ភ្នំពេញ៖ អគ្គ​លេខាធិការ​នៃ​គណៈ​គម្មាធិការជាតិ​រៀប​ចំ​​ស៊ីហ្គេម ​ឆ្នាំ​ ២០២៣ (​CAMSOC) ​បាន​អះអាង​ថា លោក​​បណ្ឌិត ​ថោង ខុន នៅ​ក្នុង​កិច្ច​ប្រជុំ កាលពី​ព្រឹក​ថ្ងៃអង្គារ បាន​ណែនាំ​​ដល់​គណៈកម្មការ​ជំនាញ​របស់​ខ្លួនទាំង​អស់ ​ឱ្យ​​ផ្តោត​ទៅ​លើ​ការ​រៀប​ចំទីលាន​ប្រកួត ​ការ​ត្រៀម​លើ​ការ​ហូបចុក ស្នាក់នៅ ព្រមទាំង​​ការ​​គ្រប់គ្រង​ពហុកីឡដ្ឋានជាតិ​មរតកតេជោ​ និង​ភូមិ​កីឡា​ជាដើម​ ឱ្យ​បាន​ល្អ​ប្រសើរ​។

ជាមួយ​គ្នា​នោះ​គណៈ​អចិន្ត្រៃយ៍ CAMSOC កំពុង​ស្នើ​សុំ​គោលការណ៍​ពី​លោក​​ឧបនាយក​រដ្ឋមន្ត្រី​​រដ្ឋមន្រ្តី​​ក្រសួងការពារ​ជាតិ ​និង​ជា​ប្រធាន​ CAMSOC ទៀ បាញ់ ​ដើម្បី​រៀប​ចំ​សិក្ខាសាលា​មួយ ​ស្តីពី​អភិបាល​កិច្ចល្អ​ ក្នុង​គោល​ដៅ​ជំរុញ​ឱ្យ​​ការ​ត្រៀម​លក្ខណៈ​សម្បត្តិ ​ធ្វើជា​ម្ចាស់​ផ្ទះ​របស់​កម្ពុជា ​មាន​ភាព​រលូន​គ្រប់​ជ្រុង​ជ្រោយ​ ទៅ​តាម​ផែន​គម្រោង​មេ​។​

នៅ​​ក្រោយ​កិច្ច​​ប្រជុំ​ ប្រចាំ​សប្តាហ៍​​របស់ CAMSOC កាលពីព្រឹក​ថ្ងៃអង្គារ​នេះ លោក​ វ៉ាត់ ​ចំរើន​ ជាអគ្គលេខាធិការ CAMSOC បានប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​៖ ​«ទិស​ដៅ​បន្ត ​សម្រាប់​ឆ្នាំ ២០២២ ​ខាង​មុខ ​គឺ​​ត្រៀម​រៀប​ចំ​ធ្វើ​សិក្ខា​សាលា​ ស្តីពី​អភិបាល​កិច្ច​ល្អ ​ក្នុង​ការ​គ្រប់​គ្រង ​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម-​អាស៊ាន​ប៉ារ៉ាហ្គេម ​ឆ្នាំ​ ២០២៣ ហើយ​សិក្ខា​សាលា​នេះ​ នឹង​ធ្វើ​ឱ្យ​កាន់​តែ​មានភាព​ច្បាស់​លាស់ ប្រកប​ដោយ​តម្លាភាព ​គណ​នេយ្យភាព និង​ភាពស្មោះ​ត្រង់ ​ក្នុង​​ការងារ​​ប្រកប​ដោយ​ការ​ទទួល​ត្រូវ​ខ្ពស់»។​

ជាមួយនោះ សិក្ខា​សាលា​ នឹង​រៀប​ចំ​ចង​ក្រង ​នូវ​ក្រម​សីល​ធម៌ ​ដាក់​ជូន​ដល់​គណៈ​កម្មការ​ជំនាញ​ទាំង​អស់ ​ក្រោមការ​គ្រប់​គ្រង​របស់​ CAMSOC ​ព្រម​ទាំង​អាជ្ញាធរ​ និង​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ដើម្បី​ជំរុញឱ្យ​​ការ​អនុវត្ត​ផែន​ការ​មេ​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ​​សម្រេច​ជោគជ័យ​ល្អ​ អ៊ីចឹង​​ឆ្នាំ​ ២០២២​ គឺ​ជា​ដំណាក់​កាល​រៀប​ចំ​អនុវត្ត​ ដំណើរ​ការ​ស៊ីហ្គេម​ ឆ្នាំ​ ២០២៣ ​និង​ឱ្យ​​គ្រប់​​ការងារ​ទាំងអស់ ​បានដំណើរ​​ឆ្ពោះ​ទៅ​ព្រម​គ្នា ​ប្រកប​ដោយ​រលូន​ច្បាស់​លាស់។​

លោក ​វ៉ាត់ ​ចំរើន ​​បានបន្ថែម​​ថា​៖ «​ឯកឧត្តម​​បណ្ឌិត ​ថោង ​ខុន ​ក្នុង​នាម​ជា​ប្រធាន​ក្រុម​ប្រឹក្សាកីឡាអាស៊ី​អាគ្នេយ៍​ នឹង​ដឹក​នាំកិច្ច​ប្រជុំ​សមាជិក​អាស៊ីអាគ្នេយ៍​ ដែល​មាន ​១១ ​ប្រទេស នៅ​ខែ​កុម្ភៈ​ ឆ្នាំ​ ២០២២ ​ដើម្បី​កំណត់​បង្ហាញ​ពី​វិញ្ញាសា និង​ប្រភេទ​កីឡា​ឱ្យ​បាន​រួច​រាល់​ទាំងអស់»។​

អគ្គលេខាធិការ​រូបនេះ បាន​បន្ថែម​ទៀត​ថា៖​ «​យើង​បាន​ធ្វើ​កិច្ចការ​ទាំង​អស់នេះ​ ជា​ជំហានៗ​ ហើយ​បាន​យក​គោលការណ៍​ណែនាំ​របស់​សម្តេច​ពិជ័យសេនា ​ទៀ បាញ់​ ក្នុង​ឱកាស​បើក​សម្ពោធ​វិមានកីឡដ្ឋាន ​នៃ​ពហុកី​ឡ​ដ្ឋាន​ជាតិ​មរតក​តេជោ​ កាល​ពី​ថ្ងៃទី ១៨ ​ខែធ្នូ ​ឆ្នាំ ​២០២១ ​ដែល​បានដាក់​ចេញ​នូវសារៈ​សំខាន់ៗ​នោះ​ យក​មក​អនុវត្ត ​សម្រាប់​ឆ្នាំ ២០២២ និង​ឆ្នាំ ២០២៣ ​ដែល​ជា​ឆ្នាំ​គន្លឹះ​​ស៊ីហ្គេម​ និង​អាស៊ាន​ប៉ារ៉ាហ្គេម»​។

ចំណែក​បណ្ឌិត ​ថោង ​ខុន ​រដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍ និង​ជាអនុ​ប្រធាន​អចិន្ត្រៃយ៍​CAMSOC ដែល​បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ ​ដើម្បី​ពិនិត្យ​រៀប​ចំ​របាយការណ៍​បូក​សរុប​ប្រចាំ​ឆ្នាំ ​២០២១​​នេះ បាន​ថ្លែង​​ថា​៖ «​យើង​រៀប​ចំ ​ដើម្បី​ទទួល​ភ្ញៀវអត្តពលិក​អន្តរជាតិ ​ប្រកប​ដោយ​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូ​ ក្នុង​ឋានៈ​កម្ពុជា​ជា​ម្ចាស់​ផ្ទះ ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ លើក​ទី ​៣២ ​និង​ការ​ប្រកួត​កីឡា​ជន​ពិការ​អាស៊ាន​ប៉ារ៉ាហ្គេម​ លើកទី​ ១២ ​ឆ្នាំ ​២០២៣​ គឺ​ជា​ប្រ​វត្តិ​សាស្ត្រ​នៃ​កម្ពុជា ​ដែល​យើង​ទាំង​អស់​​គ្នា​គប្បី​យ​ក​ចិត្ត​ទុក​ដាក់​បំផុត»​៕​