ភ្នំពេញៈ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឈានដល់ការចាប់ដៃសហការជាមួយទូរទស្សន៍ជាតិកម្ពុជា (TVK ឬ ទទក) បើកឱ្យមានការប្រកួតប្រដាល់គុនខ្មែរ មួយសង្វៀនទៀត បន្ថែមទៅលើសង្វៀនប្រដាល់ឯកជន នៅតាមស្ថានីយទូរទស្សន៍បាយ័ន CNC ថោន និងសង្វៀន PNN ដែលមានការប្រកួតពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ នៅរៀងរាល់សប្តាហ៍។
យ៉ាងណាមិញ ចំពោះសង្វៀនថ្មី ដែលមានឈ្មោះថា «ការប្រកួតប្រដាល់ TVK Fighter» ត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ពោលគឺបានចាប់ផ្តើមការប្រកួតនៅថ្ងៃនេះតែម្តង នៅស្ទូឌីយោទស្សន៍ជាតិកម្ពុជា ក្នុងក្រសួងព័ត៌មាន រាជធានីភ្នំពេញ ដោយមានការផ្សាយផ្ទាល់ ពីវេលាម៉ោង៤ ដល់ម៉ោង៦។
អ្នកគ្រប់គ្រងកម្មវិធីប្រកួតនេះ មិនអាចទំនាក់ទំនងបានទេ ប៉ុន្តែ លោក ស៊ន អេលីត ដែលធ្លាប់សហការពីដំបូង ជាមួយទូរទស្សន៍ជាតិកម្ពុជា បានប្រាប់ថា កន្លងមក ក្រុមការងាររៀបចំជាមួយលោក ធ្លាប់អញ្ជើញទូរទស្សន៍ទទក មកផ្សាយផ្ទាល់ ក្នុងកម្មវិធីប្រកួតគុនខ្មែរអលស្តារ ដោយមានការចាប់អារម្ភខ្លាំង និងមានអ្នកចូលមើលតាមហ្វេសប៊ុកច្រើន ប៉ុន្តែឥឡូវពួកគេ ទៅរៀបប្រកួតនៅទទកតែម្តង។ លោកបញ្ជាក់ថា៖«នេះជាកម្មវិធីផ្សេង ដែលគេរៀបចំបែកចេញពីគម្រោង គុនខ្មែរអលស្តាររបស់ខាងខ្ញុំ»។
ចំណែកលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលទើបទទួលបានការគាំទ្រឱ្យបន្តធ្វើជាប្រធានថ្មី បានប្រាប់ថា៖ «ពិតជាមានបើកការប្រកួត នៅទូរទស្សន៍ជាតិមែនហើយខាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅតែគាំទ្រចូលរួម សហការខាងបច្ចេកទេសជូន ប៉ុន្តែយើងទើបតែចាប់ផ្តើម មិនទាន់បានរៀបរយល្អនៅឡើយទេ»។
ជាមួយគ្នានេះ លោក និន វណ្ណដា អ្នកកាន់កម្មវិធីប្រដាល់របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ថា៖ «គេរៀបចំគូប្រកួតហើយ ប៉ុន្តែខាងខ្ញុំ មិនទាន់ជាអ្នករៀបរយលើការងារនេះនៅឡើយទេ តែឃើញមានឈ្មោះកីឡាករល្អៗដែរ»៕