ខណៈ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទូកក្តោង​អន្តរជាតិ​លើកដំបូង ជាមួយនឹង​ការប្រកួត​កីឡា​ទូកក្តោង​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​​ឆ្នាំ​ ២០២១ កាលពី​ដើមខែ​នេះ កាសែត​ ភ្នំពេញ​ ប៉ុស្តិ៍ ​បាន​ជួប​កីឡាករ​-​កីឡាការិនី​ទូកក្តោង​កម្ពុជា​វ័យក្មេង​ចំនួន​ ២​ រូប ដែលមាន​ការតាំង​ចិត្ត​ខ្ពស់ ខណៈ​កីឡា​ប្រភេទ​នេះ​កំពុង​បន្ត​រីកចម្រើន មុន​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣​។

កីឡាការិនី សំ​សូរិយា ជា​អ្នកត្រួសត្រាយ​ផ្លូវ

ក្នុងនាម​ជា​កីឡាការិនី​ដំបូង​គេ​ដែល​តំណាងឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ប្រកួត​កីឡា​ទូកក្តោង​លក្ខណៈ​អន្តរជាតិ​, កីឡាការិនី​ទូកក្តោង ទិ​ត្យ សំ​សូរិយា បានបង្ហាញ​ពី​ការតាំង​ចិត្ត​ខ្ពស់​ក្នុងនាម​ជា​ស្ត្រី​កម្ពុជា ១ ​រូប​។

ស្ថិតក្នុង​វ័យ ​១៧ ​ឆ្នាំ សំ​សូរិយា គឺជា​កីឡាការិនី​កម្ពុជា​តែ​ម្នាក់​គត់ ដែល​បាន​ចូលរួម​ប្រកួត​កីឡា​ទូកក្តោង​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ឆ្នាំ​ ២០២១ នៅក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ដើមខែ​នេះ​។

​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍ សម្រាប់​អ្នក​ដែល​មិនចេះ​សូម្បីតែ​ហែល​ទឹក ពេល​គាត់​ចូល​ហាត់​កីឡា​នេះ​កាលពី​ ៥ ​ឆ្នាំមុន​។ សំ​សូរិយា លើកឡើងថា​៖ «​ឪពុកម្តាយ​ខ្ញុំ​ព្រួយបារម្ភ​ខ្លាច​ខ្ញុំ​លង់ទឹក ហើយ​មិន​សប្បាយចិត្ត​ទេ ដែល​ខ្ញុំ​ចង់​ហាត់​កីឡា​ទូកក្តោង​»​។

​ថ្វីបើ​ខ្លួនឯង​មិន​ច្បាស់​អំពី​ផ្លូវ​ខាងមុខ ដោយសារតែ​ការមិន​ចេះ​ហែល​​ទឹក ប៉ុន្តែ​វា​មិនបាន​រារាំង​យុវតី​រូបនេះ ពី​ការចាប់​អាជីព​កីឡា​នេះឡើយ​។

«​ខ្ញុំ​បារម្ភ ប៉ុន្តែ​បានសម្រេច​ចិត្ត​សាក​​ល្បង​ដោយ​ប្រើ​អាវ​ពោង​សុវត្ថិភាព​។ ​ខ្ញុំ​រៀន​ហែល​ទឹក​ដំណាលគ្នា​ពេល​ខ្ញុំ​ហាត់​កីឡា​ទូកក្ដោង​។ វា​ត្រូវ​ចំណាយពេល​ ១ ​ឆ្នាំ ​ទើប​ខ្ញុំ​ចេះ​ហែល​ទឹក​ដោយមាន​ទំនុកចិត្ត​នៅក្នុង​សមុទ្រ​។ សិស្ស​វិទ្យាល័យ ហ៊ុន សែន ស្មាច់​ដែង រូបនេះ ក៏​ទទួលបាន​ការលើកទឹកចិត្ត​យ៉ាងច្រើន​ពី​បងស្រី​របស់ខ្លួន​ដែរ គឺ​មិនឱ្យ​បោះបង់​ក្តី​ស្រមៃ​របស់ខ្លួន​ក្នុងការ​ចាប់យក​អាជីព​នេះ​។​

​ក្នុងនាម​ជា​កីឡាការិនី​ទូកក្តោង​តែ​ម្នា​ក់នៅ​ខេត្ត​ព្រះសីហនុ និង​ដោយ​ការស្រឡាញ់​កីឡា​នេះ គាត់​ក៏បាន​ព្យាយាម​លើកទឹកចិត្ត​យុវតី​ផ្សេងទៀត​ឱ្យចូល​លេង​កីឡា​នេះដែរ​។

ទិត្យ សំសូរិយា កីឡាការិនីទូកក្តោងកម្ពុជាដំបូងគេ ចូលរួមប្រកួតកីឡាទូកក្តោងអន្តរជាតិ។ ​

«​ខ្ញុំ​បាន​ព្យាយាម​បញ្ចុះបញ្ចូល​មិត្ត​របស់ខ្ញុំ​ឱ្យ​លេង​កីឡា​ទូកក្តោង ប៉ុន្តែ​ពួកគេ​នៅ​ភ័យខ្លាច​។ ពួកគេ​នៅតែ​ស្ទាក់ស្ទើរ​ក្នុងការ​សាកល្បង​»​។

​សំ​សូរិយា ដែល​បច្ចុប្បន្នកំពុង​ហ្វឹក​ហាត់​ក្រោម​ការឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុកដាក់​ពី​លោក វីន កៅ​វាសនា ដែលជា​អ្នកត្រួសត្រាយ​ផ្លូវ​កីឡា​ទូក​​ក្ដោង​នៅ​កម្ពុជាលើកឡើងថា ការ​ភ័យ​​ខ្លាច​របស់​មិត្ត​គាត់ គឺ​ស្រដៀង​ទៅនឹង​អ្វីដែល​គាត់​ធ្លាប់​ឆ្លងកាត់​ពីមុន​។

«​ទូកក្តោង​មាន​កម្ពស់​ជាង ​៤ ​ម៉ែត្រ ប៉ុន្តែ​ខ្ញុំ​មាន​កម្ពស់​ត្រឹមតែ ១,៥៣ ម៉ែត្រ​ប៉ុណ្ណោះ ដូច្នេះ​វា​មិន​ងាយស្រួល​ទេ​»​។ ថ្វីដ្បិតតែ​គាត់​មាន​កម្ពស់​ត្រឹម​ប៉ុណ្ណឹង ប៉ុន្តែ​កីឡាការិនី សំ​សូរិយា ឈរ​យ៉ាងខ្ពស់​ត្រដែត​ជា​អ្នក​ត្រួស​ត្រាយផ្លូវ​សម្រាប់​កីឡាការិនី​ទូកក្តោង​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។ ដោយបាន​ជម្នះ​លើ​ការភ័យខ្លាច កីឡាការិនី​រូបនេះ​បាន​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ស្ត្រី​ខ្មែរ​ផ្សេងទៀត មិន​ត្រឹមតែ​សម្រាប់​កីឡា​ទូកក្តោង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​កីឡា​ជាទូទៅ​។ camsoc

ស៊ុន​ហេង ត្រឡប់មកវិញ បន្ទាប់ពី​ជម្នះ​ការលំបាក​

​កីឡាករ ហៀ​ង ស៊ុន​ហេង បាន​វិល​​ត្រឡប់មកវិញ បន្ទាប់ពី​បាន​ជម្នះ​នូវ​ទុក្ខលំបាក​ជាច្រើន​កន្លងមក​។

​ទុក្ខលំបាក​កើតឡើង​ចំពោះ​មនុស្ស​ខុសៗ​គ្នា ប៉ុន្តែ​សម្រាប់​កីឡាករ​ទូកក្តោង ហៀ​ង ស៊ុន​ហេង គឺ​វា​បាន​ជួយ​កសាង​នូវ​បុគ្គលិកលក្ខណៈ​។ កីឡាករ​វ័យ ២១ ​ឆ្នាំ​រូបនេះ មាន​ទុក្ខព្រួយ​យ៉ាងខ្លាំង បន្ទាប់ពី​ឪពុកមា​របស់គាត់​បាន​ស្លាប់​ភ្លាមៗ ដែល​ធ្វើឱ្យ​គាត់​ស្ទើរតែ​បោះបង់​កីឡា​ទូកក្តោង​ចោល​ទាំងស្រុង​។​

​កីឡាករ ហៀ​ង ស៊ុន​ហេង បានត្រឡប់មកវិស័យកីឡាទូកក្តោងវិញ។ ​ហេង ជីវ័ន

​ស៊ុន​ហេង បាន​ទៅ​កន្លែង​ហ្វឹកហាត់​សម្រាប់​ការប្រកួត​កីឡា​ទូកក្តោង​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ និង​បាន​លើកទឹកចិត្ត​មិត្ត​រួម​ក្រុម​កម្ពុជា នៅក្នុង​វិញ្ញាសា RS One ដោយ​ឈរ​នៅក្នុង​ចំណាត់ថ្នាក់​ទី​១ ទី​២ និង​ទី​៣ ដែល​នាំមុខ​គូប្រជែង​សិង្ហ​បុរី​។

​ស៊ុន​ហេង ​ថ្លែងថា​៖ «​ខ្ញុំ​បាត់បង់​ឆន្ទៈ​ធ្វើ​អ្វីៗ​ទាំងអស់ បន្ទាប់ពី​ឪពុកមា​របស់ខ្ញុំ​បាន​ស្លាប់​។ ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​បាន​ត្រៀមខ្លួន​រួចហើយ និង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជាតិ និង​កីឡា​»​។

​ដោយបាន​បាត់បង់​ឪពុកម្តាយ​តាំង​​ពី​គាត់​នៅ​ក្មេង ឪពុកមា​របស់គាត់​បា​ន​ជួយ​ចិញ្ចឹម​បីបាច់​គាត់​។ ប៉ុន្តែ​គ្រោះ​​ថ្នាក់​ចរាចរណ៍​កាលពី​ចុងឆ្នាំ ​២០១៩ បាន​ឆក់យក​ជីវិត​ឪពុកមា​របស់គាត់ ពេលនោះ ស៊ុន​ហេង កើតទុក្ខ​យ៉ាង​ខ្លាំង និង​គ្មាន​ឆន្ទៈ​បន្ត​អាជីព​ជា​កីឡាករ​ទូកក្តោង​ទៀត​ទេ​។

​ប៉ុន្តែ ១ ​សប្តាហ៍​មុន​ការប្រកួត​កីឡា​ទូកក្តោង​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​ ២០២១ នៅ​ខេត្ត​ព្រះសីហនុ ទើប​គ្រូបង្វឹក​កីឡា​ទូក​​ក្តោង​ជម្រើសជាតិ លោក វីន កៅ​វាសនា​ (Vin Kao Veasna) បាន​លើកទឹកចិត្ត​ឱ្យ​គាត់​ត្រឡប់​មកលេង​កីឡា​នេះ​វិញ​។ ស៊ុន​ហេង ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ បាន​ចាប់​អាជីព​កីឡា​នេះ ដោយមាន​ការ​​គាំទ្រ​ពី​ឳ​ពុក​មា ចាប់តាំងពី​គាត់​នៅ​វ័យក្មេងម្ល៉េះ​។ ស៊ុន​ហេង មិនបាន​ចូលរួម​ប្រកួត​នៅ​ខេត្ត​ព្រះសីហនុ​ទេ ដោយសារតែ​គាត់​មិនបាន​ហ្វឹកហាត់​អស់​រយៈពេល​ ២ ​ឆ្នាំ ប៉ុន្តែ​គាត់​រំពឹងថា​ នឹង​វិលត្រឡប់​មករក​ភាពខ្លាំង​របស់ខ្លួន​វិញ មុនពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម នៅ​ឆ្នាំ​ ២០២៣​។​

​ឳ​ពុក​មា​របស់គាត់​បម្រើ​ការងា​រ​នៅក្នុង​កងទ័ពជើងទឹក​កម្ពុជា និង​បាន​ស្នាក់នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម និង​បាន​លើកទឹកចិត្ត ស៊ុន​ហេង ឱ្យ​ចាប់យក​អាជីព​កីឡា​នេះ​។ ស៊ុន​ហេង​ បាន​ខិតខំ​ប្រឹងប្រែង និង​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង ដែល​គាត់​បាន​រៀនសូត្រ​ពី​មូលដ្ឋានគ្រឹះ រហូត​ស្ទាត់​​ជំនាញ និង​មាន​ល្បឿន​លឿន​ជាង​មិត្តភក្តិ​របស់គាត់​។

​ក្នុងការ​ចេញដំណើរ​ទៅ​ប្រកួត​លក្ខណៈ​អន្តរជាតិ​លើកដំបូង នៅ​ប្រទេស​ថៃ (Thai sailing hotbed Pattaya) គាត់​បានបញ្ចប់​នៅក្នុង​ចំណាត់ថ្នាក់​លេខ​ ៥ ប៉ុន្តែ​ការប្រកួត​របស់គាត់​បា​ន​ទាក់ទាញ​ចំណាប់​អា​​រ​ម្មណ៍​អ្នកទស្សនា​យ៉ាងខ្លាំង​។

​ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទូកក្តោង​ជ្រើសរើស​ជើងឯក​អាស៊ី​អា​​គ្នេ​យ៍ នៅ​ខេត្ត​ព្រះសីហនុ គាត់​បានឱ្យដឹងថា រយៈពេល​ ២​ ឆ្នាំ​កន្លងមកនេះ មាន​បញ្ហា​ប្រឈម​ជាច្រើន​សម្រាប់​គាត់​។ ស៊ុន​ហេង លើកឡើងថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា រង​សម្ពាធ​ជាខ្លាំង ប៉ុន្តែ​បាន​ធូរស្បើយ នៅពេល​ខ្ញុំ​មាន ឪពុក​ម្តាយចិញ្ចឹម​ម្នាក់ទៀត ទើប​អ្វីៗ​បាន​ផ្លាស់ប្តូរ​»​។​

​បច្ចុប្បន្ន​គាត់​ គឺជា​អ្នកបើកបរ​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​បានរស់នៅ​ជាមួយ​មន្ត្រី​ទាហាន​ចូលនិវត្តន៍ ដែល​ទើប​ទទួលយក​គាត់​ជា​កូនចិញ្ចឹម​។

​នៅពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ប្រាកដ​​ណាស់​ថា យុវជន​ម្នាក់នេះ គឺមាន​សក្តានុពល​ខ្លាំង បន្ទាប់ពី​គាត់​បាន​ជម្នះ​រាល់​ការលំបាក ហើយ​កំពុង​ស្វែងរក​ភាពជោគជ័យ​នៅក្នុង​ជីវិត​របស់គាត់​ម្តងទៀត​៕ camsoc