​ភ្នំពេញៈ ការប្រកួត​ដ៏​ធំ វគ្គ​ផ្តាច់ព្រ័ត្រដណ្តើមយក​ខ្សែក្រវាត់ អមដោយ​ប្រាក់រង្វាន់​ចំនួន​ ១​ ម៉ឺន​ដុល្លារ រវាង​ជើង​ខ្លាំង បឺត សង្ឃឹម និង អេ​លី​ត ចំរើន នឹងត្រូវ​ធ្វើឡើង នៅលើ​សង្វៀន PNN នា​រសៀល​ថ្ងៃអាទិត្យ ប៉ុន្តែ​អ្នក​ទាំង ​២ ​នេះ ហាក់​ខ្លាច​គ្នា ទោះបីជាគណៈកម្មការ​រៀបចំ​កា​រ​ប្រកួតបានអនុញ្ញាត​ឱ្យ​ពួកគេ ហ្វឹកហាត់​បំប៉នកម្លាំង និង​ពង្រឹងសមត្ថភាព​ចំនួន​ ៣ ​សប្តាហ៍​ពេញ ត្រៀម​ការប្រកួត​នេះ​ក៏ដោយ​។​

​បើ​ពិនិត្យ​ទៅលើ​ប្រវត្តិ​ប្រកួត​របស់​អ្នក​ប្រដាល់​ទាំង ​២ ​នេះ បឺត សង្ឃឹម មាន​បទពិសោធ និង​ឡើង​ប្រកួត​ច្រើនជាង អេ​លី​ត ចំរើន ប៉ុន្តែ​លទ្ធផល​ជាក់​​ស្តែង​វិញ បឺត សង្ឃឹម ទទួលបាន​ភាព​ជោគជ័យ​តិចជាង ពោលគឺ​ឈ្នះ​ខ្សែ​ក្រវាត់​បានតែ​ ១​ លើក​ប៉ុណ្ណោះ ​ចំណែក អេ​លី​ត ចំរើន ឈ្នះ​ខ្សែក្រវាត់​បាន​ចំនួន ​៣ ​ហើយ​។​

​តែ​ទោះជា​យ៉ាងណា សម្រាប់​ភាព​​រីកចម្រើន​ផ្នែក​កម្លាំង និង​វិជ្ជា​គុន មកដល់​បច្ចុប្បន្ន គឺ​ បឺត សង្ឃឹម និង អេ​លី​ត ចំរើន ពិតជា​លំបាក​ទស្សន៍​​ទាយ​ណាស់ ព្រោះ​ពួកគេមាន​បច្ចេក​​ទេស​វាយ​ផ្សេងៗ​គ្នា ដោយ​ក្នុងនោះ របៀប​ប្រកួត​របស់ បឺត សង្ឃឹម គឺ​វាយ​តាម​ប្លង់ លក្ខណៈ​បច្ចេកទេស​មួយៗ ដោយ​ក្បាច់​ទាត់ និង​ជង្គង់ ចំណែក អេ​លី​ត ចំរើន ពូកែ​ទាត់​ជើងឆ្វេង ចូល​គោលដៅ​ល្អ​។​

​លោក ស៊ន អេ​លី​ត គ្រូបង្វឹក អេ​លី​ត ចំរើន បាន​និយាយថា​៖ «​កន្លងមក អេ​លី​ត ចំរើន​ធ្លាប់​ឈ្នះ បឺត សង្ឃឹម ដោយ​ពិន្ទុ​ម្តង ប៉ុន្តែ​ចំពោះ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃអាទិត្យ​នេះ ខ្ញុំ​មិន​ចង់​និយាយ​ច្រើន គឺ​ខ្លាច​គេ​ដឹង​ពី​របៀប​វាយ ព្រោះ​ត្រូវតែ​សម្ងាត់​ដូចគ្នា ដោយ​សមត្ថភាព​របស់​ពួកគេ គឺ​ល្អ​ដូចគ្នា ហើយ​ការ​ចាញ់ឈ្នះ វា​អាស្រ័យ​លើ​ភាព​ឆ្លាត វ៉ៃ​ប្តូរ​យុទ្ធវិធី​ភ្លាមៗ នៅ​សង្វៀន​ផ្ទាល់​តែម្តង​»​។​

​គ្រូបង្វឹក​រូបនេះ បាន​បន្ថែមថា​៖ «​ខ្ញុំ​បាន​បង្វឹក អេ​លី​ត ចំរើន ដោយផ្ទាល់​​ដៃ ព្រមទាំង​បំប៉នកម្លាំង និង​មាន​ស្នៀត​ពិសេស ដើម្បី​យកឈ្នះ តែ​សង្ឃឹម​ ៥០ ​ភាគរយ​ប៉ុណ្ណោះ​។ ខ្ញុំ​មិន​ហ៊ាន​អួត​ទេ សម្រាប់​គូ​នេះ គឺ ១​ ចាន​ទឹក ១ ​ចាន​គោក ខណៈដែល​ជ័យ​​ជម្នះ ទទួលបាន​ខ្សែក្រវាត់ ​១ ​អមដោយ​ទឹកប្រាក់​ ១​ ម៉ឺន​ដុល្លារ គឺ​មិន​ងាយ​មានឱកាស​បានមក​ដល់​វគ្គ​នេះ​នោះឡើយ​»​។​

​ចំណែក​លោក តាំង លី​ហួរ អ្នក​កាន់​កម្មវិធី​កីឡា​ប្រចាំ​នៅ​សង្វៀន PNN និយាយថា​៖ «​នៅក្នុង​ជំនួប​សម្ភាស​ជាមួយ​កីឡាករ​ទាំង ​២ ​នាក់​នេះ គឺ​ទាំង បឺត សង្ឃឹម និង អេ​លី​ត ចំរើន សុទ្ធតែ​បាន​ខិតខំ​ហ្វឹកហាត់ និង​តាំងចិត្ត​ប្រកួត ប៉ុន្តែ​ទំនង​ខ្លាច​គ្នា ដោយ​ពួកគេ មិន​អះអាង​ពី​ការ​ឈ្នះ ឬ​មានប្រៀប​លើ​គ្នាច្រើន​នោះទេ​»​។​

​កីឡាករ​ធ្លាប់​ប្រកួត​ ៨៤​ ដង ឈ្នះ​ ៥៦ ចាញ់​ ២៦ ស្មើ​ ២ ​ដង និង​ធ្លាប់​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ចំនួន ​៣០ ​ដង អេ​លី​ត ចំរើន បាន​និយាយថា​៖ «​មិនទាន់​ហ៊ាន​និយាយ​មុន​ទេ ព្រោះ​គេ​ក៏​ហាត់យើង​ក៏​ហាត់ ហេតុនេះ​ខ្ញុំ​មាន​ក្តីសង្ឃឹម​ត្រឹម ​៥០ ​ភាគរយ តែ​ធានា​វ៉ៃ​ឱ្យ​អស់ពី​សមត្ថភាព​»​។​

​ចំណែក បឺត សង្ឃឹម ដែល​ធ្លាប់​ប្រកួត​បាន ​១០៦ ​ដង ឈ្នះ ​៨៤ ចាញ់​ ២០ ស្មើ ​២ និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន ​២២​ ដង បាន​និយាយថា​៖ «​ខ្ញុំ​សង្ឃឹម​ឈ្នះ ​៦០ ​ភាគរយ តែ​យើង​មិន​ហ៊ាន​និយាយ​មុន​ទេ ព្រោះ​ការ​​ចាញ់ ឬ​ឈ្នះ អាច​នឹង​លំបាក​តឹងតែង​ណាស់ ហេតុនេះ​បើ​យើង​ប្រថុយ​​ប្រថាន ឬ​វាយ​ផ្សងព្រេង មិនអាច​ទៅរួច គឺមាន​តែ​វាយ​ស្រង់​យក​ពិន្ទុ​សិន ហើយ​បើ​មានឱកាស​ទើប​សម្រុក​ផ្តាច់​តែម្តង​»៕