​ភ្នំពេញ​: គ្រូ​ប្រដាល់ លោក ស៊ន អេ​លី​ត និង​លោក ធី ណា​រិ​ទ្ធ សុទ្ធតែ​បាន​សម្ញែង​ភាពខ្លាំង​ទៅលើ​សិស្ស​របស់ខ្លួន អេ​លី​ត ភក្តី និង នៅ ដា​រ៉ូ រៀងៗ​ខ្លួន នៅពេល​អ្នក​ទាំង ​២ ត្រូវបាន​ដាក់ឱ្យ​ប្រកួត​ដណ្តើម​ប្រាក់​លាន ក្នុង​កម្មវិធី ONESTRIKE មាន​ត្រឹម ​២ ​ទឹក មាន​រយៈពេល​ ១៤ ​នាទី នៅ​សង្វៀន PNN ថ្ងៃអាទិត្យ​នេះ​។​

​បើ​ទោះ​អ្នក​ទាំង​ ២ នេះ មិន​ធ្លាប់​ជួប​ប្រកួត​គ្នា​កន្លងមក ប៉ុន្តែ​សម្រាប់​ការ​ប៉ះគ្នា នៅក្នុង​កម្មវិធី​ដ៏​ប្លែក​របស់​សង្វៀន PNN លើក​នេះ លោកគ្រូ​បង្វឹក ដែលមាន​បទពិសោធ​ទាំង​ ២ គឺ​លោក ស៊ន អេ​លី​ត និង លោក ធី ណា​រិ​ទ្ធ សុទ្ធតែ​អះ​​អាង និង​បង្ហាញ​ភាពជឿជាក់ លើ​សមត្ថភាព​សិស្ស​របស់ខ្លួន​និង​សង្ឃឹម​ឈ្នះ​ខ្ពស់​ដូចគ្នា​។​

​លោក ស៊ន អេ​លី​ត គ្រូបង្វឹក អេ​លី​ត ភក្តី បាន​និយាយថា​៖ «​កីឡាករ អេ​លី​ត ភក្តី កំពុង​ហ្វឹកហាត់​ត្រៀម​បានល្អ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ដ៏​ប្លែក និង​ទាក់ទាញ​មួយ​នេះ ហើយ​ខ្ញុំ​គិតថា វា​មាន​ភាគរយ​ឈ្នះ​ខ្ពស់ ព្រោះ​តាមរយៈ​ការ​ហ្វឹក​​ហាត់ និង​បំប៉នកម្លាំង គឺអាច​ធានាបាន​នូវ​ការប្រកួត​ល្អ និង​សង្ឃឹម​ជឿជាក់ថា នឹងមាន​ភាគរយ​ឈ្នះ​ខ្ពស់ គឺ​ដល់​ទៅ​ ៨០ ​ភាគរយ​ឯណោះ​»​។​

​លោក ស៊ន អេ​លី​ត បាន​បន្ថែមថា​៖ «​ការប្រកួត​មួយ​​រយៈ​ចុង​ក្រោយនេះ វា​ជួប​បញ្ហា​ខ្លះ មិនសូវ​ល្អ ជាពិសេស​ប្រកួត​ចុងក្រោយ នៅ​សង្វៀន​បាយ័ន ដោយមាន​ប្រៀប​លើ​ដៃគូ​ហើយ តែ​គេ​ចាប់កំហុស​ពិន័យ​ឱ្យ​ចាញ់​ទៅវិញ​។ តែ​ទោះបីជា​យ៉ាងណា សម្រាប់​ការ​ប៉ះ​ជាមួយ នៅ ដា​រ៉ូ លើក​នេះ ខ្ញុំ​ជឿជាក់ថា ឈ្នះ​»​។​

​ចំណែក​លោក ធី ណា​រិ​ទ្ធ គ្រូ​​បង្វឹក​របស់ នៅ ដា​រ៉ូ ប្រាប់ថា​៖ «​មួយរយៈ​នេះ ដា​រ៉ូ កំពុង​ហ្វឹក​​ហាត់​បានល្អ​ណាស់​។ សម្រាប់​ការជួប​ប្រកួត​នៅ PNN ក្នុង​សប្តាហ៍​នេះ គឺ​ត្រៀម​បានល្អ ដោយ​មិន​បារម្ភ​ពី​ការ​ចាញ់​ទេ ខណៈ​កន្លងមក ទាំង ២​ នាក់ មិន​ធ្លាប់​ជួបគ្នា​ឡើយ​»​។​

​លោក​បាន​បន្ថែមទៀតថា​៖ «​ប្រសិនបើ​និយាយ​ពីបទ​ពិសោធ​ឡើង​សង្វៀន​វិញ នៅ ដា​រ៉ូ របស់ខ្ញុំ ទោះ​មិន​ធ្លាប់​ចូល​លេង​ខ្សែក្រវាត់ និង​មិន​ធ្លាប់​ឈ្នះ​ពាន ប៉ុន្តែ​ការប្រកួត​ម្តងៗ គឺ​វាយ​អស់ពី​សមត្ថភាព មិនដែល​ទទួល​ការព្រមាន​ម្តងណា​ឡើយ​។ ខ្ញុំ​គិតថា វា​មាន​ស្នៀត​ទាត់ និង​ជង្គង់​ល្អ ចំណែក​កណ្តាប់ដៃ​ក៏​ប្រើ​បាន​ផល​ល្អ​ដែរ ហេតុនេះ ខ្ញុំ​មាន​ទំនុកចិត្ត​ឈ្នះ អេ​លី​ត ភក្តី ដល់​ទៅ​ ៩០ ​ភាគរយ​ឯណោះ​»៕