ភ្នំពេញ៖ ​នាយក​បេសកកម្ម​រង​ និង​ប្រធាន​នាយក​ដ្ឋាន​ទំនាក់​ទំនង​អន្តរជាតិ ​នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា (NOCC) លោក ​ញាន ​សុខ​វិសាល​ ​និង ​លោក ​ប៊ុយ ​សុភ័ណ្ឌ​ ទី​ប្រឹក្សា​ NOCC ​និង​ជា​ប្រធាន​គណៈកម្មាការព័ត៌មាន​វិទ្យា​របស់ ​CAMSOC ​បាន​បន្ត​បេសកកម្ម​ ជា​គ្រូ​ឧទ្ទេស ​ដើម្បី​បន្ត​រៀប​ចំ​ការ​បញ្រ្ជាប​គុណ​តម្លៃ​អូឡាំពិក និង​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម ​និង​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣។

ចំពោះ​​​​បេសកកម្ម​លើក​នេះ​ លោក​ ញ៉ាន ​សុខវិសាល ​និង ​លោក ប៊ុយ ​សុភ័ណ្ឌ​ បាន​បន្តធ្វើ ​កាល​ពី​​ព្រឹក​ថ្ងៃ​ពុធ ដោយ​​​ផ្តល់​ជូន​ទៅ​ដល់​សិស្សា​នុ​សិស្ស​ នៅ​​​វិទ្យាល័យ​ឬស្សី​កែវ ​រាជ​ធានី​ភ្នំពេញ​ ដែល​មាន​សិស្ស​ចំនួន​ ៥០ ​នាក់​។

លោក ​ញ៉ាន ​សុខវិសាល ​បាន​ប្រាប់​​ថា​ ​សម្រាប់​ឆ្នាំ ​២០២១ ​នេះ ​យើង​មាន ​៦ ​កម្ម​វិធី​ហើយ​កាល​ពី​សប្តាហ៍​មុន ​យើង​បាន​ធ្វើ​នៅ​វិទ្យាល័យ​ចំនួន ​២ ​នៅ​ខេត្ត​កែប ​ចំណែក​​ថ្ងៃ​នេះ​ យើង​កំពុង​ធ្វើ​នៅ​វិទ្យា​ល័យ​ឬស្សី​កែវ​ រាជ​ធានៅ​ភ្នំពេញ។ ​ចំពោះ​កម្ម​វិធី ​នៅ​សល់ចំនួន ​៤​ ​ទៀត ​យើង​​នឹង​បន្ត​ធ្វើ​នៅ​វិទ្យាល័យ​មួយ​ចំនួន ​ដែល​កំពុង​តែ​ទំនាក់​ទំនង ​ដូច​ជា​វិទ្យា​ល័យ​ដំបូក​ខ្ពស់ ​ជា​ដើម​។

លោក ប៊ុយ សុភ័ណ្ឌ ពេល​ចែក​រំលែង​ចំណេះ​ដឹងទៅ​ដល់​សិស្សានុសិស្ស នៅក្នុង​កម្ម​វិធី​គុណតម្លៃ​អូឡាំពិក។ រូប​ថត សហការី

លោក​បាន​បន្ត​ថា​៖​ «NOCC ​បាន​រៀប​ចំ​ឱ្យ​​មាន​កម្មវិធី​នេះ​ ដើម្បី​បញ្ជ្រាប​ការ​ផ្សព្វ​ផ្សាយ​គុណ​តម្លៃ​អូឡាំពិក​ និង​ផ្សព្វ​ផ្សាយ​ពី​ដំណើរ​ឆ្ពោះ​ទៅ​ទទួល​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ការ​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម​ ​ឆ្នាំ​២០២៣​។​ អ្វី​ដែល​សំខាន់​ គឺ​ការ​ស្វែង​យល់​ពី​សកម្មភាព​​ចលនា​អូឡាំ​ពិក ​ដោយ​​មាន​ទស្សន​ផ្តោត​ទៅ​លើ​ការ​អប់​រំកាយ​ និង​កីឡា ​ដើម្បី​ឱ្យ​សិស្សា​នុ​សិស្ស ​នៅ​តាម​វិទ្យាល័យ​នានា​ នៅ​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត ​បាន​​លើក​ឡើង​ពី​អ្វី ​ដែល​ជា​សារ​សំខាន់ៗ ​នៃ​ការ​ចូល​រួម​ក្នុង​កីឡា»​។

«ជា​មួយ​គ្នា​នេះ ​គឺ​គុណ​តម្លៃ​​អូ​ឡាំ​ពិក ​មាន​គោល​បំណង​​ផ្តល់​ជូន​​​ដល់​ស្រទាប់​យុវជន​ឱ្យ​​បាន​ច្រើន​ និង​​បាន​យក​ទៅ​អនុវត្ត ​នៅក្នុង​ការ​រស់​នៅ​របស់ពួកគាត់ ​ព្រោះ​​ក្រៅ​ពី​ការ​ប្រ​កួត យើង​​មាន​ការ​អប់​រំ​កាយ ​និង​ចំណេះ​ដឹង​ផ្នែក​សុខភាព​រាង​កាយ ផង​ដែរ»​។ លោក ​​​ញ៉ាន ​សុខវិសាល បាន​​ប្រាប់​បន្ថែម។

ចំណែក​លោក ​ប៊ុយ ​សុភ័ណ្ឌ​ ​បាន​​ប្រាប់​ថា​៖ «​ចលនា​ និង​គុណ​តម្លៃ​អូឡាំ​ពិក ​ជា​ផ្នែក​មួយ​ចង់​ផ្តល់​ចំណេះ​ដឹង ​ដល់​យុវជន ​ដើម្បី​យល់​ដឹង​ថា​ ទស្សនរបស់​អូឡាំ​ពិក ​គឺ​ការ​អប់​រំ​ចំណេះ​ដឹង​និង​​រាង​កាយ​ ព្រម​ទាំង​​ការ​ប្រកួត​កីឡា​ ​ដែល​គ្មាន​ហិង្សា​។ ​ជា​មួយ​គ្នា​នេះ ​ស្រប​ពេល ​ដែល​កម្ពុជា​ធ្វើ​​ដំណើរ​​​​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ​​ការ​ប្រកួត​កីឡា​ស៊ីហ្គេម-​អាស៊ាន​ប៉ារ៉ាហ្គេម​ ឆ្នាំ​២០២៣​នោះ ​គឺ​បញ្ហា​​គុណ​តម្លៃ​អូឡាំ​ពិក ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ច្រើន​ជាង​ពេល​មុនៗ​»។

លោកបាន​បញ្ជាក់ថា៖​ «​បន្ថែម​ពី​លើ​នេះ​កម្ម​វិធី​របស់ ​NOCC ​យើង​បាន​លើក​ទឹក​ចិត្ត​ដល់​សិស្សា​នុ​សិស្ស​ ដើម្បី​ឱ្យ​​មាន​​ការ​ចូល​រួម​ក្នុង​ផ្នែក​ណា​មួយ​ ក្នុង​ឋានៈ​ជា​អ្នក​ស្ម័គ្រ​ចិត្ត ​ក្នុង​គោល​បំណង​ ដើម្បី​ឱ្យ​​ព្រឹត្តិការណ៍​ប្រកួត​កីឡាស៊ីហ្គេម ​និងអាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ ​ទទួល​បាន​លទ្ធផល​ល្អ​ត្រចះ​ត្រចង់»​៕