​ភ្នំពេញៈ វគ្គ​បណ្តុះបណ្តាល​លេខា​តុ​ប្រកួត និង​មន្ត្រី​ស្ថិតិ​កីឡាបាល់បោះ បាន​បិទ​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ចំណែក​លទ្ធផល​នៃ​ការសិក្សា​ចំនួន ​៥ ​ថ្ងៃ​មកនេះ ត្រូវបាន​គ្រូឧទ្ទេស វាយតម្លៃថា មាន​និទ្ទេស​ល្អ​ចំនួន ​៣០ ​ភាគរយ និទ្ទេស​ល្អ​មធ្យម ៤៨ ​ភាគរយ និង​និទ្ទេស​មធ្យម មាន ​២៦ ​ភាគរយ​ក្នុងចំណោម​សិក្ខាកាម​ចូលរួម​សិក្សា​ចំនួន ​៣២ ​នាក់​។​

​លោក ទុយ ប៊ុន​ហឿន អនុ​​ប្រធាន​នាយកដ្ឋាន អប់រំ​កាយ និង​កីឡា បាន​ថ្លែងថា​៖ «​សិក្ខាកាមដែល​បាន​ចូលរួម​វគ្គ​នេះ នឹង​ក្លាយជា​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នានា ដូចជា​ការប្រកួត​សិស្ស​និស្សិត​វិទ្យាល័យ និង​ការប្រកួត​ថ្នាក់ជាតិ ហើយក៏​អាច​ចូលរួម​ជា​ធ្វើជា​មន្ត្រី​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ ​២០៣២ នៅ​កម្ពុជា​ផងដែរ ព្រោះ​អ្នក​មិនបាន​ចូលរួម​វគ្គ​នេះ មិន​អនុញ្ញាត​ឱ្យធ្វើជា​មន្ត្រី​គណៈកម្មការ​ប្រកួត​ឡើយ​»​។​

លោក​បាន​បន្ថែម សម្រាប់​មន្ត្រី​គណៈកម្មការ​កម្រិត​ខ្ពស់ ត្រូវ​អនុញ្ញាត​ការប្រកួត​កម្រិត​ខ្ពស់ ព្រោះ​វគ្គ​បណ្តុះបណ្តាល មាន​កម្រិត​របស់​វា ហើយ​ដើម្បីឱ្យ​កីឡាបាល់បោះ មានការ​រីកចម្រើន​ល្អ​ទៅមុខ ត្រូវមាន​ការសហការ​នឹង​សាលារៀន វិទ្យាល័យ សាកល​​វិទ្យាល័យ គឺ​ស្រប​ជាមួយ​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជា​រដ្ឋា​ភិ​បាល​ក្នុងការ​ឆ្ពោះទៅរក​ជោគជ័យ ដណ្តើមបាន​មេដាយ សម្រាប់​ស៊ី​ហ្គេម ឆ្នាំ ​២០២៣​។​

​ជាមួយគ្នានេះ លោក ដួង ឌី​ម អគ្គលេខាធិការរង នៃ​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា និង​ជា​អ្នក​ស​ម្រ​ល​សម្រួល​វគ្គ​នេះ បាន​ប្រាប់ថា​៖ «​វគ្គ​បណ្តុះបណ្តាល​នេះ ចាប់ផ្តើម​ដំណើរការ​ចាប់ពី​ថ្ងៃទី​ ១៦ ដល់​ថ្ងៃទី ​២០ ខែធ្នូ ដោយ​ប្រើ​ប្រាស់​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រចាំឆ្នាំ ​២០២១ ដើម្បី​អភិ​វ​ឌ្ឋ​កីឡាបាល់បោះ​កម្ពុជា ហើយ​ជា​លទ្ធផល​យើង​វាយតម្លៃ​ជារួម​ថា សិក្ខាកាម​ចំនួន​ ៣២​ នាក់ ដែល​ឆ្លង​វគ្គ​នេះ គឺ​ទទួលបាន​និទ្ទេស​ល្អ​គួរឱ្យកត់សម្គាល់​»៕