​ភ្នំពេញៈ អ្នក​ប្រដាល់​ជំនាញ​ស្នៀត​ទាត់​ធ្ងន់ៗ គង់ សំបូរ របស់​ក្លិប​គោព្រៃ ដែល​កំពុង​ឡើង​ជើង​ខ្លាំង ដោយបាន​ឈ្នះ​ចំនួន ​១២ ​ប្រកួត​ជាប់ៗ​គ្នា​នោះ មានការ​សង្ឃឹមថា រូបគេ​អាច​នឹងធ្វើ​បានសម្រេច សម្រាប់​ការឈានទៅរក​ការ​ឈ្នះ​ប្រា​ក់លាន សម្រាប់​ការចូលរួម​ប្រកួត​ដណ្តើម​ប្រា​ក់លាននៅ​សង្វៀន​ថោ​ននៅ​ថ្ងៃអាទិត្យ ខណៈ​បេក្ខភាពជា​ដៃគូ​ប្រកួតប្រជែង​៣​នាក់​ទៀត មាន​អ្នកលេង​កណ្តាប់ដៃ អេ​លី​ត មករា​, រឿន ប៊ុន​រួន (​សេក គឹម​រួន​) និង រិ​ន សា​រ័ត្ន សុទ្ធតែ​មានការ​​ញញើត និង​បារម្ភ​ទៅលើ​ស្នៀត​​ទាត់​របស់ គង់ សំបូរ​។​

​តាមពិត គង់ សំបូរ ធ្លាប់បាន​ដាក់ឱ្យ​ចូលរួម​ការប្រកួត​ម៉ា​រ៉ា​​តុង​ដណ្តើម​ប្រាក់​លាន​នេះ ចំនួន​ ៥ ​លើក​ហើយ ប៉ុន្តែ​រូបគេ​មិនដែល​ឈ្នះ​បាន​ប្រា​ក់លាន​ម្តងណា​ឡើយ ចំណែក​បេ​ក្ខ​ភាព​៣​នាក់​ទៀត ក៏​សុទ្ធតែ​ធ្លាប់បាន​ចូលរួម​កម្មវិធី​នេះ​ដូចគ្នា ហើយ​បាន​ចាញ់​ដូចគ្នា ចំណែក​ការប្រកួត​លើក​នេះ គង់ សំបូរ ហាក់​មាន​ភាគ​​រយ​ខ្ពស់​ជាងគេ ហើយ​បេ​ក្ខ​​ភាព​៣​នាក់​ទៀត ពិសេស សេក គឹម​រួន និង អេ​លី​ត មករា សុទ្ធតែ​បារម្ភ​នឹង គង់ សំបូរ​។​

​គង់ សំបូរ បាន​និយាយថា​៖ «​នៅក្នុង​ចំណោម​បេក្ខភាព​៣​នាក់​ទៀត ដែល​ត្រូវ​ចាប់ឆ្នោត​ប្រកួត​គ្នា​នេះ ខ្ញុំ​ធ្លាប់​ចាញ់ និង​ធ្លាប់​ឈ្នះ​ភាគច្រើន ហើយ​សម្រាប់​ការប្រកួត​លើក​នេះ ខ្ញុំ​មាន​ទំនុកចិត្ត​ឈ្នះ​ខ្ពស់ គឺ​ខ្ញុំ​រំពឹង​ឈ្នះ ​៩០ ​ភាគរយ ប៉ុន្តែ​វា​អាច​លំបាក​បន្តិច ពីព្រោះ​កណ្តាប់ដៃ និង​ស្នៀត​របស់​ពួកគាត់​ទាំង ​៣ គឺ​ធ្ងន់ៗ និង​រឹងមាំ​ដូចគ្នា បើ​មិន​ប្រយ័ត្ន​ក៏​អាច​ចាញ់​បានដែរ​»​។​

​ចំណែក សេក គឹម​រួន បាន​និយាយថា​៖ «​ខ្ញុំ​ហ្វឹកហាត់​ពេញ​ល្អ ប៉ុន្តែ​សម្រាប់​ការជួបគ្នា​លើក​នេះ ខ្ញុំ​បារម្ភ​ខ្លាំង ប្រសិន​ចាប់ឆ្នោត​ប៉ះ គង់ សំបូរ តែបើ​ជួប រិ​ន សា​រ័ត្ន និង អេ​លី​ត មករា មិនសូវ​បារម្ភ​ទេ ហេតុនេះ​ខ្ញុំ​សង្ឃឹម​ឈ្នះ​ត្រឹម ​៥០ ​ភាគរយ​ប៉ុណ្ណោះ​»​។​

​កីឡាករ​ដែល​បាន​រីក​ដុះ​ដាល ដោយសារ​ការប្រកួត​វា​យ​ដាក់​ទ្រុង MMA រិ​ន សា​រ័ត្ន ក៏​ជា​ជើង​ខ្លាំង​លំដាប់​ល្អ​ម្នាក់ ប៉ុន្តែ​អ្នក​ប្រយុទ្ធ​មិនសូវ​ចេះ​មាត់ក​ម្នាក់នេះ មិនសូវ​ហ៊ាន​អួត​មុន​ការប្រកួត​នោះទេ ហើយ​​ក៏​ហាក់​ញញើត​នឹង គង់ សំបូរ ដែរ​។ រិ​ន សា​រ័ត្ន បាន​ប្រាប់​យ៉ាងខ្លី​ថា​៖ «​ខ្ញុំ​រំពឹង​តែ ​៦០ ​ភាគរយ​ប៉ុណ្ណោះ​»​។​

​ចំពោះ អេ​លី​ត មករា បាន​និយាយថា​៖ «​ខ្ញុំ​ញញើត​ក្បាច់​ទាត់​របស់ គង់ សំបូរ គឺ​លំបាក​ប្រកួត ប៉ុន្តែ​ធានា​វ៉ៃ​ឱ្យ​ល្អ និង​សង្ឃឹម​ឈ្នះ ​៨០ ​ភាគរយ​។ ចំពោះ​វត្តមាន​កីឡាករ​២​នាក់​ទៀត​មាន​កីឡាករ រិ​ន សា​រ័ត្ន និង សេក គឹម​រួន ខ្ញុំ​មិន​ព្រួយ​ទេ អាច​ទប់ទល់​បាន​»​។​

​ជាមួយគ្នានេះ លោក ស៊ន អេ​លី​ត ដែលជា​គ្រូបង្វឹក​របស់​អេ​លី​ត មករា បាន​អះអាងថា​៖ «​ខ្ញុំ​មើលឃើញថា កីឡាករ គង់ សំបូរ ល្អ​ខ្លាំង​មួយរយៈ​នេះ ប៉ុន្តែ​បើ​ចូល​កៀក កណ្តាប់ដៃ​របស់ អេ​លី​ត មករា អាច​ផ្តួល​បាន ហេតុនេះ​ខ្ញុំ​គិតថា មករា មានប្រៀប​ឈ្នះ​ខ្ពស់ ប្រសិនបើ​ចូល​កៀក​បាន និង​មានឱកាស​ប្រើ​កណ្តាប់ដៃ​»៕