​ភ្នំពេញៈ ការខ្វែងគំនិត​គ្នា ទៅលើ​ការរៀបចំ​របត់​ថ្មី នៃ​លី​គ​កំពូល​កម្ពុជា ដែល​បាន​ប្តូរ​ឈ្មោះ​មកជា Cambodian Premier League 2022 (CPL) នោះ បាន​រកឃើញ​ដំណោះស្រាយ​ហើយ បន្ទាប់ពី​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) លោក សៅ សុខា និង​លោក Satoshi Saito ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា បាន​បើក​កិច្ចប្រជុំ ដោយផ្ទាល់ ជាមួយ​ក្លិប​ទាំងអស់ កាលពីពេល​ថ្មីៗ​នេះ​។​

​ជាមួយគ្នានេះ CPL បាន​ឈានដល់​ការសម្រេច​ជា​ផ្លូវការ ដោយ​កំណត់​យក​ត្រឹម ​៨ ​ក្រុម មាន​ក្រុម​ភ្នំពេញ​ក្រោ​ន ព្រះខ័ន​​រាជ​ស្វាយរៀង វិសាខា ណាហ្គា​វើ​លដ៍ បឹងកេត អង្គ​រថា​យ​ហ្គឺ​រ កង​យោធ​ព​ខេមរភូមិន្ទ និង​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ឱ្យ​លេង​នៅ​លី​គ​កំពូល​រដូវ​កាល​ថ្មី ឆ្នាំ​ ២០២២ នេះ ដោយ​ក្រុម​ទាំង ​៨ ​នេះ ត្រូវធ្វើ​ការប្រកួត​រហូត​ដល់​ ៣​ ជើង សរុប​ស្មើនឹង​ ១៦៨ ​ប្រកួត ដើម្បី​រក​ក្រុម​ម្ចាស់​ជើងឯក ខណៈ​ការប្រកួត នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ៥ ខែមីនាតទៅ​។​

​ចំណែក​ក្រុម​អាស៊ី​អឺរ៉ុប នគរ​​បាល​ជាតិ អគ្គិសនី​កម្ពុជា ខេត្ត​ព្រៃវែង និង​ក្រុម​សូល​ទី​ឡូ​អង្គរ ដែល​ធ្លាប់​លេង​នៅ​លី​គ​កំពូល​កម្ពុជា ឆ្នាំ ​២០២១ ត្រូវដាក់​ឱ្យមក​លេង​នៅ​លី​គ​២ ខណៈ​លី​គ​២ ឆ្នាំ​២០២២ ​នេះ មាន​ចំនួន ​១២ ​ក្រុម​។ តែ​ទោះបីជា​យ៉ាង​​ណា លោក សៅ សុខា បាន​ប្រាប់​ឱ្យ​ក្លិប​ទាំងអស់ ទាំង​លេង​នៅ​លី​គ​កំពូល និង​លី​គ​២ ត្រូវ​ធ្វើការ​រួមគ្នា ដើម្បី​អនាគត​ដ៏​ប្រសើរ​របស់​បាល់ទាត់​កម្ពុជា​។​

​លោក Satoshi Saito ​បាន​ស្រង់​យក​ប្រសាសន៍​របស់លោក សៅ សុខា បាន​និយាយ​ទៅកាន់​តំណាង​ក្លិប​ទាំងអស់នៅក្នុងកិច្ចប្រជុំ កន្លងមកនេះ​ថា​៖ «​វា​ជាការ​សម្រេចចិត្ត​ដ៏​លំបាក​មួយ (​ការ​កាត់​ក្រុម​នៅ​លី​គ​កំពូល ឱ្យទៅ​លេង​នៅ​លី​គ​២) ប៉ុន្តែ​គ្មាន​កំណែទម្រង់​ណា ដែល​មិនមាន​ការឈឺចាប់​នោះទេ​។ ប្រធាន FFC បានបញ្ជាក់​យ៉ាងច្បាស់​ថា ទំនួល​ខុសត្រូវ​ទាំងអស់ ស្ថិត​​នៅលើ​ខ្ញុំ ហើយ​បាន​ប្រាប់​ក្លិប​ទាំងអស់​ឱ្យធ្វើ​ការរួម​គ្នា ដើម្បី​បង្កើត​អនាគត ដ៏​ល្អប្រសើរ​ជាមួយគ្នា​»​។​

​នាយក​ប្រតិបត្តិ​ជនជាតិ​ជប៉ុន លោក Satoshi បាន​បន្ថែមថា​៖ «​លោក​ប្រធានក៏បាន​លើក​​ទឹកចិត្តដល់​កីឡាករ ជាពិសេស​ក្លិប​នៅ​លី​គ​២ ឱ្យ​រក្សា​ការលើកទឹកចិត្ត និង​លេង ទោះបី​ស្ថិតក្នុង​ស្ថានភាព​បែបណា​ក៏ដោយ ព្រោះ​កំណែទម្រង់​នេះ ជា​ទំព័រ​ថ្មី​មួយ សម្រាប់​លី​គ​កម្ពុជា ហើយ​មាន​សារៈសំខាន់ ក្នុងការ​នាំយក​លី​គ​កម្ពុជា ឡើង​តាម​ស្តង់ដា​ពិភពលោក ចំណែក​ខ្ញុំ​មាន​ទំនុក​​ចិត្ត​ថា ការសម្រេចចិត្ត​នេះ​នឹង​រួមចំណែក​ដល់​ជោគជ័យ​នៃ​ការ​​ឆ្ពោះទៅកាន់​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ ​២០២៣ នៅពេល​កម្ពុជាធ្វើជា​ម្ចាស់ផ្ទះ​»​។​

​ចំពោះ​សារៈសំខាន់​មួយទៀត ដែល​បានលើកឡើង ក្នុង​កិច្ច​ប្រជុំ​នោះ គឺ​លោក សៅ សុខា និង​លោក Satoshi បាន​ប្រាប់​ទៅ​ក្លិប ដែល​ត្រូវ​លី​កនៅ​កំពូល​កម្ពុជា ឆ្នាំ​ ២០២២​ នេះ កុំឱ្យ​មើល​​រំលង​កម្រិត​លេង​របស់​ក្រុម​នៅ​លី​គ​២ ព្រោះ League 2 ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់ CPL ហើយ​គម្រោង​រៀបចំ សម្រាប់​ការប្រកួត​រដូវ​កាល​ថ្មី​នេះ ត្រូវបាន​យល់ព្រមដោយ​ក្លិប​ទាំងអស់​។​

​លោក Satoshi បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​បញ្ចេញ​មតិយោបល់នៅក្នុង​កិច្ចប្រជុំ ដើម្បី​ឆ្លើយតប​ទៅនឹង​ការរិះគន់​របស់​ក្លិប​នៅ League 2 ប៉ុន្តែ CPL ជឿថា League 2 គឺជា​គ្រួសារ​តែមួយ ព្រោះ​ក្រុម​ដែលមាន​លទ្ធភាពនៅ​លី​គ​២ នឹងត្រូវ​ត្រឡប់​មកលេង​នៅ​លី​គ​កំពូល​វិញ​នា​រដូវ​កាលក្រោយ ហេតុនេះ​លោក​ប្រធាន FFC ជឿជាក់ថា រដូវ​កាល​ឆ្នាំ​ ២០២២ នឹងមាន​ការប្រកួត​​ប្រជែង​ខ្លាំង​ជាង​ឆ្នាំមុន​»៕