​ភ្នំពេញៈ អ្នក​ប្រដាល់​មកពី​ក្លិប​គោព្រៃ គង់ សំបូរ បាន​រកឃើញ​ជ័យជម្នះ​របស់ខ្លួន​ហើយ គឺ​ការ​ឈ្នះ​ដោយ​ពិន្ទុ​លើ សេក គឹម​រួន និង​ការ​បន្តទៅ​ទាត់​ឱ្យ អេ​លី​ត មករា ខូចដៃ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ក្រសោប​បាន​ប្រាក់រង្វាន់​ចំនួន ៣,៤ ​លាន​រៀល ពី​ការប្រកួត​ដណ្តើម​ប្រាក់លាននៅ​សង្វៀន​ថោ​នជា​លើកដំបូង ហើយ​ជាមួយគ្នានេះ គង់ សំបូរ កំពុង​ដាក់​​ចិត្តទៅ​ចូលរួម​ប្រជែង​យក​កៅ​ជម្រើសជាតិសម្រាប់​ឆ្នាំ ​២០២២​។​

​តាមរយៈ​ការប្រកួត កាលពី​ថ្ងៃអាទិត្យ កន្លងមកនេះ គង់ សំបូរ បាន​យកឈ្នះ​លើ សេក គឹម​រួន ដោយ​ពិន្ទុ ទាំង​លំបាក ប៉ុន្តែ​សម្រាប់​ការ​ឡើងទៅ​ជួប អេ​លី​ត មករា ដែល​បាន​ទម្លាក់ រិ​ន សា​រ័ត្ន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ សំបូរ បាន​ប្រើពេល​ត្រឹម ​១ ​ទឹក ដោយ​ការ​ទាត់​ឱ្យ មករា ខូចដៃ មិនអាច​បន្ត​ការប្រកួត​ទៀត​បាន​។​

​គង់ សំបូរ បាន​និយាយ​ក្រោយ​ការ​ប្រ​កួត​ថា​៖ «​ខ្ញុំ​បានឈ្នះ​ប្រាក់​នេះ ជា​លើកដំបូង និង​ពេញចិត្ត​ខ្លាំងណាស់ ព្រោះ​បាន​លុយ​ក៏​ច្រើន ដើម្បី​យកទៅ​ផ្គត់ផ្គង់​ជីវភាព​។ យ៉ាងណាក៏ដោយ ប្រសិន​ប្រើ ស្នៀត​ទាត់​របស់ខ្ញុំ មិន​ចំ​គោលដៅ​ល្អ​ទេនោះ ខ្ញុំ​មិនអាច​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន​លឿន​យ៉ាងនេះ​នោះឡើយ គឺ​ខ្ញុំ​ក៏​លំបាក​ឈ្នះ​ដែរ ព្រោះ​ខ្ញុំ​បាន​ជួប​ការលំបាក តាំង​​ពី​ការប្រកួត​ជុំ​ដំបូង​ជាមួយ សេក គឹម​រួន គឺ​ឈ្នះ​ទាំង​ឈឺខ្លួន និង​លំបាក​ដែរ​»​។​

​ជាមួយ​ការ​ឈ្នះ​បាន​ប្រា​ក់លាន ក្នុង​ប្រភេទ​ទម្ងន់ ​៦៥ ​គីឡូក្រាម​នេះ គង់ សំបូរ កាន់​តែមាន​ភាពលេច​ធ្លោ​ខ្លាំងជាងគេ ព្រោះនេះ​ជាការ​ឈ្នះ​ជាប់ៗ​គ្នា​ចំនួន​ ១៣​ លើក​របស់គេ ខណៈពេល​នេះ សំបូរ បាននិងកំពុង​ដាក់ចិត្ត​ខ្លាំង និង​ត្រៀមខ្លួន​ឱ្យបាន​កាន់តែ​ល្អ​ថែមទៀត ព្រោះ​អ្នកលេង​ស្នៀត​ជើង​រូបនេះ មាន​មហិច្ឆតា ចង់​ដណ្តើម​ឱ្យបាន​មេដាយមាស ពី​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ដើម្បី​អាច​ទទួលបាន​ឱកាស​ជាប់​ជា​កីឡាករ​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ សម្រាប់​ឆ្នាំ ​២០២២​។​

​កីឡាករ គង់ សំបូរ បាន​ប្រាប់​ឱ្យដឹងថា​៖ «​សម្រាប់​ពេល​ទៅមុខ ខ្ញុំ​សម្លឹង​ឃើញ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ ​២០២១ ដែល​គ្រោង​ប្រកួត​នៅ​ខែមករា ឆ្នាំ​ ២០២២ ដោយ​ខ្ញុំ​ចង់​ឈ្នះ​ជើង​ឯកជាតិ ចំណាត់ថ្នាក់​លេខ​ ១ ដើម្បី​ខ្ញុំ​ឈានឆ្ពោះ​ចូល​ក្រុម​ជម្រើសជាតិ សម្រាប់​ត្រៀម​ការប្រកួត​ស៊ី​ហ្គេមជា​បន្តបន្ទាប់ នៅពេល​ខាងមុខ​»​។​

​ចំពោះ អេ​លី​ត មករា បានបង្ហាញ​ការ​​សោកស្តាយ ចំពោះ​ការ​ចាញ់ គង់ សំបូរ ត្រឹម​ទឹក​ទី​១ ដើម្បី​ទទួលបាន​ប្រាក់រង្វាន់ ១,៨ ​លាន​រៀលលើក​នេះ​។ គេ​បាន​និយាយថា​៖ «​ខ្ញុំ​សោកស្តាយ ចំពោះ​ការ​​ចាញ់​នេះ ព្រោះ​ខ្ញុំ​ឈឺដៃ​ស្តាំ តាំងពី​ប្រកួត​ជុំ​ទី​១ ដែល​រង​ការទា​ត់របស់ រិ​ន សា​រ័ត្ន ប៉ុន្តែ​ឈានចូល​វគ្គ​ផ្តាច់ព្រ័ត្រ ខ្ញុំ​នៅតែ​ទ្រាំ​មិន​ឱ្យគេ​ដឹង​។ តែ​ទោះយ៉ាងណា គង់ សំបូរ បាន​ទាត់​ចំ​កន្លែង​របួស​ចាស់ ឈឺ​តែម្តង មិនអាច​បន្ត​ការប្រកួត​បាន​»​។​

​យ៉ាងណាក៏ដោយ បើតាម​គណៈ​​កម្ម​ការរៀបចំ​ប្រកួត លោក ជួប វុត្ថា បានឱ្យដឹងថា ចំពោះ គង់ សំបូរ និង អេ​លី​ត មករា នេះ គឺ​ស្ថិតនៅក្នុង​គម្រោង​ផ្គូផ្គង​ឱ្យ​ប្រកួត​គ្នា​ជាថ្មី នៅ​សង្វៀន​ថោ​ននេះ នៅ​ដើមឆ្នាំ​ ២០២២ ​ខាងមុខ ដោយ​លោក​បញ្ជាក់ថា ការ​ចាញ់​របស់ អេ​លី​ត មករា ក៏​នៅ​មិនទាន់​អស់ចិត្ត​នៅឡើយ​៕