The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សិស្សានុសិស្ស​ នៅ​​​អនុវិទ្យាល័យ​វត្ត​ដំបូកខ្ពស់ ចាប់អារម្មណ៍​ខ្លាំងលើ​កម្មវិធី​គុណ​តម្លៃ​អូឡាំពិក

សិស្សានុសិស្ស​ នៅ​​​អនុវិទ្យាល័យ​វត្ត​ដំបូកខ្ពស់ ចាប់អារម្មណ៍​ខ្លាំងលើ​កម្មវិធី​គុណ​តម្លៃ​អូឡាំពិក

Content image - Phnom Penh Post
សិស្ស​នៅ​អនុវិទ្យាល័យ​វត្ត​ដំបូកខ្ពស់ បាន​សួរ​ទៅកាន់​គ្រូឧទ្ទេស នៅ​ក្នុង​កម្មវិធី​គុណតម្លៃ​អូឡាំពិក កាលពី​ថ្ងៃសៅរ៍។ រូប​ថត សហការី

សិស្សានុសិស្ស​ នៅ​​​អនុវិទ្យាល័យ​វត្ត​ដំបូកខ្ពស់ ចាប់អារម្មណ៍​ខ្លាំងលើ​កម្មវិធី​គុណ​តម្លៃ​អូឡាំពិក

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC))សហការជាមួយអនុវិទ្យាល័យវត្តដំបូកខ្ពស់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបន្តសកម្មភាពរៀបចំកម្មវិធីគុណតម្លៃអូឡាំពិក ជូនដល់ សិស្សានុសិស្សជាច្រើននាក់ ដើម្បីទទួលបាននូវចំណេះដឹងពីចលនាអូឡាំពិក និងគុណប្រយោជន៍ នៃការលេងកីឡា ក៏ដូចជាបញ្ជ្រាបការផ្សព្វផ្សាពីដំណើររបស់កម្ពុជា ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ និងការប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣។

លោក តុប បញ្ញា អ្នកគ្រប់គ្រងគម្រោងគុណតម្លៃអូឡាំពិក បានប្រាប់ថា៖ «គិតត្រឹមថ្ងៃនេះ (ថ្ងៃសៅរ៍) យើងបានចុះបំពេញបេសកកម្មបាន ៣ ទីតាំងហើយ ក្នុងនោះមានសិស្សានុសិស្សចាប់ពី ៥០ ទៅ ១០០ នាក់ចូលរួម ហើយបេសកកម្មនេះ យើងនឹងបន្តរហូតដល់ដាច់ឆ្នាំ ២០២១នេះ។

លោក តុប បញ្ញា បានបន្តថា យើងមានគ្រូឧទ្ទេស មានការយល់ផ្នែកកីឡា ដែលទទួលស្គាល់កម្រិតអូឡាំពិកអន្តរជាតិ ដើម្បីផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិក ហើយកម្រិតយល់ដឹង ដែលទាក់ទងក្នុងការអប់រំកាយ និងកីឡា ជាគោលការរបស់គុណតម្លៃអូឡាំពិក ដោយយើងនៅសល់ ៣ កម្មវិធីទៀត»។

Content image - Phnom Penh Post

ចំណែកលោក សោម សុទ្ធ នាយកអនុវិទ្យាល័យវត្តដំបូកខ្ពស់ បានលើកឡើងថា៖ «នេះជាឆ្នាំទី ២ ដែលវិទ្យាល័យវត្តដំបូកខ្ពស់ សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំកម្មវិធីគុណតម្លៃអូឡាំពិកនេះឡើង ដើម្បីបញ្ជ្រាបចំណេះដឹងពីចលនាអូឡាំពិក និងការផ្សព្វផ្សាយឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ហើយសាលាយើងខ្ញុំ មានកម្មវិធីកីឡា ២ ម៉ោង ក្នុង ១ សប្តាហ៍»។

លោកនាយករូបនេះ បានអះអាងថា គ្រាន់តែឮថា ខាង NOCC ចុះមករៀបចំកម្មវិធីនេះ គឺ សិស្សានុសិស្ស មានក្តីសោមនស្សរីករាយខ្លាំងណាស់។ «ពួកគាត់ចង់ចួលរួម ច្រើនណាស់ ប៉ុន្តែខ្ញុំបានដកចេញខ្លះ ដោយសារក្នុងបរិបទជំងឺកូវីដ១៩ គឺការចូលរួមត្រូវបានកំណត់ចំនួន ដើម្បីបង្ការលើបញ្ហានេះ»។

លោក សោម សុទ្ធ បានបញ្ជាក់ថា៖ «ខ្ញុំអរណាស់ ចំពោះការបង្រៀនរបស់ក្រុមគ្រូឧទ្ទេសមកពី NOCC ហើយខ្ញុំ នឹងត្រៀមសិស្សានុសិស្សទាំងអស់ ឱ្យបានចូលរួមគាំទ្រ និងការលេងកីឡាម្នាក់ឱ្យបាន១មុខ ក្នុងដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាយើង ដើម្បីឱ្យទទួលបានជោគជ័យផងដែរ»៕

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍