​ភ្នំពេញៈ កីឡាករ​កំពុងមាន សមត្ថភាព​ខ្លាំង ឡុង បេន​លឿន និង​អ្នក​ប្រដាល់​វាយ​មិន​ដកថយ ធន់ ចាន់​តាក់ ដែល​សុទ្ធតែ​ធ្លាប់​បានឈ្នះ​ប្រាក់​លាន នៅក្នុង​ការប្រកួត​ម៉ា​រ៉ា​តុង ដណ្តើម​ប្រាក់​លាន នៅលើ​សង្វៀន​ថោ​ន ត្រូវបាន​គេ​មើលឃើញថា នៅ​ជា​បេក្ខភាពដែលមាន​ភាគរយ​ខ្ពស់ ក្នុងការ​ឈ្នះ​ប្រាក់​លាន​ជាថ្មី ខណៈ​អ្នក​ទាំង ​២ ត្រូវបាន​ដាក់ឱ្យ​ប្រកួត​ម្តងទៀត​ជាមួយ សួន ចាន់នី និង ចាន់ ប៊ុន​លាភ នៅ​ថ្ងៃអាទិត្យ​នេះ​។​

​សម្រាប់​ការទទួលបាន​ឱកាស​ឡើង​ប្រកួត​ដណ្តើម​ប្រាក់​លាន​ជាថ្មី​នេះ ឡុង បេន​លឿន នៅតែមាន​ទំនុកចិត្ត​ខ្ពស់ ក្នុងការ​ឈ្នះ​បាន​ប្រា​ក់លាន បើទោះបីជា ការប្រកួត​លើក​នេះ រូបគេ​គិតថា មានការ​ពិបាក​ជាង​ពេលមុនៗ​ក៏ដោយ ព្រោះ​ទាំង ធន់ ចាន់​តាក់ និង សួន ចាន់នី សុទ្ធតែ​ទើប​ចាញ់ បេន​លឿន ខណៈ ចាន់ ប៊ុន​លាភ អាច​ចាញ់​កម្លាំង​។​

​កីឡាករ ឡុង បេន​លឿន ដែល​ធ្លាប់​ឈ្នះ​បាន​ប្រា​ក់លាន នៅក្នុង​កម្មវិធី​នេះ​បាន​ចំនួន​ ២​ ដងនោះ បាន​និយាយថា​៖ «​សម្រាប់​ការប្រកួត នៅ​ថ្ងៃអាទិត្យ​នេះ ទោះ​ចាប់ឆ្នោត​ប៉ះចំ​មួយណា ក៏​លំបាក និង​តឹងតែង​ដែរ ព្រោះ​សុទ្ធតែ​ជើងចាស់ មាន​បទ​​ពិសោធ​ច្រើន​ដូចគ្នា​។ តែ​ទោះ​​ជា​យ៉ាងណា ខ្ញុំ​នឹង​ប្រឹង​យកឈ្នះ​ឱ្យបាន គឺមាន​ទំនុកចិត្ត​ឈ្នះ ​៨០ ​ភាគរយ​»​។​

​ផ្ទុយ​ពីនេះ លោក ឡុង សា​វ័​ន្ត ជា​គ្រូបង្វឹក មិន​ហ៊ាន​អះអាង​លទ្ធផល​ទុក​មុន​នោះទេ ដោយ​លោក​បាន​ប្រាប់ថា ការប្រកួត​នេះ ឡុង បេន​លឿន ប៉ះ​ប្រកួត​ជាមួយ​ម្នា​ក់ណា ក៏មាន​ការ​​ពិបាក​ឈ្នះ​ដែរ ព្រោះ បេន​លឿន ប្រកួត​ជាប់ៗ​គ្នា​រាល់​សប្តាហ៍​ពេក អ៊ីចឹង​គឺ​ឈឺខ្លួន​លំបាក​សង្ឃឹម​ណាស់​។​

​តែ​ទោះបីជា​យ៉ាងណា លោក ធន់ សុភា គ្រូបង្វឹក​របស់ ធន់ ចាន់​តាក់ បានចាត់ទុក ឡុង បេន​លឿន ជា​ឧបសគ្គ ដោយ​លោក​ប្រាប់ថា​៖ «​សម្រាប់​៣​នាក់​នេះ ប្រសិនបើ ចាន់​តាក់ ចាប់ឆ្នោត​ប៉ះ​ក្រៅពី បេន​លឿន គឺ​ការប្រកួត​ធូរ​បន្តិច ហើយ​មាន​បញ្ហាលំបាក​មួយទៀត គឺ ចាន់​​តាក់ មាន​កម្ពស់​ទាប​ជាង​ដៃគូ​ទាំងអស់ ប៉ុន្តែ​បើ ចាន់​តាក់ ចូល​លេង​កណ្តាប់ដៃ​បាន សង្ឃឹម​ឈ្នះ​តែម្តង ហេតុនេះ​ខ្ញុំ​ជា​គ្រូ​សង្ឃឹម​ឈ្នះ ​៧០ ​ភាគរយ​»​។​

​ចំណែក​លោក សួន ប៊ុន​សូត្រ គ្រូបង្វឹក និង​ជា​ឪពុក ​សួន ចាន់នី ក៏មាន​ការបារម្ភ​ទៅលើ ឡុង បេន​លឿន ផងដែរ​។ «​ចាន់នី វា​ហាត់​បានល្អ តែ​វា​ធ្លាប់​ចាញ់ ឡុង ប៊ុន​លឿន ថ្មីៗ​នេះ ចំនួន​ ២​ដង​ហើយ ហើយ​ ២ ​ប្រកួត​ចុង​​ក្រោយ វា​ចាញ់​ម្តង និង​ឈ្នះ​ម្តង​ជាមួយ មឿ​ន សុខ​ហ៊ុ​ច​»​។ លោក សួន ប៊ុន​សូត្រ បាន​បន្ថែមថា​៖ «​ខ្ញុំ​មាន​រំពឹង​ឈ្នះ​បាន​ជើងឯក ប្រសិនបើ​ចាប់ឆ្នោត​គេចផុត មិន​ជួប​ប្រកួត​ជាមួយ ឡុង បេន​លឿន​»​។​

​ចំពោះ ចាន់ ប៊ុន​លាភ មិនអាច​ទាក់ទង​បានទេ ប៉ុន្តែ​តាម​រយៈ​គណៈកម្មការ​ផ្គូផ្គង​ប្រចាំ​សង្វៀន​ថោ​ន លោក ជួប វុត្ថា បាន​និយាយថា កីឡាករ ចាន់ ប៊ុន​លាភ ខកខាន​ប្រកួត​យូរ​ដែរ គឺ​បាត់​ឃើញៗ​។ លោក​បន្តថា ប៊ុន​លាភ មាន​ចំណុចខ្សោយ តែ​បញ្ហា​ធ្លាក់​កម្លាំង នៅ​ចុង​ទឹក​ប៉ុណ្ណោះ ចំណែក​បច្ចេកទេស ធានា​នៅ​ល្អ​ដដែល​។​

​តាម​ស្តិ​តិ​ប្រកួត​របស់​កីឡាករ​ទាំង ​៤ ​នេះ សួន ចាន់នី ធ្លាប់​ប្រកួត​បាន​ច្រើនជាងគេ គឺ​បាន​ ១២៩ ​ដង ឈ្នះ​ ១០០ ចាញ់​ ២៦ ស្មើ​ ៣​ ដង (​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន ​២០ ​ដង​) ចំណែក ឡុង បេន​លឿន នៅ​ខ្ចី​វស្សា​ជាង ដោយ​ប្រកួត ​៨៣​ ដង ឈ្នះ ​៦៩ ចាញ់​ ១១ ស្មើ ​៣ ​ដង (​វ៉ៃ​គេ​ឱ្យ​សន្លប់​បាន​ ៩​ ដង​) ហើយ ធន់ ចាន់​តាក់ ប្រកួត​បាន​ ៨៧​ ដង ឈ្នះ ​៦៤ ចាញ់​ ២០ ស្មើ ​៣ ក្នុងនោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន ​៣០ ​ដង រីឯ ចាន់ ប៊ុន​លាភ ប្រកួត​បាន​ ៨៧​ ដង ឈ្នះ ​៥៣ ​ដង ចាញ់​ ២៩ និង​ស្មើ ​៥ ​ដង ក្នុងនោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន ​៥ ​ដង​៕