ភ្នំពេញៈ កីឡាករ​មាន​រហ័សនាម​ថា លោក​មេទ័ព សួន ចាន់នី (​សូត្រ ប៊ុនធី) មកពី​ក្រុមគ្រួសារ​អ្នក​ប្រដាល់ ដែលមាន​លោក សួន ប៊ុនសូត្រ ជា​ឪពុក និង​ជា​គ្រូបង្វឹក​នោះ​បាន​រកឃើញ​ជ័យជម្នះ​យ៉ាងសំខាន់ ដើម្បី​ទទួលបាន​ប្រាក់រង្វាន់​ចំនួន​ ៣,៤ ​លាន​រៀល ជា​លើកដំបូង បន្ទាប់ពី​បាន​ចាញ់ និង​ធ្លាក់​ចេញពី​ការប្រកួត ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​មួយ​នេះ​ជាច្រើន​លើក​។

អ្វីដែល​ទាញ​ការចាប់អារម្មណ៍​ខ្លាំង ក្នុង​ការប្រកួត​នៅ​សង្វៀនថោន​កាលពី​ថ្ងៃអាទិត្យ កន្លងមកនេះ សួន ចាន់នី បាន​ចំណាយពេល​តែ​ ២ ​ទឹក ដោយ​ប្រើ​ស្នៀត​ទាត់​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ចំនួន​ ២ ​នាក់ ហើយ​លទ្ធផល​នេះ​ធ្វើឱ្យ​អ្នកទស្សនា និង​អ្នករៀបចំ​ការប្រកួត​នឹកស្មាន​មិន​ដល់ រក​ឆ្ងល់​មិនកើត ព្រោះ​សម្ទុះ​ជើង​ទាត់​ផ្ទួនៗ​របស់ ចាន់នី ធ្វើឱ្យ​ដៃគូ​សន្លប់​ពិតៗ តដៃ​មិនបាន​។

សួន ចាន់នី បាន​និយាយ ក្រោយ​ការប្រកួត​ថា​៖ «​ខ្ញុំ​ហាត់​បានល្អ និង​បាន​តាំងចិត្ត​យកឈ្នះ ហើយ​ឥឡូវនេះ ខ្ញុំ​ធ្វើបាន​សម្រេច​ហើយ ដោយ​ប្រើ​ស្នៀត​ទាត់​ចូល​គោលដៅ​បានល្អ ទាំង​ ២ ​ប្រកួត​ជាប់ៗ​គ្នា​។ កន្លងមក ខ្ញុំ​ប្រកួត​មិនសូវ​ល្អ ព្រោះ​ប្រកួត​ញឹកញាប់​ពេក ពេលខ្លះ​ឈឺខ្លួន​ខ្លាំង គឺ​ប្រកួត​មិនសូវ​បានល្អ​មែន ប៉ុន្តែ​ខ្ញុំ​ភាគច្រើន គឺ​ចាញ់​គេ ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ​»​។

នៅក្នុង​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ការប្រកួត​ផ្ទាល់​នោះ គឺ​នៅក្នុង​ជុំ​វគ្គ​ជម្រុះ​ ៣ ​ទឹក សួន ចាន់នី បាន​ប្រើ​ស្នៀត​ទាត់​ចំនួន​ ២ ​ជើង​ផ្ទួនៗ បណ្តាល​ឱ្យជើង​ខ្លាំង ឡុង បេនលឿន ដែល​ធ្លាប់​ឈ្នះ​រូបគេ​ចំនួន​ ២ ​ដងនោះ របួស​ដៃ​ធ្ងន់ និង​បាន​សុំ​ចុះចាញ់​ទាំង​មិនទាន់​ចប់​ទឹក​ទី​ ១ ​ស្រួលបួល​ផង​។ បន្ថែម​លើ​នេះ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ សួន ចាន់នី បាន​ប្រើ​ស្នៀត​ទាត់​ដដែល ប្រហែល​ ២ ​ជើង ចូល​គោលដៅ​ល្អ នាំឱ្យ ចាន់ ប៊ុនហឿន ខូចដៃ​សន្លប់​ដូចគ្នា​។

ចំពោះ​លទ្ធផល​នេះ លោក សួន ប៊ុនសូត្រ ជា​ឪពុក ដែលមាន​មុខរបរ​បង្វឹក​កូនៗ ចំនួន​ ៥ ​នាក់ សុទ្ធតែជា​អ្នកប្រដាល់​នោះ បាន​និយាយថា​៖ «​អាច​ចាត់ទុកថា ជា​លទ្ធផល​ដ៏ល្អ សម្រាប់​ស្វាគមន៍​ឆ្នាំ​ថ្មី​ ២០២២ ព្រោះ សួន ចាន់នី ប៉ះចំ​ជើង​ខ្លាំងៗ​ទាំង​ ២ ​នាក់ ប៉ុន្តែ​វា​បាន​ផ្តួល​គេ​ឱ្យ​សន្លប់​ទៀត នៅក្នុង​ទឹក​ទី​ ១ ​ដូចគ្នា​»​។

លោក​បាន​បន្ថែមថា​៖ «​ខ្ញុំ​មើលឃើញ​ពី​ក្បាច់​ប្រកួត​នេះ គឺ​បើ​កូន​ខ្ញុំ​នេះ វ៉ៃ​ផ្តួល​គេ​មិនបាន​លឿន​ទេ គឺ​ពិតជា​លំបាក​យកឈ្នះ​ណាស់ ព្រោះ​ពួកគេ​សុទ្ធតែជា​កីឡាករ​លំដាប់​ល្អ​ជង្គង់ និង​ទាត់​ល្អ ហេតុនេះ​ការ​ឈ្នះ​នេះ មិនអាច​ថា មកពី​សំណាង​ទាំងអស់​នោះទេ គឺជា​ការប្រឹងប្រែង​ហ្វឹកហាត់ និង​ការតាំង​ចិត្ត​ចូល​វាយ​សម្រុក​តែម្តង ដ្បិតអី​បើ​ការប្រកួត​អូសបន្លាយ ឬ​វាយ​តាម​លក្ខណៈ​ស្ទាបស្ទង់​តាម​បច្ចេកទេស​វិញ គឺ​ឱកាស​ឈ្នះ​របស់ ចាននី មាន​តិច​ណាស់​»​។

ចំណែក​កីឡាករ ចាន់ ប៊ុនហឿន វិញ បាន​និយាយថា​៖ «​ខ្ញុំ​ក៏​មិន​នឹកស្មាន​ដល់​ថា ចាញ់​សន្លប់​យ៉ាង​លឿន​បែបនេះ​ដែរ​។ គាត់​ទាត់​ត្រូវ​ដៃ​ខ្ញុំ គឺអាច​ទ្រាំ​បាន ប៉ុន្តែ​ខ្ញុំ​ឈឺ​កែងជើង តាំងពី​វគ្គ​ជម្រុះ ក្រោយពេល​ឈ្នះ​កីឡាករ ធន់ ចាន់តាក់ បន្ទាប់មក​ពេល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ខ្ញុំ​ទាត់​ចូល​កែងដៃ ចាន់នី នាំ​ឱ្យជើង​ខ្ញុំ​កាន់តែ​ឈឺ និង​បន្ថែម​ត្រូវ​ដៃ​ទៀត គឺ​ខ្ញុំ​សុំ​ចុះចាញ់​តែម្តង ក្នុង​ទឹក​ទី​ ១»៕