ជាមួយនឹង​ការចាប់ផ្តើម​រាប់​ថយ​​ក្រោយ​រយៈពេល​ ៥០២ ​ថ្ងៃ កាលពី​ថ្ងៃ​សៅរ៍ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​ ប្រធាន​គ្រប់គ្រង​កីឡា​របស់​ព្រះរាជា​​ណា​ចក្រ​កម្ពុជា​បាន​ថ្លែងថា ការធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​​ប៉ា​រ៉ា​ហ្គេម ​ឆ្នាំ ​២០២៣ គឺជា​ «​សុបិន​ក្លាយជា​ការពិត​»​។​

​កម្ពុជា គឺជា​ស្ថាបនិក​មួយ​នៃ​សហ​​ព័ន្ធ​កីឡា​ឧបទ្វីប​អាស៊ីអាគ្នេយ៍ (SEAP) ដែលជា​ស្ថាប័ន​នាំមុខ​សម្រាប់​ស្ថាប័ន​កីឡា​នៅក្នុង​តំបន់ នាពេល​បច្ចុប្បន្ន ខណៈ​ព្រះរាជាណាចក្រ​កម្ពុជា​គ្រោង​ធ្វើ​ម្ចាស់​នៅ​ឆ្នាំ​ ១៩៦៣ ប៉ុន្តែ​ត្រូវបាន​ខកខាន​លែង​បានធ្វើ​វិញ ដោយសារ​​តែ​ស្ថានភាព​នយោបាយ​ពេលនោះ​។​

​ប៉ុន្តែ​បច្ចុប្បន្ន​ព្រះរាជាណាចក្រ​​កម្ពុ​ជាមាន​ស្ថិរភាព និង​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ខណៈ​ពាក្យស្លោក «​កីឡា​រស់ក្នុង​សន្តិភាព​»​ ត្រូវបាន​ជ្រើសរើស​ជា​ពាក្យស្លោក​សម្រាប់​ការ​​ប្រកួត​កីឡា​ស៊ី​ហ្គេម ក្នុង​ឆ្នាំ ​២០២៣ ដើម្បី​បញ្ជាក់ថា ​តើ​សន្តិភាព​មាន​សារៈ​សំខាន់​យ៉ាងណា​សម្រាប់​ការវិវឌ្ឍ​​ដ៏​គួរឱ្យកត់សម្គាល់​នៅ​កម្ពុជា​។

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​សាទរ​ចំពោះ​ព្រឹត្តិ​​ការណ៍​ដ៏​អស្ចារ្យ​នេះ ដែល​នៅ​ទីបំផុត​ប្រទេស​កម្ពុជា ​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៅ ​៦០ ​ឆ្នាំក្រោយ​។​

«​តាមរយៈ​ការធ្វើជា​ម្ចាស់​ផ្ទះការ​ប្រកួត​កីឡា​នេះ វា​ពិតជា​ជួយ​ឱ្យគេ​យល់​អំពី​សារៈសំខាន់​នៃ​កីឡា​នៅក្នុង​ការអភិវឌ្ឍ​សង្គមជាតិ និង​សេដ្ឋកិច្ច​របស់ខ្លួន និង​ថា ​តើ​កីឡា​មាន​អត្ថន័យ​យ៉ាងណា​សម្រាប់​កេរដំណែល​របស់​ប្រទេសជាតិ​»​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​មាន​ប្រសា​​សន៍​ថា៖ «​យើង​បាន​រង់ចាំ​អស់​រយៈ​ពេល ៦៤​ ឆ្នាំ​មកហើយ ចាប់តាំងពី​បាន​ក្លាយជា​សមាជិក​ស្ថាបនិក​មួយ​ក្នុងចំណោម​សមាជិក​ស្ថាបនិក​ទាំង ៦ នៃ​ស្ថាប័ន​កីឡា​ប្រចាំ​តំបន់​ក្នុង​ឆ្នាំ​ ១៩៥៩ ហើយ​នៅ​ទីបំផុត​យើង​មានឱកាស​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម ដែលជា​សុបិន​ក្លាយជា​ការពិត​សម្រាប់ រូបខ្ញុំ និង​សម្រាប់​កម្ពុជា​»​។​

​ក្នុងនាម​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ផ្នែក​កីឡា​ចំបាប់​ដែល​បាន​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​អា​តា​ឡង់​តា​ កាលពី​ឆ្នាំ ​១៩៩៦ ឯកឧត្តម​បាន​ថ្លែងថា វា​សំខាន់​ណាស់​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ដូចជា​កីឡា​ស៊ី​ហ្គេម​នេះ ដើម្បី​ពង្រីក​វិស័យ​កីឡា​នៅ​កម្ពុជា​។

«​សម្រាប់​រូបខ្ញុំ វា​ជា​ក្តី​សុបិន​យូរ​មក ហើយក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​កីឡា​​ស៊ី​ហ្គេម​។ សម្រាប់​ប្រទេស​ដែលមាន​ប្រជាជន​តិច​ដូច​កម្ពុជា មធ្យោបាយ​ដើម្បី​អភិវឌ្ឍ​កីឡា​ គឺ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិ​​ការណ៍​ដូចជា​កីឡា​ស៊ី​ហ្គេម​នេះ​»​។​

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC។ រូបថត ហេង ជីវ័ន

«​ក្នុងនាម​ខ្ញុំ​ជា​អតីត​កីឡាករ​ម្នាក់ ខ្ញុំ​ឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​គុណ​តម្លៃ​នៃ​កីឡា និង​អត្ថប្រយោជន៍​ដែល​កីឡា​ផ្តល់​ដល់​សង្គម ក៏ដូចជា​សារៈសំខាន់​នៃ​ការ​​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​នេះ ដើម្បី​ជួយ​ធានា​អនាគត​ដ៏​ភ្លឺស្វាង​សម្រាប់​វិស័យ​កីឡា​របស់​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បង្ហាញថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ​(CAMSOC) បានស្នើ​គំនិត​ផ្ដួចផ្ដើម​ចំនួន​ ២ ដែល​នឹង​កំណត់​ដំណាក់កាល​សម្រាប់​ការប្រកួត​នាពេល​អនាគត​។​

CAMSOC កំពុង​អំពាវនាវ​ឱ្យ​សមា​​ជិ​ក​នៃ​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ (SEAGF) រួមគ្នា​និពន្ធ​បទ​ចម្រៀង ​ដើម្បី​ប្រើប្រាស់​សម្រាប់​ឆ្នាំ​ ២០២៣ និង​ឆ្នាំ​ទៅមុខទៀត​។

CAMSOC ក៏​កំពុង​ជំរុញ​សមាជិក SEAGF ឱ្យ​អនុញ្ញាតឱ្យ​លក់​សិទ្ធិ​ផ្សាយ​កីឡា​ស៊ី​ហ្គេម​តាម​ទូរទស្សន៍​ចាប់ពី​ឆ្នាំ​ ២០២៣ លើ​គំរូ​ចែករំលែក​ផលចំណេញ​រវាង​ប្រទេស​ជា​ម្ចាស់ផ្ទះ សហព័ន្ធ SEAGF និង​សមាជិក​របស់ខ្លួន ដើម្បី​ធានា​និរន្តរភាព​ហិរញ្ញវត្ថុ​នៅក្នុង​ការរៀបចំ​ការប្រកួត​។​

​ឯកឧត្តម​បន្ថែមថា ខណៈ​កម្ពុជា​មានបំណង​បន្ថែម​កីឡា​តេ​ក្វាន់​ដូ ITF ទៅក្នុង​កម្មវិធី​ប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ នោះ ខ្លួន​ក៏​កំពុង​ប្រឈម​នឹង​ការជំទាស់​ពី SEAGF និង​សូម្បីតែ​ប្រទេស​នៅក្រៅ​តំបន់​។​

​ប្រទេស​ជា​ម្ចាស់ផ្ទះ ជាធម្មតា​តែង​​តែ​ត្រូវបាន​អនុញ្ញាតឱ្យ​ដាក់បញ្ចូល​ប្រភេទ​កីឡា​ថ្មី​ ដែល​អាចជួយ​ដល់​ការ​​ឈ្នះ​មេដាយ ហើយ​ក្នុងនាម​ជា​ប្រទេស​មាន​ចំណាត់ថ្នាក់​ទី​២​ ក្នុង​ពិភពលោក​នៃ​កីឡា​តេ​ក្វាន់​ដូ ITF ឯកឧត្តម​បញ្ជាក់ថា កម្ពុជា​គួរតែ​អាច​បញ្ចូល​កីឡា​នេះ​ដោយ​គ្មាន​ការ​ជ្រៀត​​ជ្រែក​រឿង​នយោបាយ​។​

​ចំពោះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅក្នុង​ប្រទេស​ហ្វីលីពីន ​កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​ឈ្នះ​បាន​មេដាយមាស​ ៤ ប្រាក់ ​៦ និង​សំរឹទ្ធ​ ៣៦​។​

ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម។ ហ៊ាន រង្សី

​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វី​លី​ពី​ន​នោះ កម្ពុជា​ដណ្តើមបាន​មេដាយ​ល្អ​បំផុត គិត​ចាប់តាំងពី​ឆ្នាំ​ ២០១៣ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​មក​។ ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍ថា ស្ថាប័ន​កីឡា​របស់​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​ធ្វើឱ្យ​ប្រសើរឡើងលើ​ទម្រង់​នៃ​ការប្រកួត​។

«​យើង​មាន​កម្មវិធី​អភិវឌ្ឍន៍​ពិសេស​សម្រាប់​ការបណ្តុះបណ្តាល​អត្ត​ព​លិ​ករ​បស់​យើង​រយៈពេល ​៤ ​ឆ្នាំ​កន្លងទៅ ដើម្បី​បង្កើន​សមត្ថភាព​របស់​ពួកគេ​។​

«​ជាមួយនឹង​ការរាប់​ថយក្រោយ​បានចាប់ផ្តើម យើង​កំពុង​បញ្ជូន​អត្ត​​ព​លិ​ក​ប្រហែល​ ១០០​ នាក់ នៃ​ ១២ ​ប្រភេទ​កីឡា ទៅ​ប្រទេស​ចិន សម្រាប់​ការហ្វឹកហ្វឺន​រយៈពេល ១ ​ឆ្នាំ ខណៈ​ការ​ផ្តោតលើ​ការប្រកួត​អន្តរជាតិ​ក៏ត្រូវ​បាន​ពង្រឹង ដើម្បី​បង្កើន​ឱកាស​ឈ្នះ​មេដាយរបស់​យើង​»​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា​៖ «​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន NOCC មាន​បទ​​ពិសោធ​ច្រើន​ក្នុង​ការរៀបចំ​ព្រឹត្តិការ​​ណ៍​ធំៗ និង​មាន​ភាព​ប៉ិនប្រសប់​ក្នុងការ​បង្ហាញ​អំពី​បដិសណ្ឋារកិច្ច​របស់​​កម្ពុជា ដូច្នេះ​យើង​មាន​ទំនុកចិត្ត​ថា កីឡា​ស៊ី​ហ្គេម​ឆ្នាំ​ ២០២៣ ព្រះរាជា​​ណា​ចក្រ​កម្ពុជា​នឹង​ទទួលបាន​ជោគ​​ជ័យ​ត្រចះត្រចង់​»៕