​ភ្នំពេញ​: កីឡា​ប្រភេទ​ប្រយុទ្ធ ដែល​ផ្តោត​ខ្លាំង​ទៅលើ​ស្នៀត​កាច់ ក្លេ ចាប់​កាច់​បោក និង​ទាត់ ពោល​គឺមាន​លក្ខណៈ​ប្រឈម​នឹង​គ្រោះថ្នាក់ គឺ​កីឡា​ហាប់​គី​ដូ ដែលមាន​ប្រភព​មកពី​ប្រទេស​កូរ៉េខាងត្បូង​នោះ ដោយសារ​បញ្ហា​កូ​វីដ ​១៩ រាតត្បាត​ខ្លាំង នាំឱ្យ​ខកខាន​ការហ្វឹកហាត់​ជាង ១​ ឆ្នាំ ដោយ​ត្រូវបាន​បាត់​សកម្មភាព​ទាំងស្រុង សូម្បីតែ​ហាត់​ត្រឹម​សុខភាព​ក៏​ស្ងាត់​ដែរ ពីព្រោះ​តែមាន​ការហាម​កា​រ​ជួបជុំ ឬ​ប្រមូលផ្តុំ​។​

​ពេលនេះ​សហព័ន្ធ​ខ្មែរ​កីឡា​​ហាប់​គី​ដូ ចាប់ផ្តើម​ប្រមូលផ្តុំ​ជាថ្មី ក្រោយ​កូ​វីដ ​១៩ ធូរស្រាល ហើយ​ក្រសួង​អប់រំ​យុវជន និង​កីឡា បានអនុញ្ញាត​ឱ្យមាន​កា​រ​​ប្រមូលផ្តុំ​ហាត់​ឡើងវិញ ដើម្បី​ពង្រឹងសមត្ថភាព​អត្ត​ព​លិ​ក និង​ហាត់​ដើម្បី​សុខភាព​ផងដែរ​។ លោក គង់ ចាន់​ធី​ណា គ្រូបង្វឹក និង​ជា​អគ្គលេខាធិការ​សហព័ន្ធ បានឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍ ​ដឹងថា ឥឡូវ​ដោយសារ​ស្ថានភាព​កូ​វីដ ​១៩ ធូរស្រាល ពោលគឺ​មាន​ឆ្លង​តិច​​តួច ហើយ​រាជរដ្ឋាភិបាល បាន​បើក​គ្រប់​អាជីវកម្ម​ឡើងវិញ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ ក៏​ចាប់ផ្ដើម​ហ្វឹកហាត់​ឡើងវិញ​ដែរ ដោយ​ធ្វើឡើង​នៅឯ​ក្លិប​ប្រដាល់ Cambodian Top Team ដែលជា​ការផ្ដល់​ទីតាំង​ពី លោក ហ៊ុន ច័ន្ទ​រាជ្យ អ្នក​និយម​ហាត់​ក្បាច់គុន​ចម្រុះ​។​

​លោក គង់ ចាន់​ធី​ណា ជា​គ្រូ​​បង្វឹក​ជើងចាស់​បទពិសោធ​ច្រើន​ឆ្នាំ​នោះ បាន​ប្រាប់ថា​៖ «​ដោយ​បញ្ហា​ឆ្លង​កូ​វីដ ​១៩ កន្លងមក កីឡា​ហាប់​គី​ដូ​ខកខាន​ហ្វឹក​​ហាត់​ជាង ១ ​ឆ្នាំ តែ​ឥឡូវ​ធូរ​​ស្រាល ហើយ​ក្រសួង​ក៏បាន​អនុញ្ញាត​ជាគោលការណ៍​ហាត់​វិញ ដោយមាន​លក្ខណៈ​ប្រុង​​ប្រយ័ត្ន​ខ្ពស់​។ ដូច្នេះ យើង​បាន​ប្រមូល​ឱ្យមាន​ការហ្វឹកហាត់​ឡើងវិញ​។ ការហ្វឹកហាត់​ឡើងវិញ​ជា​បណ្ដើរៗ​នេះ គឺ​ដើម្បី​ជាការ​ផ្ដល់ដំណឹង​ដល់​សិស្សៗ និង​ជាការ​ពង្រឹង​ក្បាច់​ស្នៀត​ឡើងវិញ​កុំឱ្យ​ភ្លេច ព្រោះ​ម្នាក់ៗ​ខាន​ហាត់​យូរ អ៊ីចឹង​អាច​នឹងគាំង ឬ​ធ្លាក់​កម្លាំង​ជាដើម​»​។

​តែ​ការវិល​មក​ប្រមូលផ្តុំ​ឡើងវិញ​នេះ គឺ​មិនបាន​ចូលទៅ​ពហុ​​កីឡាដ្ឋាន​ជាតិ​ដូច​មុន​ទេ គឺ​ចូល​ហាត់ នៅ​ក្លិប​ឯកជន ដែលមាន​ឈ្មោះ​ក្លិប​ប្រដាល់ Cambodian Top Team ដែលមាន​ទីតាំង នៅ​ម្តុំ​វត្ត​ទួល​ទំពូង រាជ​ធានី​ភ្នំពេញ​។​

​ក្រោយ​ឆ្នាំ​ ១៩៧៩ មកដល់​បច្ចុប្បន្ន ទោះបី​ប្រភេទ​កីឡា​ហាប់​គី​ដូ មាន​សកម្មភាព​មិនសូវ​ល្បីល្បាញ ឬ​ពេញនិយម​សម្រាប់​អ្នក​ហាត់គុណ ដើម្បី​ប្រកួត ប៉ុន្តែ​មានការ​ហាត់​ពេញ​​និយម សម្រាប់​ការពារ​ខ្លួន​។ កីឡា​ប្រភេទ​នេះ គឺ​មិនមែនជា​ការប្រកួតប្រជែង​ជា​លក្ខណៈ​ឈ្នះ​ចាញ់ ជា​ចម្បង​នោះទេ ពី​​ព្រោះ​ប្រឈម​ទៅនឹង​គ្រោះថ្នាក់​ខ្លាំង ប៉ុន្តែ​ប្រកួតប្រជែង​ដាក់ពិន្ទុ​ឡើង​ខ្សែក្រវាត់​។​

​ប្រហែល ៥ ​ឆ្នាំ​ចុង​ក្រោយនេះ ហាប់​គី​ដូ ទទួលបាន​ការហាត់ នៅ​ដំបូល​អគារ​សូ​ហ្វ​តិ​ន្នី​ស ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ហ្វឹកហាត់ ដោយ​គេចចេញ​ផុតពី​ការ​ហ្វឹក​​ហាត់​តាម​ទីសាធារណៈ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​មកទៀត ក្នុង​បញ្ហា​កូ​វីដ​ ១៩ ជិត ២ ​ឆ្នាំនេះ គឺ​គ្មាន​សកម្មភាព​ទេ ដោយ​​សារ​ពហុ​កីឡដ្ឋាន​ជាតិ ជាប់​ដាក់ អ្នកជំងឺ​កូ​វីដ ​១៩ ទើប​គ្រប់​កីឡានៅ​ទីនោះ មិនទាន់​អាច​ចូល​ហ្វឹកហាត់​វិញ​បាន​ដូចគ្នា​។​

​យុវជន គង់ មិថុនា ជា​គ្រូ​​ជំនួយ ដែល​និយម​ហាត់គុន​ហាប់​គី​ដូប្រាប់ថា​៖ «​ខ្ញុំ​សប្បាយ​ចិត្តខ្លាំង នៅពេល​ក្រសួង និង​ថ្នាក់ដឹកនាំ​អនុញ្ញាតឱ្យ​បើក​មានការ​ប្រមូលផ្តុំ​ហាត់​ឡើងវិញ ដើម្បី​សុខភាព និង​ការពារ​ខ្លួន​ផងដែរ​។ ឥឡូវ​សហព័ន្ធកំណត់​ពេលវេលា នៅពេល​ល្ងាច​ម៉ោង ៥ រយៈពេល ២​ ថ្ងៃ សៅរ៍ និង​អាទិត្យ ដើម្បី​ពង្រឹងសមត្ថភាព និង​សុខភាព ព្រមទាំង​ប្រុង​​ប្រយ័ត្ន ចំពោះ​អនាម័យ​ជា​ចម្បង​។ អ្នក​មក​ហាត់​ជាប្រចាំ​ទើបតែ​ប្រហែល​ជាង ១០ ​នាក់ ក្នុងនោះ​មាន​សិស្ស​ច្បង​ខ្សែ​​ក្រវាត់​ខ្មៅ និង​សិស្ស​ថ្មី​ផងដែរ គឺអាច​ទាក់ទង​ហាត់​ផ្ទាល់ នៅ​ជិត​ទួល​ទំពូង ដែល​ឈ្មោះថា ក្លិប​ប្រដាល់ Cambodian Top Team»៕