ភ្នំពេញៈ សហព័ន្ធ​កីឡា​​ប្រដាល់សកល​កម្ពុជា បាន​សម្រេចយក​ការប្រកួត​អបអរ​ថ្ងៃ ​៧ ​មករា ឆ្នាំ ​២០២២ ជា​ពេលវេលា ដែល​ត្រូវដាក់​កីឡាករ​ជម្រើស​​ជាតិ ស្ថិតនៅក្នុង​ទម្ងន់​ស្ទួន​គ្នា ឱ្យ​ប្រកួត​គ្នា ដើម្បី​ជ្រើសរើស​អ្នក​ឈ្នះ​ត្រឹម ​១ ​នាក់ ក្នុង ​១ ​ប្រភេទ​ទម្ងន់ ត្រៀម​ចេញទៅ​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​។​

​ជាមួយគ្នានេះ ជើង​ខ្លាំង​ក្នុង​ទម្ងន់​ធ​ម្យ​ម ៦៤ ​គីឡូក្រាម នៅក្នុង​ក្រុម​ជម្រើសជាតិ រួមមាន វី ស​ម្ភ​ស្ស និង ទូច ដេវីត ជាដើម​នោះ នឹងត្រូវ​ដាក់ឱ្យ​ប្រកួត​ជា​​មួយ​កីឡាករ​បរទេស នៅក្នុង​ថ្ងៃ​ ៧ ​មករា នោះដែរ ដើម្បី​ដកស្រង់យក​បទពិសោធ​បន្ថែម ទៅលើ​ការប្រកួតប្រជែង​គ្នា​ឯក ក្នុងការ​ប្រកួត​ជើងឯក​ប្រា​ក់លាន នៃ​កម្មវិធី Ultimate Boxing Championship ឆ្នាំ​ ២០២១ ដែល​ទើបបាន​បញ្ចប់ កាលពីពេល​ថ្មី​នេះ ដោយ​ក្នុងនោះ វី ស​ម្ភ​ស្ស បាន​បន្ត​យកឈ្នះ ទូច ដេវីត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​​ប្រដាល់សកល​កម្ពុជា ប្រាប់ថា​សម្រាប់​ការប្រកួត ដើម្បី​រំឭក​អប​​អរសាទរ​ខួប​ថ្ងៃ ​៧ មករា ឆ្នាំ ​១៩៧៩ និង​ឆ្នាំ​ ២០២២​ នេះ​ សហព័ន្ធបានរៀបចំ​ការប្រកួត​សម្រាប់​ក្រុម​ជម្រើសជាតិ​ប្រដាល់​​សកល​កម្ពុជា ដោយ​ក្នុងនោះ មានការ​ប្រកួត​ជម្រុះ​ជ្រើសរើស​បេក្ខភាព​កីឡាករ ដែលមាន​ទម្ងន់​ជាន់គ្នា (​ស្ទួន​) ដើម្បី​ជម្រើស​យក​ជា​កីឡាករ​ត្រៀម​សម្រាប់​ទៅ​ចូលរួម​ប្រកួត​ព្រឹត្តិ​​ការណ៍​កីឡា​ស៊ី​ហ្គេម នៅ​វៀត​​ណា​ម ឆ្នាំ ​២០២២​។​

​បន្ថែម​ពីលើ​នេះ​យើង​រៀបចំ​ការប្រកួត​ជា​មិត្តភាព​អន្តរជាតិ ដោយ​អញ្ជើញ​កីឡាករ​មកពី​ប្រទេសជិតខាង​ដូចជា​វៀត​​ណា​ម និង​កីឡាករ​មកពី​ប្រទេស​ថៃ ដើម្បី​ដកស្រង់​បច្ចេកទេស ដោយ​ការប្រកួត​នេះ នឹងធ្វើ​នៅ​ក្លិប​នាយកដ្ឋានអង្គរក្ស ឫស្សីកែវ​រាជធានី​ភ្នំពេញ​របស់ លោក ស៊ន អេ​លី​ត ដែលជា​ទីតាំង​មាន​ស្រាប់​។ លោក ប៊ុ​យ សុ​ភ័​ណ្ឌ បាន​ប្រាប់​បន្ថែម​។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ ប្រាប់ទៀតថា ចំណែក​ការរៀបចំ​ប្រ​កួត​នេះ អាច​មិនទាន់​ផ្គូ​ផ្គូ​ង​បាន​រួចរាល់​នៅឡើយ គឺ​ក្នុង​រង្វង់​ចាប់​ពី ​៥ ​គូ​ឡើងទៅ ក្នុងនោះ​មាន​កីឡាករ​ជាន់​ទម្ងន់​គ្នា​ដូចជា​ប្រភេទ​ទម្ងន់ ​៥៤ ​គីឡូក្រាម និង​ ៦៩ ​គីឡូក្រាម ចំណែក​ទម្ងន់​ ៦៤ ​គីឡូក្រាម យើង​ត្រៀម​ប្រកួត​ជា​មួយ​កីឡាករ​មកពី​បរទេស ហើយ​យើង​នឹង​ទទួលបាន​ការជួយឧបត្ថម្ភ​តាមរយៈ​លោក មាស សា​រ៉ាវុធ ដែល​សហការ​ជាមួយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នៃ​អគ្គ​ស្នង​​ការ​នគរបាលជាតិ​ក​ម្ពុ​ជា​។​

​លោក​បញ្ជាក់ថា​៖ «​ទោះ​ជាមាន​បញ្ហាលំបាក​ខ្លះ ក្នុងការ​​ស្វែងរក​ការគាំទ្រ​ពី​វិស័យ​ឯកជន ប៉ុន្តែ​យើង​នឹង​រៀបចំ​ការប្រកួត​នេះ ទៅតាម​ធនធាន ដែលមាន ដោយ​មិនទាន់​ដឹងថា ធ្វើជា​លក្ខណៈ​ធំ ឬ​តូច​មធ្យម​នោះឡើយ ក្នុងនោះដែរ យើង​នឹងធ្វើ​សកម្មភាព​កីឡា​បន្ថែមទៀត ជា​លក្ខណៈ​សប្បាយៗ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ នៅ​ថ្ងៃ​ជ័យជម្នះ​ ៧ ​មករា​»៕