​ភ្នំពេញៈ ព្រឹត្តិការណ៍​ប្រកួត​ថ្មី​ឈ្មោះថា «​អធិរាជ​គុន​ខ្មែរ ISI PIPE-ISI PALM» ដែល​ត្រូវបាន​បង្កើតឡើង នៅលើ​សង្វៀន​​ថោ​ន ក្រោម​ការសហការ​ជាមួយនឹង​ម្ចាស់​ឧបត្ថម្ភ​ក្រុមហ៊ុន ISI STEEL និង​សហព័ន្ធ​កីឡា​​ប្រដាល់​គុន​ខ្មែរ​នោះ នឹង​ក្លាយជា​ការប្រកួត​ដ៏​ធំ ប្លែក មិន​ធ្លាប់​មាននៅ​កម្ពុជា ហើយ​ប្រាក់រង្វាន់​ក៏​ច្រើន​ទៀត​។​

​កីឡាករ​ជើង​ខ្លាំង​លំដាប់​ល្អៗ​ទម្ងន់ ៦០ ​គីឡូក្រាម នៅក្នុង​ស្រុក​ចំនួន ៨ ​នាក់ ត្រូវបាន​សម្រិត​​សម្រាំង​រួចហើយ ដើម្បី​ត្រៀម​ការប្រកួត​នេះ ដោយ​ពួកគេត្រូវបាន​បែងចែក​ជា ២ ​ពូ​ល ក្នុងនោះ ពូ​ល A មាន​កីឡាករ ម៉ន សា​ម៉េ​ត​, វេ​ង សុ​ភ័​ក្រ​, ជ័រ ពៅ និង ចាន់ សំអាត ខណៈ​ពូ​ល B មាន​កីឡាករ អេ​លី​ត ចំរើន​, សេក ចៅ​ជូត​, ឈុត សេរី​វ៉ាន់​ថន និង វ៉ាន់ វឿន ហើយ​នេះ​ជា​កម្ម​​វិធី​មួយទៀត​របស់​សង្វៀន​ថោ​ន ដែល​ត្រូវ​ប្រកួត​ចាប់ពី​ម៉ោង​ ១១​ ថ្ងៃត្រង់​តទៅ គឺ​បន្ថែម​ទៅលើ​កម្ម​-​វិធី​ចាស់ ដែល​ធ្វើ​ពេល​ល្ងាច នៅ​ថ្ងៃអាទិត្យ​ដូចគ្នា​។​

​តាម​លោក ជួប វុត្ថា អ្នក​ផ្គូផ្គង និង​ជា​អ្នកសម្របសម្រួល​ប្រចាំ​សង្វៀន​ថោ​ន បានឱ្យដឹងថា កីឡាករ​កម្ពុជា​ទាំង ៨ ​នាក់​នេះ ត្រូវ​ប្រកួត​គ្នា នៅតាម​ពូ​ល​រៀងៗ​ខ្លួន ហើយ​អ្នក​បាន​លេខ ​១ នៅតាម​ពូ​ល​ទាំង ​២ នឹង​ទទួលបាន​ខ្សែក្រវាត់​មាស ១ ​ម្នាក់ អមដោយ​ប្រាក់រង្វាន់​ចំនួន ៤ ​ពាន់​ដុល្លារ​រៀងៗ​ខ្លួន ហើយ​អ្នក​លេខ ​២ តាម​ពូ​ល​ទាំង ​២ បាន​ម្នាក់ៗ​ចំនួន ២ ​ពាន់​ដុល្លារ​។​

​មិនតែប៉ុណ្ណោះ អ្នក​បាន​លេខ​ ១ និង​លេខ ​២ ​ប្រចាំ​ពូ​ល ​A និង​ពូ​ល ​B នេះ នឹង​ទទួលបាន​ឱកាស​កាន់តែ​ពិសេស គឺ​ពួកគេត្រូវ​ដាក់ឱ្យ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ចំនួន​ ៤ ​នាក់​ទៀត តាម​រូបមន្ត​ចាញ់​ធ្លាក់ៗ រហូត​រកឃើញ​អ្នកឈ្នះ​ ២ ​នាក់ ឡើងទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ ដណ្តើមយក​ខ្សែ​​ក្រវាត់​មាស​ពិភពលោក​គុន​ខ្មែរ (World Kun Khmer) អម​​ដោយ​ប្រាក់រង្វាន់​លេខ​ ១ បាន ​១ ​ម៉ឺន​ដុល្លារ និង​លេខ ​២ បាន ​៣ ​ពាន់​ដុល្លារ​។

​តំណាង​គណៈកម្មការ​ប្រដាល់​​ពិភពលោក ប្រចាំ​ស្ថានីយ​ទូរ​​ទស្សន៍​ថោ​ន លោក គឹម ស្រ៊ុន​​កុសល បាន​និយាយ នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​ ២៦ ខែធ្នូ​ថា នាពេល​បច្ចុប្បន្ន កីឡាប្រដាល់​គុន​បុរាណ​ខ្មែរ មានការ​ពេញនិយម​គាំទ្រ​គ្រប់​ទិស​​ទី និង​បាន​បោះជំហាន​ទៅមុខ​ ១ ​ដំណាក់កាល​ទៀត​។​

​លោក​បាន​បន្តថា​៖ «​ចំណែក​ព្រឹត្តិការណ៍​ថ្មី អធិរាជ​គុន​ខ្មែរ ISI PIPE-ISI PALM នេះ នឹង​នាំយក​កីឡាករ​កម្ពុជា ចូលទៅ​ប្រកួត​លើស​ង្វៀន​លំដាប់​អន្តរ​​ជាតិ ដើម្បី​បង្ហាញ​ឱ្យ​ពិភពលោក បានឃើញ និង​ស្គាល់​ប្រដាល់​​គុន​ខ្មែរកាន់តែច្បាស់​ថា ជា​ក្បាច់​​គុនដែល​ដូនតា​ខ្មែរបាន​បន្សល់ទុកតាំងពី​បុរាណកាល រហូតដល់​បច្ចុប្បន្ន ហើយ​គុន​ខ្មែរនៅតែមាន​ឈ្មោះ​ល្បី​ខ្លាំង នៅក្នុង​កម្រិត​ពិភពលោក​»​។​

​យ៉ាងណាក៏ដោយ លោក គឹម ស្រ៊ុន​កុសល ក៏បាន​បញ្ជាក់ទៀតថា​៖ «​កីឡាករដែលមាន​សមត្ថភាព​ខ្លាំង​ពិតប្រាកដ នោះ​ទើប​អាច​ដណ្ដើមបាន ខ្សែក្រវាត់​​មាស​ពីស​ង្វៀន​ថោ​ន ពោលគឺ​មិនអាច​វ៉ៃ​លំៗ ដណ្តើមយក​ត្រឹម​ជ័យជម្នះ​បានឡើយ ពីព្រោះ​គណៈកម្មការ តម្រូវឱ្យមាន​លក្ខខណ្ឌ​ប្រកួត​ជម្រុះ ត្រៀម​ទៅ​ប្រកួត​ជាមួយ​ក្រុម​កីឡាករ​​បរទេស មាន​រហស្សនាម អ្នក​​ពិឃាត (Killer) ចំនួន ៤ ​ប្រទេស​ផ្សេងទៀត ដើម្បី​មក​ដណ្ដើម​ខ្សែក្រវាត់​មាស​លំដាប់​ពិភពលោក គឺ​មិនមែនជា​រឿង​ងាយស្រួល​នោះឡើយ​»​។​

​យ៉ាងណាមិញ សម្រាប់​ការ​​ប្រកួត​បើកឆាក នៅលើ​សង្វៀន​​ថោ​ន ថ្ងៃអាទិត្យ​នេះ ជាការ​ប្រកួត​ជម្រុះ​ជុំ​ទី​១ រវាង​បេក្ខភាព​ទាំង ៤ ​នាក់ ដែល​ឈរ​នៅ​ពូ​ល ​A ដោយ​ក្នុងនោះ​កីឡាករ​ជើងចាស់ ម៉ន សា​ម៉េ​ត ត្រូវ​ជួប វេ​ង សុ​ភ័​ក្រ ហើយ ជ័រ ពៅ ត្រូវ​ប្រកួត​ជាមួយ ចាន់ សំអាត​៕