​ភ្នំពេញៈ អ្នក​ប្រដាល់​គុន​ខ្មែរ​កម្រិត​មធ្យម មកពី​ក្លិប​ប្រដាល់​មកុដ​រាជសីហ៍​នៃ​សមាគម​​ប្រដាល់​ក្រសួងមហាផ្ទៃ លី តឿន បាន​អំពាវនាវ​ដល់​សប្បុរជន និង​អ្នកមាន​ចិត្តធម៌ មេត្តាជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ខ្លួន ដើម្បី​អាចមាន​លទ្ធភាព​ចិញ្ចឹម​កូនភ្លោះ​តូចៗ ដែល​កំពុង​គ្មាន​ទីពឹង ខណៈ​រូបគេ​បាន​បាក់ឆ្អឹង​ស្មងជើង​ស្តាំ ពេល​ឡើង​ប្រកួត​ជាមួយ​កីឡាករ សេក គឹម​ផាក នៅលើ​សង្វៀន​បាយ័ន កាលពី​ថ្ងៃអាទិត្យ ហើយ​មិនទាន់​ដឹង​ថ្ងៃ​ណាបានជា​សះ​​ស្បើយ អា​ចរក​ចំណូល​ជួយ​ដល់​ប្រពន្ធ​កូន​បាន​វិញ​នោះ​។​

​ជាមួយគ្នានេះ ដោយ​បញ្ហា​ជីវភាព​លំបាក​ខ្លាំង និង​មានកូន​-​ភ្លោះ​២​នាក់ តូចៗ​ផង​នោះ លី តឿន បាន​បង្ខំចិត្ត​នាំ​ប្រពន្ធ និង​កូន ទៅរក​គ្រូខ្មែរ ដើម្បី​ព្យាបាល​អប​ឆ្អឹង នៅឯ​ស្រុកកំណើត ខេត្តកំពង់ស្ពឺ​ហើយ ខណៈ​រូបគេ គ្មាន​ថវិកា​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​វះកាត់នៅ​មន្ទីរពេទ្យ​នោះ ហើយ​នេះ​ក៏បាន​បង្ហាញ​ពី​រសជាតិ​ជីវិត អ្នកមាន​ជីវភាព​ក្រក្រី យកមុខរ​បរជា​អ្នក​ឡើង​ប្រដាល់ ដើម្បី​ជីវភាព​រស់​កំដរ​សង្គម​ផងដែរ ។

​ប្រភពពី​ប្រពន្ធ​របស់ លី តឿន បាន​ប្រាប់ថា​៖ «​តាំងពី​បញ្ហា​កូ​វីដ ​១៩ ​ឆ្លង​ខ្លាំង រយៈពេល​ជិត​ ២​ ឆ្នាំ​មកនេះ ប្តី​ខ្ញុំ មិនសូវ​បាន​ប្រកួត​ទេ ដោយ​យូរៗ ចាប់​គូ​បាន​ប្រកួត​ម្តង ព្រោះ​យើង​មិនសូវ​ល្បី​ដូច​គេ ហើយ​ការងារ ជា​កមុ្ម​ករ​សំណង់ក៏​រក​មិន​បានដែរ​»​។​

​ភរិយា​របស់ លី តឿន បាន​បន្ថែមថា​៖ «​ខ្ញុំ​មានកូន​ ២​ នាក់ គឺ​ភ្លោះ​ស្រី ​១ ប្រុស ​១ ដោយ​ស្នាក់នៅ​ផ្ទះជួល ម្តុំ​គីឡូ​លេខ ​៦ រាជធានី​ភ្នំពេញ ដើម្បី​ហាត់​ឡើង​ប្រកួត គឺ​យូរៗ​បាន​ម្តង មិនមែន​បាន​ប្រកួត​ញឹកញាប់​ដូច​គេ​នោះទេ គឺ​ទើបតែ​ថ្មីៗ​នេះ បាន​ប្រកួត​ញឹក​ជាង​មុន ប៉ុន្តែ​ឥឡូវ​ដល់ពេល​មាន​គ្រោះថ្នាក់​របួស​បាក់ជើង​បែបនេះ មានតែ​ទៅ​ស្រុក​​កំណើត នៅឯ​ភូមិ​ក្រពើ​តី ឃុំ​គ្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បី​ព្យាបាល​តាម​លក្ខណៈ​គ្រូ​បុរាណ​ខ្មែរ ដោយ​គាត់​ជួយ​ព្យាបាល​អស់​លុយ​តិច ព្រោះ​យើង​ក្រ​ណាស់​»​។​

​លី តឿន ជា​កីឡាករ​ល្អ​លំដាប់​មធ្យម ដោយបាន​ចាប់យក​អាជីព​ប្រដាល់​នេះ អស់​រយៈពេល​ជិត ​១០ ​ឆ្នាំ​មកហើយ ប៉ុន្តែ​ពេល​មាន​របួសធ្ងន់​បែបនេះ លី តឿន បាន​និយាយថា​៖ «​ខ្ញុំ​ប្រកួត​លែងកើត​ហើយ ព្រោះ​ក្រោយពេល​ពេទ្យ​ថត គឺ​បាក់ឆ្អឹង​ស្មងជើង​ស្តាំ ហើយ​ឥឡូវនេះ មានការ​លំបាក​ខ្លាំងណាស់ ដោយមាន​កូនតូច​ភ្លោះ​ចំនួន ​២ ​នាក់​ផង​»​។​

«​មុន​ខ្ញុំ​រងរបួស ខ្ញុំ​ជួយ​បង្ហាត់ កាន់​ស៊ី​ប​ឱ្យគេ​ហាត់ បាន​ប្រាក់​​ចំណូល​ខ្លះ​ដែរ គឺ​ហាត់​តាំង​ពីមុន​ប្រកួត រហូត​ប្រកួត​ចប់ គេ​ឱ្យ ​៦ ​ម៉ឺន​រៀល​ដែរ ចំណែក​ប្រពន្ធ​ខ្ញុំ​ជួយ​មើល​កូន​ផង និង​រែក​នំ​បញ្ចុក​លក់​ខ្លះ​ផង ដើម្បី​បង្គ្រប់​ជីវភាព​ដ៏​លំបាក ហើយ​ពេលនេះ ជីវិត​ខ្ញុំលំបាក​កាន់តែ​ធ្ងន់ធ្ងរ មិនដឹងថា បានជា​សះស្បើយអាច​ឡើង​ប្រកួត​បាន ឬ​អត់​នោះឡើយ​»​។​

​លី តឿន បាន​បន្ថែមថា​៖ «​ខ្ញុំ​គ្មាន​លុយ​ព្យាបាល នៅ​ពេទ្យ​ភ្នំពេញ​ទេ គឺមាន​តែ​រក​គ្រូ​បុរាណ​ខ្មែរ​ព្យាបាលនៅ​ស្រុកកំណើត ទើប​អាចមាន​លទ្ធភាព ចំណែក​ខាង​សហព័ន្ធបាន​ជួយ​ខ្ញុំ ​១៥០ ​ដុល្លារ រីឯ​ខាង​សង្វៀន​បាយ័ន ជួយ​ថ្លៃ​ថត ហើយ​មិនទាន់​ដឹងថា គេ​ជួយ​អ្វី​ទៀត​នោះទេ​»​។​

​ទាំង​ក្តី​អស់សង្ឃឹម លី តឿន បាន​ពោល​ដ៏​រំជួលចិត្ត ជាមួយ​ការសុំ​អង្វរ​ដល់​សប្បុរសជន​ជិត​​ឆ្ងាយ​បែបនេះ​ថា​៖ «​ពេលនេះ ខ្ញុំ​អាច​បញ្ចប់​ការប្រកួត ដោយសារ​របួស​មិនដឹង​ពេលណា​បាន​សះ​ស្បើយ​ឡើយ ហើយ​បច្ចុប្បន្ន​គ្មាន​នរណា​ជួយ​ចិញ្ចឹម​កូន​ខ្ញុំ​ទេ ដូច្នេះ​ខ្ញុំ​សុំ​អង្វរ​ដល់​សប្បុរសជន មេត្តាជួយ​ខ្ញុំក្នុងអំឡុងពេល​បាក់ជើង​នេះ​ផង ព្រោះ​ខ្ញុំ​គ្មាន​ចំណូល​ទេ ហើយ​ឈឺ​ទៀត​»៕