ភ្នំពេញ: សហព័ន្ធកីឡាហុកគីកម្ពុជា បានចាប់ផ្តើមរៀបចំការប្រកួតប្រជែង ដែលជាការធ្វើតេស្ដសមត្ថភាពក្រុមកីឡាការិនីជម្រើសជាតិ ដើម្បីឱ្យប្រាកដថា តើមានសមត្ថភាព និងលក្ខណៈគ្រប់គ្រាន់ក្នុងឋានៈជាកីឡាការិនីជម្រើសជាតិត្រៀមការប្រកួតស៊ីហ្គេមដែរ ឬអត់? ដោយការធ្វើតេស្តនេះ ត្រូវបានគណៈកម្មការពិសេស គ្រូបង្វឹកជម្រើសជាតិកីឡាហុកគី រៀបចំរយៈពេល ២ថ្ងៃ កាលពីចុងសប្តាហ៍កន្លងមក នាថ្ងៃទី ២៣ និងទី ២៤ ខែ ធ្នូ ឆ្នាំ ២០២១ នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្រោយពេលបិទបញ្ចប់ការធ្វើតេស្តនេះ គណៈកម្មការជ្រើសរើសកីឡាការិនី ដែលទទួលបានសិទ្ធផលខ្ពស់ ព្រមទាំងធ្វើការវាយតម្លៃចំពោះកីឡាការិនី ដែលរក្សាបានសមត្ថភាពរបស់ខ្លួន សម្រាប់ត្រៀមប្រមូលផ្ដុំហ្វឹកហាត់ នាឆ្នាំ ២០២២ ខាងមុខ។
លោក កាំង សុធា នាយករងរដ្ឋបាលនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាហុកគី បានឱ្យដឹងថា៖ «ការធ្វើតេស្ដនេះ រៀបចំរៀងរាល់ឆ្នាំ ដោយគោរពតាមបទដ្ឋានបច្ចេកទេសរបស់កីឡាហុកគីកម្ពុជា តាមរយៈការប្រកួតរវាងក្រុមកីឡាការិនីជម្រើសជាតិ និងកីឡាការិនីមួយចំនួន ដែលសហព័ន្ធ បានសម្លឹងឃើញថា មានសមត្ថភាពជ្រើសរើសមកពីបណ្ដាក្លិបផ្សេងៗ»។
លោក កាំង សុធា បានបន្តថា៖ «ជាក់ស្ដែងឆ្នាំនេះ មានកីឡាការិនី ១៥ នាក់ បានចូលរួម ហើយការប្រកួតធ្វើតេស្ដនេះ គឺដើម្បីប្រកួតប្រជែងគ្នា និងសម្រិតសម្រាំងរកកីឡាការិនី ដែលមានសិទ្ធផលល្អជូនក្រុមជម្រើសជាតិ និងសហព័ន្ធ ហើយបន្ដរក្សាទុកត្រៀម សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិ ឆ្នាំ ២០២២។ ចំពោះកីឡាការិនីណា ដែលមានសិទ្ធផល ធ្លាក់ចុះ សហព័ន្ធនឹងធ្វើការផ្លាស់ប្ដូរតាមនិយាមបច្ចេកទេសរបស់កីឡាហុកគី ដោយលក្ខណៈតម្លាភាព»។
ជាមួយគ្នានេះ ចំពោះកីឡាការិនី ដែលមិនបានជាប់ឈ្មោះប្រមូលផ្ដុំជម្រើសជាតិ នាឆ្នាំ ២០២២ សហព័ន្ធបានលើកទឹកចិត្តបន្ថែមទៀត ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែម ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេស និងគុណផលរបស់ខ្លួន សម្រាប់ចូលរួមធ្វើតេស្ដ និងប្រកួតប្រជែងនាឆ្នាំបន្តបន្ទាប់ ក្រោយៗទៀត។
លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធខាងលើ ក៏បានបញ្ជាក់ដែរថា កីឡាហុកគីមានទាំងផ្នែកបុរស និងនារី ប៉ុន្តែក្រសួងអប់រំយុវជន និងកីឡា បានផ្ដល់គោលការណ៍ប្រមូលផ្ដុំហ្វឹកហាត់ជម្រើសជាតិ សម្រាប់តែលើក្រុមនារីប៉ុណ្ណោះ ដោយក្នុងនោះ មានកីឡាការិនីចំនួន ១១ នាក់ និងគ្រូចំនួន ២ នាក់។
តាមគោលការណ៍របស់សហព័ន្ធកីឡាហុកគី និងក្រោមការចង្អុលបង្ហាញរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ព្រមទាំងគណៈកម្មាធិការជាតិ CAMSOC ក៏បានផ្ដល់គ្រូបង្វឹកបរទេសកម្រិតខ្ពស់ម្នាក់ ដើម្បីជួយជំរុញការហ្វឹកហាត់ឱ្យកាន់តែទទួលបានប្រសិទ្ធភាព សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ ២០២៣ ផងដែរ ខណៈដែលស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កីឡាហុកគីច្បាស់ហើយ គឺគ្មានការចូលរួមទេ៕