ភ្នំពេញ​: ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើង​​ឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​ ២០២១ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ​២៥ ខែធ្នូ ត្រូវបាន​ពន្យារពេល និង​បន្ត​ទទួល​ចុះឈ្មោះ រហូតដល់​ថ្ងៃទី​ ៣១ ខែធ្នូ ហើយ​បានកំណត់​យក​កាលបរិច្ឆេទ​ថ្មី នា​ថ្ងៃទី​ ១១ ដល់​ថ្ងៃទី ​១៣ ខែ មករា ឆ្នាំ ​២០២២ នៅ​ខេត្តសៀមរាប​វិញ ខណៈដែល​ការប្រកួត​នេះ មានការ​បើកទូលាយ​គ្រប់​មជ្ឈដ្ឋាន និង​មាន​ទិសដៅ​ធំ ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ ​២០២២ នៅ​វៀតណាម និង​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន លោក នូ ចំរើន បាន​ប្រាប់ កាលពី​ថ្ងៃ​ពុធ​ថា​៖ «​សហព័ន្ធបាន​លើក​ពេល​ការប្រកួត​កីឡា​ទោច​ក្រ​​យាន​ជ្រើសរើស​ជើងឯក​ថ្នាក់​​ជាតិ ដោយសារ​ទីលាន​ប្រកួត​​ប្រជែង​ជំនាញ​កម្រិត​ខ្ពស់ ទាំង​កង់​គួ​ក និង​កង់​ភ្នំ មិនទាន់​រៀបចំ​រៀបរយ តាម​បច្ចេកទេស​រួចរាល់ និង​ទាន់ពេលវេលា ហេតុនេះ​យើង​មិនទាន់​អាចធ្វើ​បានទេ ព្រោះ​ព្រឹត្តិការណ៍​នេះ ធ្វើឡើង​ដើម្បី​ត្រៀម​ឆ្ពោះទៅ​គោលដៅ​ស៊ី​ហ្គេម ២ ​លើក​ចំពោះមុខ ដែល​តម្រូវ​រៀបចំ​ឱ្យបាន​រលូន​តាម​បច្ចេកទេស​»​។​

​លោក​បន្ថែមថា​៖ «​សម្រាប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ យើង​បើក​យ៉ាង​ទូលាយ សម្រាប់​កីឡាករ-កីឡាការិនី ទាំង​ប្រភេទ​កង់​គួ​ក និង​កង់​ភ្នំ អ៊ីចឹង​ការប្រកួត​នេះ យើង​សម្រួច​ទៅ​ជំនាញ​ក្នុង​កម្រិត​ខ្ពស់ ដើម្បី​វាស់​ស្ទង់​សមត្ថភាព​កីឡាករ​-​កីឡាការិនី​ជម្រើស​ជាតិ​ផង និង​ផ្តល់ឱកាស​ជូន​ដល់​កីឡាករ​-​កីឡាការិនី មកពី​បណ្តា​ក្លិប​-​សមាគម​ទូទាំងប្រទេស ដើម្បី​បាន​បញ្ចេញ​សមត្ថភាព​ផង ពោលគឺ​គ្រប់​មជ្ឈដ្ឋាន​។ នេះ​ជា​ផែនការ​គោលដៅ​របស់​ស​ហ​ព័ន្ធ ដើម្បី​សម្រិតសម្រាំង​យក​កីឡាករ​កីឡាការិនី ដែលមាន​សមិទ្ធផល​ខ្ពស់ៗ ទុក​ត្រៀម​ហ្វឹកហាត់​បំប៉នបន្ថែម សម្រាប់​ស៊ី​ហ្គេម​នៅ​ខែឧសភា ឆ្នាំ​ ២០២២ នៅ​ប្រទេស​វៀតណាម និង​ត្រៀម​ស៊ី​ហ្គេម លើក​ទី​៣២ ក្នុង​ឆ្នាំ ​២០២៣ នៅ​កម្ពុជា​»​។​

​គិត​ត្រឹម​ពេលនេះ ការរៀប​ចំឈ្មោះ​ប្រកួត ទាំង​ប្រភេទ​កង់​​គួ​ក និង​កង់​ភ្នំ ទើបតែ​ទទួល​​បាន​ជាង ១០ ​នាក់​ទេ ខណៈ​ក្រុម​ជម្រើសជាតិ សរុប​ទាំង​បេក្ខភាព​បម្រុង​ផង​នោះ ទើប​​តែ​បាន ២០ ​នាក់ ហើយ​ការ​​ប្រកួត​ថ្នាក់ជាតិ​នេះ ធ្វើឡើង ក្រោម​គម្រោង​ជំនួយ​ឧបត្ថម្ភ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ បន្ថែម​លើ​នេះ​ទៀត សហព័ន្ធ​ខ្មែរ​កីឡា​ទោច​ក្រ​-​យាន បាន​សហការ​ជាមួយ​សាលាខេត្ត​សៀមរាប និង​ក្លិប​ម៉ូតូ​ប៊ី​អឹម​ដាប់​ប៊​ល​យូ​កម្ពុជា ដោយ​រំពឹងថា នឹង​រៀប​ចំការ​​ប្រកួតប្រជែង​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ ​២០២១ នេះ ឱ្យ​បានល្អ​ផ្តាច់​ឆ្នាំមុនៗ​។​

​ចំពោះ​វិញ្ញាសា ដែល​ត្រូវ​ដាក់ឱ្យ​ប្រកួត​នេះ គឺ​ប្រភេទ​កង់​គួ​ក (Road Bike) មានការ​ប្រកួត​ក្រុម​ថ្នាល​បុរស អាយុ​ក្រោម ​១៨ ​ឆ្នាំ (Man Junior Road Bike) ក្រុម​បុរស ដែល​កម្រិត​ជំនាញ​ខ្ពស់ អាយុ ១៨​ ឆ្នាំ​ឡើង (Man Elite Road Bike) និង​ក្រុម​បុរស​កម្រិត​ជំនាញ អាយុ ៤០ ​ឆ្នាំ​ឡើង (Man Master Road Bike)​។ ចំណែក​ប្រភេទ​កង់​ភ្នំ (Mountain Bike) មានការ​ប្រកួត សម្រាប់​ក្រុម​បុរស​កម្រិត​ថ្នាល ក្រុម​បុរស​កម្រិត​ជំនាញ​ខ្ពស់ ក្រុម​បុរស​កម្រិត​ជំនាញ និង​ការប្រកួត​ក្រុម​នារី (Women Mountain Bike)​។​

​ចំណែក លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​ប្រាប់ថា​៖ «​កីឡា​ប្រណាំង​កង់ ក៏បាន​ចាត់ទុកថា ជា​ប្រភេទ​កីឡា​ជំនាញ និង​ទេសចរណ៍​ផងដែរ ហេតុនេះ ការរៀបចំ ត្រូវតែមាន​ភាព​ប្រយ័ត្នប្រយែង និង​គោរព​តាម​គោលការណ៍​ស្តង់ដា​អន្តរជាតិ ឱ្យបាន​ល្អ​រលូន ដើម្បី​ជា​គំរូ ក្នុង​គោល​​បំណង​ឆ្ពោះ ទៅកាន់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​ ២០២៣ ដែល​កម្ពុជាធ្វើជា​ម្ចាស់ផ្ទះ​»៕