​ភ្នំពេញៈ ប្រធាន​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ី​អាគ្នេ​យ៍ លើក​ទី​៣២ ឆ្នាំ ​២០២៣ (CAMSOC) និង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ បាន​ត្រួតពិនិត្យ​វាយតម្លៃ​ទៅលើ​របៀបវារៈ និង​ពិធីការ​ផ្សេងៗ នៅក្នុង​អង្គប្រជុំ​របស់ CAMSOC កាលពី​ថ្ងៃ​អង្គារ ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ភាព​រៀបរយ​ល្អ មុននឹង​ពិធី​សម្ពោធ​ផ្លូវការ​នៅ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ «​វិមាន​​កីឡដ្ឋាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​» នា​ថ្ងៃទី ​១៨ ខែ ធ្នូ ឆ្នាំ ​២០២១ ខាងមុខនេះ​។​

​ក្រុម​ជំនាញ​គ្រប់ផ្នែក​ទាំងអស់​របស់ CAMSOC ព្រមទាំង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត បាន​យកចិត្តទុកដាក់​ខ្លាំង ដោយបាន​ហាត់​សម ទៅតាម​ជំនាញ រៀងៗ​ខ្លួន ដើម្បី​ត្រៀម​នៅក្នុង​ពិធី​​សម្ពោធ​នេះ ព្រោះ​វា​ជា​ពិធី​ដ៏​ធំ ដែល​នឹងត្រូវ​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមទាំង​មហាជន​ចំនួន​ ១៥ ០០០ ​នាក់ រួមទាំង​ព្រះសង្ឃ​ចំនួន ​៨០ ​អង្គ​ផងដែរ​។​

​នៅក្រោយ​កិច្ចប្រជុំ​នោះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​សម្តេច​ពិជ័យ​​សេនា ទៀ បាញ់ បាន​ត្រួតពិនិត្យ​វាយ​​តម្លៃ​ខ្ពស់ ចំពោះ​គម្រោង​របៀបវារៈ​ពិធី​​ការ ក្នុង​ថ្ងៃ​សម្ពោធ​ទី​ ១៨ ខែ ធ្នូ ឆ្នាំ ​២០២១ និង​បាន​អនុញ្ញាតឱ្យ​ប្រារព្ធ​ពី​ធី​សាកល្បង​ចំនួន ​២ ​លើក គឺ​នៅ​ថ្ងៃទី​ ១៤ និង​ថ្ងៃ​ ១៧ ខែធ្នូ ដើម្បី​ឱ្យមាន​លក្ខណៈ​រលូន​ស័ក្តិសម ទៅនឹង​ព្រឹត្តិ​ការណ៍​ដ៍​ធំ​ជា​ប្រវត្តិសាស្ត្រ​នេះ​»​។​

​លោក ចំរើន បន្ថែមថា​៖ «​ខ្លឹមសារ​សំខាន់ គឺ​បានកំណត់​អ្នកចូលរួម មាន​កងកម្លាំងប្រដាប់អាវុធ នគរបាល កង​​ទ័ព និង​មហាជន សិល្បករ កីឡាករ កីឡាការិនី មន្ត្រីរាជការ​គ្រប់ផ្នែក ចំនួន​ ១៥ ០០០ ​នាក់ និង​បន្ថែម​ព្រះសង្ឃ​ចំនួន ​៨០ ​អង្គ​ទៀត​។ នៅក្នុង​ពិធី​នោះដែរ អ្នកចូលរួម​ទាំងអស់ ត្រូវដាក់​ឱ្យធ្វើ​តេស្ត​កូ​វីដ ​១៩ ​ទាំងអស់ ព្រមទាំង​ហាត់​សម​ឱ្យ​បានល្អ​ជាមុន ចំនួន​ ២​ លើក របស់​ក្រុម​សិល្បៈ​សម្តែង​បទ​​ចម្រៀង​មិត្តភាព​ចិន និង​ក្រុម​អត្ត​ព​លិ​ក​សម្តែង​តាម​ប្រភេទ​កីឡា គឺ​ហ្វឹកហាត់​សមនៅ​ថ្ងៃទី ​១៤ មួយ​លើក និង​នៅ​ថ្ងៃទី​ ១៧ ខែធ្នូ ១ ​លើក​ទៀត​»​។​

​លោក​បាន​ប្រាប់ទៀតថា អ្វីដែល​សំខាន់​សម្រាប់​ជម្រាបជូន​មហាជន គឺ​គណៈកម្មាធិការ​ជាតិ CAMSOC និង​សាលា​រាជធានី​ភ្នំពេញ នឹង​បិទផ្លូវ​ទាំងស្រុង ដែល​ស្ថិត​លើ​ផ្លុ​វ​ជាតិ​លេខ​ ៦ ចាប់ពី​ចំណុច​នៅ​ភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រហូតដល់​ចំណុច​គល់ស្ពាន​។​

​ជាមួយគ្នានេះ ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀប​​រៀបរយ​ជា​សាធារណៈ​ពិសេស​ដើម្បី​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាចរ​ណ៍ដ​ល់បង​ប្អូន​ប្រជាពលរដ្ឋ​នោះ ម្ចាស់ការ​​ដ្ឋា​ន​សំណង់​នានា ម្ចាស់​អាជីវកម្ម​ក្រឡុក​ស៊ីម៉ងត៍ ម្ចាស់​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ ព្រមទាំង​រថយន្តឈ្នួល​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​គ្រប់​ប្រភេទ ហាម​ធ្វើចរាចរ​ឆ្លងកាត់​កំណាត់​ផ្លូវ​នេះ​។​

​បើតាម​លិខិត​ជូនដំណឹង បានឱ្យដឹងថា ចាប់តាំងពី​មហាវិថី​ឈ្នះ​ឈ្នះ ពី​គល់ស្ពាន​ព្រែក​ព្នៅ​រហូតដល់​ផ្លូវជាតិ​លេខ​ ៦ ចាប់ពី​វេលា​ម៉ោង​ ៥ និង​ ០០ ​នាទី រហូតដល់​បញ្ចប់​កម្ម​វិធី ត្រូវបាន​បិទ ហេតុនេះ​ចំពោះ​រថយន្ត​ធុន​ធំ រថយន្ត ដឹកទំនិញ និង​រថយន្ត​ទេសចរណ៍ ដែល​ធ្វើចរាចរ​តាមផ្លូវ​ជាតិ​លេខ​៥ ដែល​ត្រូវ​ឆ្លងទៅ​ផ្លូវជាតិ​លេខ​ ៦ និង​ពី​ផ្លូវជាតិ​លេខ​ ៦ ឆ្លង​មក​ផ្លូវជាតិ​លេខ​ ៥ ត្រូវ​ពង្វៀង​ចរាចរណ៍ ឆ្លងកាត់​តាម​ស្ពាន​ព្រែក​ក្តាម​វិញ​៕