​ភ្នំពេញ​: អ្នក​ប្រដាល់​ឆ្នើម​ចំនួន ៤ ​នាក់ ក្នុង​ទម្ងន់ ៦០ ​គីឡូក្រាម ដែល​ត្រៀមខ្លួន ក្នុងការ​ចាប់ឆ្នោត​ចូលរួម​ប្រកួត​ដណ្តើម​យកប្រាក់​ចំនួន ៣ ​លាន ៤ ​សែន​រៀល ត្រូវបាន​រៀបរយ​រួចហើយ ដើម្បី​ប្រកួតនៅ​ព្រលប់​ថ្ងៃអាទិត្យ ទី ​២ ខែ មករា ឆ្នាំ ​២០២២ នៅ​សង្វៀន​ថោ​ន ខណៈដែល​កីឡាករ ថា សារុន មកពី​ក្លិប​ពុទ្ធ​សេរី​វង្ស (​ពីមុន​ឈ្មោះ សឹង្ហ សារុន​) ដែល​គេ​កត់សម្គាល់​ឃើញថា មាន​បទ​ពិសោធ​ចាស់វស្សា​ជាងគេ​នោះ ត្រូវដាក់​ឲ្យ​ប្រកួតប្រជែង​ជាមួយ​ដៃគូ ៣​ នាក់​ទៀត មាន​កីឡាករ​សេក គឹម​សាន្ត មកពី​សៀមរាប ខាន់ ឃ​ន មកពី​ក្លិប​បញ្ជាការដ្ឋាន និង​ឌុន រៃ​យ៉ា មកពី​ក្លិប​អេ​ភូ​ថង ដោយ​កីឡាករ​ទាំងនោះ​នឹង​តទល់​គ្នា ក្នុងការ​ប្រកួត ២ ​វគ្គ​នៃ​ពេល​តែមួយ​។​

​ក្នុង​សមាសភាព​អ្នក​ប្រដាល់​ចំនួន ៤ ​រូប ដែល​ត្រៀម​សម្រាប់​ការប្រកួត​ដណ្តើម​ទឹកប្រាក់​ប្រចាំ​សប្តាហ៍​នេះ វត្តមាន​របស់​កីឡាករ ថា សារុន ត្រូវបាន​គេ​ស្គាល់​ថា ជា​កីឡា​ករចាស់​-​វស្សា​ជាងគេ ខណៈ​កីឡាករ ៣ ​នាក់​ទៀត ដែល​ចូលខ្លួន​មក​ចាប់ឆ្នោត​ប្រកួត គឺមាន ខាន់ ឃ​ន​, ឌុន រៃ​យ៉ា និង​សេក គឹម​សាន្ត ក្នុង​ប្រភេទ​ទម្ងន់ ៦០ ​គីឡូក្រាម​ដូចគ្នា​នោះ ត្រូវបាន​គេ​មើល​ឃើញថា ខ្ចី​វស្សា​ជាង ប៉ុន្តែ​ការ​​ប្រកួត​របស់​ពួកគេ ជា​កីឡាករ​ចិត្តធំ ចូល​វាយ​សម្រុក​ខ្លាំងៗ​អស់ពី​សមត្ថភាព​។

​សម្រាប់​ប្រវត្តិ​នៃ​ការប្រកួត​របស់​កីឡាករ​ទាំងនោះ ថា សារុន ធ្លាប់​ប្រកួត​ចំនួន ៩៧ ​លើក ឈ្នះ ៦០ ​លើក ចាញ់ ៣៥ ​លើក និង​ស្មើ ២ ​លើក ក្នុងនោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​ចំនួន ១២​ លើក​។ ខាន់ ឃ​ន ប្រកួត​បាន ៣៣ ​លើក ឈ្នះ ២៨ ​លើក ចាញ់ ៣ ​លើក និង​ស្មើ ២ ​លើក ក្នុងនោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​ចំនួន ៩ ​លើក​។ ឌុន រៃ​យ៉ា ប្រកួត​បាន​ចំនួន ៦០ ​លើក ឈ្នះ ៣៥ ​លើក ចាញ់ ១០​ លើក និង​ស្មើ ៥ ​លើក ក្នុងនោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​ចំនួន ១២ ​លើក ហើយ​សេក គឹម​សាន្ត ធ្លាប់​ប្រកួត​បាន​ចំនួន ៩៧ ​លើក ឈ្នះ ៦២​ លើក ចាញ់ ៣០​ លើក និង​ស្មើ ៥ ​លើក ក្នុងនោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​ចំនួន ១៧ ​លើក​។​

​លោក ជួប វុត្ថា អ្នក​ផ្គូផ្គង​ប្រចាំ​សង្វៀន​ថោ​ន បាន​និយាយថា​៖ «​សម្រាប់​សមាសភាពអ្នក​ប្រដាល់​ចំនួន ៤ ​រូបនេះ បើ​ពិនិត្យ​ទៅលើ​បទពិសោធ និង​សមត្ថភាព យើង​ឃើញថា កីឡាករ ថា សារុន ល្អ​ជាងគេ ចាស់វស្សា​ជាងគេ តែ​អាចមាន​ចំណុចខ្សោយ​ជាងគេ​វិញ ដោយ​បញ្ហា​កម្លាំង ពីព្រោះ​មាន​អាយុ​ចាស់​ជាងគេ​។ តែបើ​ពិនិត្យ​ទៅ​មើ​លពី​បច្ចេកទេស​ប្រយុទ្ធ​វិញ ថា សារុន មានប្រៀប​ផ្នែក​ក្បាច់​កែង និង​ជង្គង់ ដោយ​ចំណុចខ្សោយ គឺ​គ្រាន់តែ​ខ្លាច​ខ្សោយកម្លាំង នៅ​ចុង​ទឹក​ប៉ុណ្ណោះ​។ តែ​យ៉ាងណា នេះ​ក៏​ជា​ឱកាស​ថ្មី​មួយទៀត​របស់​ ថា សារុន ក្នុងការ​ដណ្តើមយក​ប្រាក់​រង្វាន់​ប្រចាំ​សប្តាហ៍ ខណៈដែល​ដៃគូ​ប្រជែង​ភាគច្រើន​ជើង​ថ្មី​ជាង​»​។​

​ថា សារុន និយាយថា​៖ «​ខ្ញុំ​ក៏​គិតថា មានឱកាស​ឈ្នះ​ប្រាក់​លាន​ពេលនេះ តែ​ក្នុងចំណោម​អ្នក​ប្រដាល់​ទាំង ៣ ​នាក់​នេះ ​មាន​កីឡាករ​ម្នាក់ គឺ ​សេក គឹម​​សាន្ត ជា​ឧបសគ្គ​ធំ​ដែរ គឺ​មិន​ងាយ​យកឈ្នះ​ឡើយ​។ ទោះជា​យ៉ាងណា ខ្ញុំ​នៅតែ​ប្រឹងប្រែង ដើម្បី​ប្រាក់រង្វាន់​មួយ​នេះ ព្រោះ​ជា​ឱកាសល្អ​បំផុត​នាពេលនេះ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​»​។​

​លោក ណន រិ​ទ្ធ គ្រូបង្វឹក បាន​និយាយថា​៖ «​សារុន ហ្វឹកហាត់​បានល្អ ដោយ​សង្ឃឹម​ដណ្តើមបាន​ប្រាក់​លាន​នេះ​ឱ្យបាន​មុ្ត​ង​។ ខ្ញុំ​ក៏​មើលឃើញថា សារុន មានប្រៀប​ផ្នែក​បច្ចេកទេស​ជង្គង់ និង​ទាត់​ល្អ​ដែរ ប៉ុន្តែ​ពិបាក​សន្និដ្ឋាន​ចំពោះ​ការ​វាយ​សម្រុក​ខ្លាំងៗ​ជាប់ៗ​គ្នា អាច​ប្រឈម​ទៅនឹង​កម្លាំង​ធ្លាក់ចុះ​។ ខ្ញុំ​សង្ឃឹម​ឈ្នះ​ដល់​ទៅ ៨០ ​ភាគរយ​»​។​

​កីឡាករ ខាន់ ឃ​ន និង​ ឌុន រៃ​យ៉ា ជា​កីឡាករ​ជំនាន់​ក្រោយ​ទឹកចិត្ត​ប្រកួត​ខ្លាំង តែ​លោក ណន រិ​ទ្ធ បាន​បញ្ជាក់ថា គ្មាន​ឧបសគ្គ​ធំ​នោះទេ ព្រោះ​បទ​​ពិសោធ​នៅ​ខ្ចី​ជាង​។ ជាមួយគ្នានេះ ខាន់ ឃ​ន និង​ឌុន រៃ​យ៉ា និយាយ​ខ្លី​ស្រដៀង​គ្នា​ថា មិនទាន់​ដឹង​យ៉ាងណាទេ ប៉ុន្តែ​ធានា​វ៉ៃ​អស់ពី​សមត្ថភាព​។​

​ចំណែក​លោក សេក គឹម​ស៊ន គ្រូបង្វឹក​ សេក គឹម​សាន្ត និយាយថា​៖ «​ខ្ញុំ​មិន​ហ៊ាន​និយាយ​មុន​ទេ​ចាំ​មើលទៅ ប្រសិនបើ ​ថា សារុន មានឱកាស​ប៉ះ​ជាមួយ សេក គឹម​សាន្ត ពិតជា​លំបាក​ហើយ មិនមែន​ស៊ី​ផុយ​ទេ​»៕