ភ្នំពេញៈ ការប្រកួត​កីឡាប្រដាល់​​សកល​ជ្រើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ ​២០២១ បាន​ចាប់ដំណើរការ កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​គ្រោង​បញ្ចប់ នៅ​ថ្ងៃទី ​២៦ ខែធ្នូ ហើយ​អ្វីដែល​ទាញ​ការចាប់​​អារម្មណ៍​ខ្លាំង សម្រាប់​ការប្រកួត​លើក​នេះ គឺមាន​ចំនួន​អត្ត​ព​លិ​ក​ចូលរួម កើនឡើង​ជាង​ឆ្នាំមុន ជិត ​៣ ​ដង ហើយ​ចំនួន​ក្លិប-​សមាគម ដែល​បាន​ចូលរួម ក៏មាន​ការ​កើនឡើង​ជិត ​២​ដង​ផងដែរ​។​

​នៅក្នុង​ការប្រជុំ​បច្ចេកទេស មុនពេល​ប្រកួត​នេះ កាលពី​ល្ងាច​ថ្ងៃ​ពុធ បាន​បង្ហាញថា អត្ត​ព​លិ​ក​ចំនួន​ ១០៤​ នាក់ (​ស្រី ​៤ ​នាក់​) មកពី​ក្លិប​-​សមាគម​ចំនួន​ ២១ បាន​ចូលរួម​ការប្រកួត​នេះ ហើយ​ក្រុមបច្ចេកទេស​នៅក្នុង​អង្គប្រជុំ បាន​វាយតម្លៃថា ចំនួន​នេះ កើនឡើង​ជាង​ឆ្នាំ ​២០២០ ​ជិត​ ៣​ ដង និង​មាន​ក្លិប​សមាគម​កើនឡើង​ជិត​ ២ ​ដង​ឯណោះ​។​

​លោក ប៊ុ​យ សោ​ភ័​ណ្ឌ អគ្គលេខា​ធិ​ការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជាថ្លែងថា​៖ «​បន្ទាប់ពី​កិច្ចប្រជុំ​បច្ចេកទេស និង​ការចាប់​ឆ្នោត​រៀបចំ​ផ្គូផ្គង តាម​រូបមន្ត គឺ​ឆ្នាំនេះ មាន​អត្ត​ព​លិ​ក​ចូលរួម​សរុប​ ១០៤ ​នាក់ កើនឡើង​ជិត​៣​ដង និង​មាន​មកពី ​២១ ​ក្លិប​សមាគម ដែល​កើនឡើង​ជិត ​២ ​ដង បើ​ប្រៀបធៀប​នឹង​ការប្រកួត​ថ្នាក់ជាតិ កាល​ឆ្នាំ​ ២០២០ ដែល​មានការ​រឹតបន្តឹង​ដោយសារ​ជំងឺ​កូ​វីដ ​១៩»​។​

​នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស​នោះដែរ គណៈកម្មការ​បច្ចេកទេស ជាពិសេស​លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​ណែនាំ​ឱ្យ​គ្រប់​ក្លិប​សមាគម​ទូទាំងប្រទេស ដែល​ចូលរួម​ប្រកួត​ជើង​​ឯក​ថ្នាក់ជាតិ ឆ្នាំ​ ២០២១ ​នេះ ត្រូវ​ប្រកាន់​​ខ្ជាប់​នូវ​វិធានការ​បង្កា​ជំងឺ​កូ​វីដ ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក៏​ដូច​ក្រសួង​អប់រំ យុវជន និង​កីឡា ឱ្យបាន​ល្អ និង​គោរព​បទបញ្ជា​ប្រកួត និង​ក្រមសីលធម៌ គឺ​ឈ្នះ​ដឹង​ឈ្នះ ចាញ់​ដឹង​ចាញ់​ដោយ​តម្លាភាព​។​

​ជាមួយគ្នា​នោះ លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន បាន​ប្រាប់​ទៅ​ចៅក្រម​អាជ្ញា​​កណ្តាល គឺ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាព​​យុត្តិធម៌ ក្នុងការ​ផ្តល់​ពិន្ទុ និង​សម្រេច​ក្តី​ក្រោយ ក្នុងពេល​ប្រកួត ខណៈ​ការប្រកួត​ប្រដាល់សកល​ថ្នាក់ជាតិ ឆ្នាំ​ ២០២១ ​នេះ ផ្នែក​នារី មានតែ​ការប្រកួត​ទម្ងន់​ ៥៧​ គីឡូក្រាម​ ១​ ទេ ចំណែក​កីឡាករ មានការ​ប្រកួត​ចំនួន​ ៩​ ប្រភេទ​ទម្ងន់​។​

​ទោះជា​យ៉ាងណា ចំណែក​កញ្ចប់​ថវិកា​ចំនួន​ ៨០​ លាន​រៀល ប្រចាំ​ឆ្នាំនេះ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ចំណាយ​ទាំង​ទៅលើ​ផ្នែក​រដ្ឋបាល ការ​​បណ្តុះបណ្តាល និង​ការប្រកួត​ថ្នាក់ជាតិ​ប្រចាំ​ឆ្នាំនេះ ត្រូវបាន​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អះអាងថា មិនទាន់បាន​គ្រប់គ្រាន់​ពេញ​លេញ​នៅឡើយ​ទេ ប៉ុន្តែ​សហព័ន្ធ រកបាន​ដៃគូ​ឧបត្ថម្ភ​ពី​វិស័យ​ឯកជន​មាន​ក្រុម​​ហ៊ុន TF Motors (Cambodia) Co., Ltd វិទ្យាស្ថាន​ខេ​ម​អេ​ដ និង​អគារ​ប្តូរប្រាក់ ទៀ ប៊ុន​ហាក់ សម្រាប់​ទប់ទល់​លើ​ការ​​ចំណាយ​បន្ថែម ទៅលើ​ការប្រកួត​ថ្នាក់​​ជាតិ នៅ​ឆ្នាំ​ ២០២១ ​នេះ​៕