ភ្នំពេញៈ សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា បាន​រកឃើញ​បេក្ខភាព​ជាខ្លាំង ដែល​ឈ្នះ​បាន​មេដាយមាស ក្នុង​ការប្រកួត​កីឡា​ប្រដាល់សកល​ជ្រើសរើស ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​ ២០២១ នៅលើ​ ១០ ​ប្រភេទ​ទម្ងន់ ជា​ផ្លូវការ​ហើយ បន្ទាប់ពី បាន​ចំណាយពេល​ប្រកួត​ចំនួន​ ៤ ​ថ្ងៃ និង​បានបញ្ចប់​កាលពី​ថ្ងៃអាទិត្យ​។

តាមរយៈ​ការប្រកួត ដែល​មាន​បេក្ខភាព​ចូលរួម​សរុប​ចំនួន​ ១០៤ ​នាក់ និង​មាន​កីឡាការិនី​ត្រឹម​ ៤ ​នាក់ ដែល​ប្រកួត​តែ​លើ​ទម្ងន់​ ៥៧ ​គីឡូក្រាម​នោះ គឺ​មន្ត្រីជំនាញ​របស់​សហព័ន្ធ​កីឡាប្រដាល់​សកល​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​ទៅលើ​លទ្ធផល​បច្ចេកទេស​ទទួល​បាន​។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា បង្ហាញ​នូវ​មោទនភាព ដោយ​ប្រាប់ថា ប្រដាល់សកល​ចាប់ផ្តើម​មាន​សកម្មភាព​ប្រកួត​ច្រើន ធ្វើឱ្យ​កម្រិត​បច្ចេកទេស​របស់​កីឡាករ-កីឡាការិនី កើនឡើង​ខ្ពស់ និង​មាន​ភាពរីកចម្រើន​ជាង​បណ្តា​ឆ្នាំមុនៗ ព្រមទាំង​មាន​វិស័យ​ឯកជន​ជួយ​គាំទ្រ​បន្ថែម​ពី​លើ​កម្មវិធី​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

លោក​បន្ថែមថា​៖ «​ចំពោះ​បច្ចេកទេស​ផ្តល់​ពិន្ទុ​វិញ គណៈកម្មការ​រៀបចំ​ក្នុង​នោះ​មាន​ចៅក្រម និង​អាជ្ញាកណ្តាល បាន​បំពេញ​កាតព្វកិច្ច​ជា​ចៅក្រម​អាជ្ញាកណ្តាល ដោយ​កាត់សេចក្តី​បានល្អ គឺ​ឈ្នះ​ច្បាស់ ខណៈ​ដែល​ការប្រកួតប្រជែង​ចាញ់ ឬ​ឈ្នះ មិនសូវ​សន្លប់​ដូច​មុនៗ​ទេ​»​។

តាមរយៈ​នៃ​ការប្រកួត​នៅលើ​ប្រភេទ​ទម្ងន់​ទាំង​ ១០ នា​ឆ្នាំ​ ២០២១​នេះ គឺមាន​ ៩ ​ប្រភេទ​ទម្ងន់​ទៅហើយ ដែល​ក្រុម​អត្តពលិក​ជម្រើសជាតិ​ប្រដាល់​សកល​កម្ពុជា ប្រចាំឆ្នាំ​ ២០២១ ​នេះ ដណ្តើមបាន​មេដាយមាស​ក្នុង​នោះ​មាន​កីឡាករ អំ ខេម ដណ្តើមបាន​លេខ​ ១ លើ​ទម្ងន់​ ៤៨ ​គ.ក្រ កីឡាករ នៅ សុខទី ឈ្នះ​មេដាយមាស​លើ​ទម្ងន់​ ៥១ ​គ.ក្រ សៅ រង្សី ឈ្នះ​មេដាយមាស​ក្នុង​ទម្ងន់​ ៥៤ ​គ.ក្រ អ៊ូច ធារិទ្ធ បាន​លេខ​ ១ ក្នុង​ទម្ងន់​ ៥៧ ​គ.ក្រ និង ទូច ដេវីត ឈ្នះ​មេដាយមាស​ក្នុង​ទម្ងន់​ ៦០ ​គីឡូក្រាម​។

ចំណែក​កីឡាករ​ជម្រើសជាតិ សែត សារិត បាន​ក្លាយជា​ជើងឯក​ក្នុង​ទម្ងន់​ ៦៣,៥ ​គ.ក្រ រីឯ​ជើង​ខ្លាំង វី សុភ័ស បាន​មេដាយមាស ក្នុង​ទម្ងន់​ ៦៧ ​គីឡូក្រាម ខណៈ​កីឡាករ ឈួន ម៉ាញ (​ថៃ រិទ្ធី​) បានឈ្នះ​មេដាយមាស លើ​ទម្ងន់​ ៧៥ ​គីឡូក្រាម ហើយ​ការប្រកួត​ផ្នែក​នារី​ទម្ងន់​ ៥៧ ​គ.ក្រ លេខ​ ១ បាន​ទៅ វី ស្រីស្រស់ ដែល​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​ដូចគ្នា ប៉ុន្តែ​ការប្រកួត​ទម្ងន់​ ៧១ ​គីឡូក្រាម បាន​ទៅលើ​កីឡាករ មឿន សុខហ៊ុច​។

ជាមួយ​លទ្ធផល​រួម​នេះ លោក ប៊ុយ សុភ័ណ្ឌ បញ្ជាក់ថា​៖ «​សម្រាប់​ក្រុម​អត្តពលិក ជាប់​ជា​ក្រុម​ជម្រើសជាតិ​ឆ្នាំ​ ២០២១ ដែលមាន​ចំណាត់ថ្នាក់​ល្អ គឺ​នៅតែ​ជា​ក្រុម​ជម្រើសជាតិ ក្នុង​ឆ្នាំ​ ២០២២ ​បន្តទៀត ហើយ​បើ​សរុប​ជាទូទៅ យើង​ពិនិត្យឃើញ​ថា ក្នុងចំណោម​ក្រុម​អត្តពលិក​ជម្រើសជាតិ​ ១៣ ​នាក់ គឺមាន​ ១១ ​នាក់ នៅ​រក្សាបាន​កម្រិត​បច្ចេកទេស​នៅ​ជា​ជម្រើសជាតិ​ដដែល គឺមាន​តែ​ ២ ​នាក់ បាន​ធ្លាក់​ចេញ ដោយសារ​ការប្រកួត​ធ្លាក់ចុះ និង​មាន​ម្នាក់ទៀត មិន​គោរព​វិន័យ និង​បទបញ្ជា ហេតុនេះ​ត្រូវ​ធ្លាក់​ពី​ក្រុម​ជម្រើសជាតិ ឆ្នាំ​ ២០២២»៕