​ភ្នំពេញៈ ក្រុមប្រឹក្សាកីឡាអាស៊ី (OCA) តាមរយៈ​គណៈ​​ក​ម្មា​ធិ​ការ​ជាតិ អូឡាំពិក​កម្ពុជា (NOCC) ជា​សមាជិកបាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​ស្ត្រី ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​កីឡា​ឱ្យបាន​ខ្លាំងក្លា និង​ច្រើនជាង​មុន ហើយ​ជាមួយគ្នានេះ NOCC កាលពី​ព្រឹក​ថ្ងៃទី​ ២០ ខែធ្នូ​ បានរៀបចំ​សិក្ខាសាលា ស្តីពី​ការអប់រំ​អូ​ឡាំ​ពិ​ក និង​សមភាព​ស្ត្រី ក្នុង​វិស័យ​កីឡា ដោយមាន​ការចូលរួម​ពី​សំណាក់​សិ​ស្សា​នុ​សិស្ស​ជានា​រី ជាច្រើន​នាក់​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​ថ្លែងថា​៖ «​បើ​វាយតម្លៃ​ជាទូទៅ គឺ​នៅលើ​ពិភពលោកមាន​ស្ត្រី​ក្នុង​កីឡា ប្រហែល​ ២០​ ភាគរយ ចំណែក​ប្រទេស​កម្ពុជា ​យើងមាន​ស្ត្រី​ក្នុង​កីឡា​ប្រហែល​ ២៩​ ភាគរយ ចំណែក​សិក្ខាសាលា​នេះ គឺជា​កម្មវិធី​ប្រចាំឆ្នាំ ស្តីពី​ចលនា​ស្ត្រី​ក្នុង​កីឡា​ឱ្យបាន​ច្រើន ពិសេសគឺ​ការផ្ទេរ​ចំណេះដឹង ទាក់ទង​នឹង​បំ​ណិ​ន​ជីវិត​ឱ្យ​ស្ត្រី​មាន​ភាពក្លាហាន និង​ចូល​រួម​ក្នុង​កីឡា ព្រោះ​ស្ត្រីជា​ផ្នែក​សំខាន់ មិនអាច​ខ្វះ​បាន ដូច​បុរស​ផងដែរ​»​។​

​លោក​បាន​បន្តថា​៖ «OCA​ បាន​ជំរុញ​ឱ្យ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​នៃ​ប្រទេស​នីមួយៗ​ជា​សមាជិក​ជាង​ ២០៤ ​ប្រទេស នៅ​ជុំវិញ​ពិភពលោក ធ្វើឱ្យមាន​សមភាព​ស្ត្រី ដូច​បុរស​ដែរ ជាពិសេស​គឺ​គោលការណ៍​អូឡាំពិក​អន្តរ​​ជាតិ ដោយ​បំផុស​ឱ្យមាន​ស្ត្រី​ដឹកនាំ​ក្នុង​វិស័យ​កីឡា​ឱ្យបាន​យ៉ាងតិច ក៏​ចាប់ពី​ ៣០​ ភាគរយ​ឡើងទៅ​ដែរ ហើយ​គោល​​ដៅ​នេះ បាន​ដាក់ឱ្យអនុវត្ត​តាំងពី​ឆ្នាំ​ ២០២០ ​មក​ម្ល៉េះ​»​។

​សម្រាប់​ចលនា​ស្ត្រី និង​ទឹកចិត្ត​របស់ NOCC គឺ បាន​បើកទូលាយ​ដល់​ស្ត្រី ក្នុងការ​ចូលរួម​ក្នុង​កីឡា កាន់តែ​ទូលំ​​ទូលាយ និង​សារៈសំខាន់ ក្នុង​កីឡា ក្នុងនោះ​មានការ​រៀបចំ​ការបញ្ជ្រាប​ផ្សព្វផ្សាយ ចលនា​អូឡាំពិក​ដល់​ស្ត្រី ដើម្បីឱ្យ​ពួកគាត់បាន​ស្វែងយល់​ពី​សិទ្ធិ ក្នុងការ​ចូលរួម​កីឡា ហើយ​គិត​មកដល់​ឆ្នាំ ​២០២១ ​នេះ ស្ត្រី​ក្នុង​សកម្មភាព​កីឡា​នៅ​កម្ពុជា មាន​ ៣៩​ ភាគរយ គឺមាន​សម្ទុះ​កើនឡើង​ជិត​ដល់​គោលដៅ​។​

​លោក វ៉ា​ត់ ចំរើន បាន​បន្ថែមថា ក្នុង​កម្មវិធី​សិក្ខាសាលា ក៏​ដូច​ការអប់រំ​អូឡាំពិក និង​សមភាព​ស្ត្រី ក្នុង​កីឡា​នេះ យើង​ក៏បាន​ផ្ញើ​សារ​អំពី​ដំណើរ​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ ​២០២៣ ជូន​ឱ្យ​សិស្សានុសិស្ស បាន​ចូលរួម​គាំទ្រ ដល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិ​សាស្ត្រ ជា​លើកដំបូង​របស់​កម្ពុជា​យើង ដោយ​យើង​ត្រូវការ អ្នកស្ម័គ្រចិត្ត​ជាង ​១ ​ម៉ឺន​នាក់​ចេញពី​សិស្ស​-​និស្សិត​នេះហើយ​។ ហេតុនេះ​យើង​នឹង​អាច​ស្នើសុំ​រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ ក្នុងការ​​ពន្យារ​វិស្សមកាលនៃ​ការសិក្សា ចន្លោះ​ការប្រកួត​ស៊ី​ហ្គេម ពីថ្ងៃ​ទី ​៥ ដល់​ថ្ងៃទី ​១៧ ខែឧសភា ឆ្នាំ​ ២០២៣ ដើម្បី​ស្រួប​យក​ការគាំទ្រ​បន្ថែម ដល់​ព្រឹត្តិ​​ការណ៍​កីឡា​ជា​ប្រវត្តិសាស្ត្រ​នេះ​៕