​ភ្នំពេញ​: លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ត្រូវបាន​សាងសង់ឡើង​ប្រកបដោយ​គុណភាព ជាមួយ​បច្ចេកវិទ្យា​ដ៏​ទំនើប​តាម​ស្តង់ដា​អន្តរជាតិ​នោះ ជា​ជំនួយឥតសំណង​ដ៏​ធំជាងគេ​របស់​ចិន បានផ្តល់​មកឱ្យ​កម្ពុជា ហើយ​លោក​បាន​បញ្ជាក់ថា សមិទ្ធផល​នេះ វា​មិនមែន​កើតឡើង​ដោយ​ចៃដន្យ ដោយ​គ្មាន​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង ​២ ដែល​បានចាប់ផ្តើម​តាំងពី​ព្រះ​បរម​រតន​​កោដ្ឋ សម្តេច​ព្រះបាទ នរោត្តម សីហនុ នោះទេ​។​

​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​វិមាន​កីឡដ្ឋាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹង​រាប់​ថយក្រោយ ៥០២ ​ថ្ងៃ និង​បើក​យុទ្ធនាការ​​ជាតិ​ផ្សព្វផ្សាយ​ស៊ី​ហ្គេម​-​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា កាលពី​ថ្ងៃ​សៅរ៍ កន្លងមកនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​ការ​អរគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន ដែល​បាន​ផ្តល់ជំនួយ​ឥត​​សំណង ដើម្បី​សាងសង់​បាន​នូវ​វិមាន​​កីឡដ្ឋាន​ដ៏​ធំ​ស្កឹមស្កៃ សម្រាប់​កម្ពុជា ប្រើប្រាស់ត្រៀម​ទៅធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម នៅ​ឆ្នាំ​ ២០២៣​។​

​នៅ​ចំពោះមុខ​លោក វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជា​​មានិត​ចិន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​យក​ឱកាស​នេះ សម្តែង​នូវ​ការ​អរគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន ដែល​បាន​ផ្តល់ជំនួយ​ឥត​​សំណង​មកឱ្យ​កម្ពុជា ហើយ​ដែល​យើងទាំងអស់គ្នា មិនមែន​យល់សប្តិ ព្រោះនេះ​ជា​ពហុ​កីឡដ្ឋាន​ជាតិ ដែល​យើងទាំងអស់គ្នា បាន​ប្រឹងប្រែង​កសាងឡើង ក្រោម​ជំនួយឥតសំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​»​។​

«​ខ្ញុំ​ពិតជា​មាន​មោទនភាព ដែល​នេះ​ជា​សមិទ្ធផល​នៃ​ផ្លែផ្កា នៅក្នុង​ទំនាក់​​ទំនង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​កម្ពុជា ហើយ​ខ្ញុំ​សូម​យក​ឱកាស​នេះ ថ្លែងអំណរគុណ​ជូន​ចំពោះ​ព្រះ​វិញ្ញាណ​​ក្ខ​ន្ធ​របស់​ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បានចាប់ផ្តើម​បង្កើត​ទំនាក់​ទំនង​ការទូត ជាមួយ​សាធារណរដ្ឋ​​ប្រជាមានិត​ចិន​។ នោះ ​គឺជា​ការចាប់​​ផ្តើម​នៅ​សម័យកាល​ថ្មី​មួយ សម្រាប់​ទុកជា​កេរ​មរតក​នៃ​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ ២ មកដល់​អ្នកជំនាន់ក្រោយ អ៊ីចឹង​ដៃគូ​របស់​យើង បានផ្តល់ (​វិមាន​កីឡដ្ឋាន​) ឱ្យ​យើង​នៅពេលនេះ មិនមែន​កើតឡើង​ដោយ​ចៃដន្យ ដោយ​ខ្វះ​ទំនាក់ទំនង​នោះទេ​»​។​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាត់ខ្សែបូ បើកសម្ពោធវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃសៅរ៍។ហុង មិនា

​លោកនាយក​រដ្ឋមន្ត្រី បាន​បន្ថែមថា​៖ «​យើង​បាន​ខិតខំ​កសាង​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សាធារណរដ្ឋ​ប្រជា​​មានិត​ចិន ដោយ​ឈរលើ​ការជឿទុកចិត្ត​គ្នា ការគោរព​គ្នា និង​សាមគ្គីភាព​ជាមួយគ្នា ហើយ​វិមាន​កីឡដ្ឋាន​នៃ​ពហុ​​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ វា​គ្រាន់តែ​ជា​សមិទ្ធផល​មួយ ក្នុងចំណោម​សមិទ្ធផល​ជាច្រើន​ទៀត ដែល​យើង​ទទួលបាន តាម​ការជួយ​ជ្រោ​ម​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​»​។​

​ប្រមុខ​ដឹកនាំ​ប្រទេស លោក ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​បើ​និយាយ​ពី​ជំនួយឥតសំណង គឺ​វិមាន​កីឡដ្ឋាន​នេះ ជា​គម្រោង​ធំជាងគេ នៅក្នុង​ចំណោម​ជំនួយឥតសំណង ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានផ្តល់​ឱ្យ​យើង ហើយ​នៅថ្ងៃនេះ យើង​បានទទួល​នូវ​សមិទ្ធផល​ដ៏​ធំ​នេះ ប៉ុន្តែ​ខ្ញុំ​គិតថា អ្វីដែល​ធំ​ជាងនេះទៅទៀត ដែល​មិនអាច​ខ្វះ​បាន គឺ​ជម្រៅ​ទឹកចិត្ត ដែល​មេដឹកនាំ​ចិន និង​ប្រជាជន​ចិន បានផ្តល់​សម្រាប់​ប្រជាជន​កម្ពុជា​យើង​»​។​

​តាម​របាយការណ៍​រប​ស់លោក​ ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ ​២០២៣ (CAMSOC) បានឱ្យដឹងថា វិមាន​កីឡដ្ឋាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​​តេ​ជោ ត្រូវបាន​សាងសង់ឡើង ក្រោម​ជំនួយឥតសំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ទឹកប្រាក់ ​១,១

​ប៊ី​លាន​យន់ ត្រូវ​នឹង​ប្រមាណ ១៥០ ​លាន​ដុល្លារ​អាមេរិក​។​

ទិដ្ឋភាពខាងក្នុងវិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​​​។ហុង មិនា

​វិមាន​កីឡដ្ឋាន​នេះ បាន​សាងសង់​នៅលើ​ផ្ទៃដី ១៦,៤​ ហិកតា ផ្ទៃក្រឡា​សំណង់​អគារ ៨៦ ០០០​ ម៉ែត្រការ៉េ ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន ៦​ ម៉ឺន​នាក់ និង​មាន​ស្តង់ដា​សុវត្ថិភាព​ខ្ពស់ គឺអាច​ជម្លៀស​មនុស្ស ៦​ ម៉ឺន​នាក់ ក្នុងករណី​មាន​ហានិភ័យ​កើតឡើង ត្រឹម​រយៈពេល ៧​ នាទី ដោយ​វិមាន​កីឡដ្ឋាន​នេះ មាន​ច្រកចេញ​ចំនួន​ ៥៤ មាន​បន្ទប់ទឹក​ចំនួន ៩៣ ​តំបន់ ស្មើនឹង​ ៨៦៣​បង្គន់​អនាម័យ​។​

​តាម​របាយការណ៍​ដដែល​នេះ លោក ថោង ខុន បាន​បញ្ជាក់ថា​៖ «​ក្នុង​ទិដ្ឋភាព​បច្ចេកទេស វិមាន​កីឡដ្ឋាន​នេះ បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មី​ទំនើប​ចុងក្រោយ តាម​ស្តង់ដា​កីឡា​អន្តរជាតិ ដែល​អាចជួយ​ឱ្យ​កម្ពុជា កាន់តែ​មានលទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា ក៏ដូចជា​ព្រឹត្តិការណ៍​ទេសចរណ៍ ដែលមាន​ស្គ្រី​ន LED ចំនួន ៤ (​ខាងក្នុង​ ៣ ខាងក្រៅ​ ១) មាន​ហាង​លក់ទំនិញ កន្លែង​តាំងពិព័រណ៍​ព្រម​ទាំង​មាន​បន្ទប់​សណ្ឋាគារ​ចំនួន​ ៣៤ និង​បន្ទប់ ១៧ ​ផ្សេងទៀត ជា​លក្ខណៈ VIP សម្រាប់​ទស្សនា​កីឡា​»៕

ការសម្ដែងរបាំប្រពៃណីខ្មែរ ក្នុងកម្មវិធី​សម្ពោធពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ។ ហុង មិនា

ការសម្ដែងក្បាច់គុនល្បុក្កតោ ក្នុង​កម្មវិធីសម្ពោធ​​​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ។ ហុង មិនា

ទិដ្ឋភាព​ខាងក្រៅ​​​វិមាន​កីឡដ្ឋាន ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ។ ហ៊ាន រង្សី

ស្គរធំ (ខាងមុខ) កំពុង​ត្រូវបាន​វាយ ក្នុងពិធីសម្ពោធ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​។ ហ៊ាន រង្សី