The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - NPCC កំពុង​ជ្រើសរើស​អត្ត​ព​លិ​ក​ជនពិការ ត្រៀម​ប្រមាញ់​យក​មេដាយ​ជូន​ជាតិ​

NPCC កំពុង​ជ្រើសរើស​អត្ត​ព​លិ​ក​ជនពិការ ត្រៀម​ប្រមាញ់​យក​មេដាយ​ជូន​ជាតិ​

Content image - Phnom Penh Post
កីឡាករ​ជនពិការផ្នែក​បាល់បោះលើ​រទេះ ពេលមក​ធ្វើ​តេស្តជាមួយ NPCC។ រូប សហ​ការី

NPCC កំពុង​ជ្រើសរើស​អត្ត​ព​លិ​ក​ជនពិការ ត្រៀម​ប្រមាញ់​យក​មេដាយ​ជូន​ជាតិ​

ភ្នំ​​ពេញៈ គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​-​ឡាំ​ពិ​ក​កម្ពុជា (NPCC) បាន​​និង​កំពុងបើក​យុទ្ធនាការ​ជ្រើសរើស​អត្ត​ព​លិ​ក​ជនពិការ ដែលមាន​ទេព​​កោសល្យ និង​សមត្ថភាព នៅតាម​ខេត្ត​ផ្សេងៗ ដើម្បី​យកមក​បង្វឹក​បន្ថែម នៅក្នុង​ក្រុម​ជម្រើសជាតិ​ជនពិការ សម្រាប់​ត្រៀម​ចេញទៅ​ប្រមាញ់​យក​មេដាយ​ជូន​ជាតិនៅពេល​កម្ពុជាធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​ ២០២៣​។​

​គិត​មកដល់ពេលនេះ ក្រុមមន្ត្រី​ជំនាញ​របស់​គណៈកម្មាធិកា​រ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​ចុះទៅ​រៀបចំ​ការប្រកួត​តេស្ត​សមត្ថភាព និង​ជ្រើស​​រើស​កីឡាករ កីឡាការិនី​ជនពិការ បាន​ចំនួន​ ៣​ខេត្តហើយ ហើយ​សម្រាប់​ការចុះទៅ​បំពេញ​បេស​ក​​កម្មនេះ NPCC បានជ្រើសរើស​អត្ត​ព​លិ​ក​កីឡា​ជនពិការ ទាំង​ទៅលើ​ប្រភេទ​កីឡាបាល់បោះ​រទេះ ប៊ូល ប៉េតង់ ប៊ូ​ស្យា បាល់ទះ​អង្គុយ និង​ប្រភេទ​កីឡា​ជនពិការ​ជាច្រើន​ទៀត ព្រោះ​ប្រភេទ​វិញ្ញាសា​ទាំងនេះ សុទ្ធតែ​ត្រូវ​ត្រៀម​ដាក់បញ្ចូល នៅក្នុង​ការ​​ប្រកួត​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ពេល​ប្រទេស​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​ ២០២៣​។​

«​យុទ្ធនាការ​តាម​បណ្តា​ខេត្ត​នេះ គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បានធ្វើ​រួចហើយ នៅ​ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និង​ខេត្តសៀមរាប ក្នុង​គោលដៅ​ជ្រើសរើស​កីឡាករ កីឡាការិនី​ជនពិការ ដែលមាន​ទេពកោសល្យ យកមក​ហ្វឹក​​ហាត់​ដុសខាត់​កម្រិត​សមត្ថភាព​បន្ថែម ទៅតាម​ជំនាញ​របស់​ពួកគេ ដើម្បី​ត្រៀម​ដណ្តើម​មេដាយ​ជូន​ជាតិ ក្នុងឋានៈ​កម្ពុជា កំពុង​ឆ្ពោះទៅ​ទទួល​រៀបចំ​ការប្រកួត​កីឡា​ជនពិការ អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង របស់​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់​ពី​បញ្ចប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ ​២០២៣ ប្រមាណ ​២ ​សប្តាហ៍​»​។​

​នេះ​ជាការ​លើកឡើង​របស់លោក យី វាសនា អគ្គលេខាធិការ គណៈ​​ក​ម្មា​ធិ​ការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​ប្រាប់​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយនៅពេល​លោក រួមជាមួយ​ក្រុមមន្ត្រី​ជំនាញ លោក សុខ ជា និង​លោកស្រី សុង សុខ​លាប និង​អ្នក​ផ្សេងទៀត បាន​ចុះទៅ​បំពេញការងារ លើ​ការ​​ជ្រើសរើស​អត្ត​ព​លិ​ក​ជនពិការ​នេះ នៅក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃទី ​១១ ខែ មករា ឆ្នាំ​ ២០២២​។​

​មន្ត្រី​ជំនាញ​របស់ NPCC លោក យី វាសនា បាន​អះអាងថា យុទ្ធនាការ​នេះ នឹង​បន្ត​ទៅកាន់​ខេត្ត​ផ្សេងៗ​ទៀត ដើម្បី​ជ្រើសរើស​ឱ្យបាន​ធនធាន​ល្អៗ គ្រប់​ចំនួន ទៅតាម​ការគ្រោងទុក សម្រាប់​ត្រៀម​ទៅកាន់​ការប្រកួតប៉ា​រ៉ា​ហ្គេម ឆ្នាំ ​២០២៣​។​

​លោក យី វាសនា បាន​បញ្ជាក់ថា យុទ្ធនាការ​នេះ នឹង​បន្ត​ទៅកាន់​ខេត្ត​ជាច្រើន​ទៀត ដើម្បី​ជ្រើសរើស​ឱ្យបាន​ធនធាន​ល្អៗ​លើ​ប្រភេទ​កីឡា​តាម​ជំនាញ ចំនួន ​២០០​ នាក់ រួមទាំង​ប្រតិភូ​គ្រូបង្វឹក មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម និង​អ្នកស្ម័គ្រចិត្ត ប្រមាណ​ជា​ ៣០០ ​នាក់​ទៀត ដើម្បី​ត្រៀម​គ្រប់​ទម្រង់សម្រាប់​ចូលរួមហែ​ក្បួន ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​ ២០២៣ ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​»៕

អត្ថបទគួរចាប់អារម្មណ៍