះ ​ជើងខ្លាំង ​ឈុត ​សេរីវ៉ាន់​ថង ​ដែល​បាន​តាំង​ចិត្ត​ខ្ពស់ ​បែរ​ជាជួប​​ស៊យ​ធំ ​ដោយ​ប្រ​កួត​ខុស​បច្ចេកទេស​ នៅ​វគ្គ​ជម្រុះ ៣ ទឹក ​នាំ​ឱ្យ​​បាត់​បង់​ឱកាស​ឈ្នះ ​ដោយ​គណៈ​កម្មការ​ប្រកួត​បាន​ពិន័យ​ឱ្យ​​ចាញ់ ​វ៉ាន់ ​វឿន ​ដោយ​ស្វ័យ​ប្រវត្តិ ​ពី​បទ​ល្មើស​វាយ​ដៃ​គូ​ពី​ក្រោយ​ ហើយ​រូបគេក៏​បាន​ប្រកាស​ជា​សាធារណៈសូមទោស​ដល់ វ៉ាន់ វឿន ចំពោះ​កំហុស​អចេតនា​នេះ​ផងដែរ។ ជា​មួយ​គ្នា​នេះ​ កម្ម​វិធី​ទស្សន៍​ទាយ​របស់​​ថោន ពី​ថ្ងៃអាទិត្យ​នោះ ​គឺ​មាន​បង​ប្អូន​មហាជន​ ​បាន​ទស្សន៍​ទាយ​លទ្ធផល​ខុស​ស្រឡះ​ រហូត​ដល់ ​៩៨ ​ភាគ​រយ​ឯណោះ​។

​លទ្ធផល​នេះ​ក៏​អាច​ចាត់​ទុក​ថា ​ជា​សំណាង​របស់​ ឯម​ សុធី​ ផង​ដែរ ​ដោយ​សារ​តែ​ការ​ប្រកួត​វគ្គ​ជម្រុះ​ មាន​ឱកាស​ទាត់​ផ្តួល​កីឡាករ​ ទូច​ ដេវីត ​ឱ្យ​​ចុះ​ចាញ់​ទឹក​ទី​១ ​ហើយ​បន្ត​ឡើង​មក​វគ្គ​ផ្តាច់​ព្រ័ត្រ ​​បាន​ម៉ាត់ និងទាត់​កីឡាករ ​វ៉ាន់ ​វឿន ​ដែល​ទ្រម​ខ្លួន​តាំង​ពី​វគ្គ​ជម្រុះ​ និង​អស់ថា​មពល​ស្រាប់​នោះ ឱ្យ​​ខូចជើងក្រោម នៅ​ក្នុងទឹក​ទី​១ ដូច ទូច​ ដេវីត ដែរ​។​

កីឡាករ វ៉ាន់​ វឿន បាន​​និយាយ​​ក្រោយ​ពេល​ប្រ​កួត​ថា​៖ «​ខ្ញុំ​របួស​ជើង ​និង​ធ្លាក់​កម្លាំង​ជាង​មុនៗ​ បន្ទាប់​ពី​ឈឺ​ខ្លួន​តាំង​ពី​វគ្គ​ជម្រុះ​។ ​ខ្ញុំ​ចាញ់​អស់​ចិត្ត ​គឺ​កម្លាំង​ខ្សោយ​ និង​ឈឺ​ជើង​ផង​ មិន​អាច​ស៊ូ​បាន​ទេ​។ ​​ខ្ញុំ​សុំ​ទោស​បង​ប្អូន ​ដែល​គាំ​ទ្រ​ខ្ញុំ​ ​ព្រោះ​ខ្ញុំ​ប្រឹង​អស់​ពី​សមត្ថភាព​ទៅ​ហើយ​ ពោលគឺ​​មិន​អាច​មើល​ស្រាល​ដៃ​គូ​បាន​ទេ ​ហើយ​កន្លង​មក​ខ្ញុំ​ក៏​ធ្លាប់​ចាញ់​ ឯម សុធី ផង​​ដែរ​។​ ខ្ញុំ​ធ្លាប់​ប្រកួត​កម្ម​វិធី​នេះ​ ៤ ​លើក​ ឈ្នះ​បាន​ប្រាក់​រង្វាន់​​២​លើក និង​​ឈ្នះ​ជើង​ឯក​រង​ ១ ​លើក​ ​តែ​​ចាញ់​លើក​នេះ ​គឺ​វេទនា​តែ​ម្តង»​។​

ចំណែកម្ចាស់ប្រាក់រង្វាន់ ៣,៤ ​លាន​រៀល ឯម​ សុធី​ ​និយាយ​ថា​៖ ​«​ខ្ញុំ​ប្រកួត​បាន ​​៤ ​លើក ​នៅ​សង្វៀន​ថោននេះ ​គឺ​ទើប​តែ​ឈ្នះ​ប្រាក់​លាន​​ពេល​នេះទេ​។ ​​ខ្ញុំ​អរគុណ​ ដែល​បង​ប្អូន​ជួយ​គាំ​ទ្រ​លើក​ទឹក​ចិត្ត​ចំពោះ​ខ្ញុំ​ ហើយ​អរគុណ​ចំពោះ​គ្រូ​បង្វឹក ​និង​ខាង​គណៈកម្មការ​ ដែល​ផ្តល់​ឱកាស​ឱ្យ​​ខ្ញុំ​បាន​ប្រកួត»​៕​