The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Bowen ស៊ុត​បញ្ចូល​ទី ២ ​គ្រាប់ ខណៈ West Ham ឈ្នះ ២-០




Bowen ស៊ុត​បញ្ចូល​ទី ២ ​គ្រាប់ ខណៈ West Ham ឈ្នះ ២-០

Content image - Phnom Penh Post
Bowen ស៊ុតបញ្ចូល​ទីឱ្យ West Ham នាំមុខ Norwich ១-០ អំឡុងការប្រកួតនៅលីគ កាលពីថ្ងៃពុធ។ AFP

Bowen ស៊ុត​បញ្ចូល​ទី ២ ​គ្រាប់ ខណៈ West Ham ឈ្នះ ២-០

ក្រុង​ឡុង​ដ៍​: ខ្សែបម្រើ Jarrod Bowen ស៊ុត​បញ្ចូល​ទី ២ ​គ្រាប់​ម្នាក់ឯង ខណៈដែល​ក្រុម West Ham United បាន​វិល​​ត្រឡប់​ទៅ​ឈរ​ក្នុងចំណោម​ក្រុម​នៅ​ទី​កំពូល​ទាំង ​៤ ក្នុង​តារាង​ពិន្ទុ​នៃ​ក្របខ័ណ្ឌ Premier League វិញ ជាមួយនឹង​ជ័យជម្នះ ២-០ នៅ​ទឹកដី​ខ្លួនឯង​លើ​រុម​បាត​តារាង Norwich City កាលពី​ថ្ងៃ​ពុធ​។​

​គ្រាប់​បាល់​ទាំង​ទ្វេ​របស់​កីឡាករ Bowen ដែល​ធ្វើ​ឱ្យគេ​មាន​គ្រាប់​បាល់​សរុប ៨ ​គ្រាប់ នា​រដូវ​កាល​នេះនោះ បាន​នាំឱ្យ​ក្រុម​ញញួរ​ធំ West Ham នាំមុខ​ដាច់ ២​ ពិន្ទុ​លើ​ក្រុម​គូប្រជែង​រួម​ក្រុង​ឡុង​ដ៍ Arsenal ខណៈដែល​ក្រុម​របស់លោក David Moyes ប្រកាស​ពី​ជ័យជម្នះ​នៅ​លី​គ ៣​ លើក​ជាប់ៗ​គ្នា​។​

«​យើង​ត្រូវ​ប្រឹងប្រែង និង​បន្ត​រក្សា​លទ្ធផល​បែបនេះ​ទៀត​។ ដរាបណា​យើង​ស្ថិតនៅ និង​ចងភ្ជាប់​ជាមួយនឹង​ចំណាត់​​ថ្នាក់​នៃ​ការ​បាន​សិទ្ធិ​ទៅលេង​នៅ​អឺរ៉ុប នោះ​នឹង​ជា​រឿង​ល្អ​មែនទែន តែ​ប្រសិនបើ​យើង​អាច​យក​គំរូ​តាម​ភាព​ជោគ​​ជ័យ​របស់​ក្រុមនៅ​ពីលើ​យើង នោះ​គឺជា​អ្វី ដែល​យើង​នឹង​ព្យាយាម​ប្រឹងប្រែង និង​ធ្វើឱ្យបាន​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកចាត់ការ​ក្រុម West Ham លោក Moyes ដែល​បាន​ប្រាប់​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ BBC​។​

​ដោយឡែក​ពាក់ព័ន្ធ​នឹង​ការ​​ប្រកួត​វិញ លោក Moyes បាន​ប្រាប់​យ៉ាងខ្លីៗ​ថា​៖ «​យើង​សម​នឹង​បាន​ជ័យជម្នះ​នេះ​ទាំង​​ស្រុង តែ​វា​មិនមែន​ងាយស្រួល​នោះឡើយ​»​។​

​គ្រូបង្វឹក​របស់​ក្រុម Norwich លោក Dean Smith មានការ​ខកចិត្ត​ជាមួយ​នឹង​វិធី​​សាស្ត្រ​នៃ​ការ​ចាញ់​ចុងក្រោយ​នេះ តែ​បានបញ្ជាក់​អះអាងថា គ្រប់យ៉ាង គឺ​នៅ​ឆ្ងាយ​ពី​ភាព​​បរាជ័យ សម្រាប់​ក្រុម​កូនចាប​ពណ៌​លឿង ក្នុងការ​ប្រឹង​តស៊ូ​ប្រយុទ្ធ​ទប់ទល់​នឹង​ការ​ត្រូវ​ធ្លាក់​ពី​លី​គ​កំពូល​អង់គ្លេស​។​

«​យើង​ត្រូវបាន​វាយប្រហារ​ពី​ខាងក្រៅដែលថា ពួកយើង​មិន​សម​មានមុខនៅ Premier League ទេ​។ តែ​យើង​តាមតែ ៣​ ពិន្ទុ​ប៉ុណ្ណោះ ពី​ទី​សុវត្ថិភាព ហើយ​ខ្ញុំ​មាន​ក្រុម​កីឡាករដែលមាន​ការប្ដេជ្ញា និង​ស្មោះ​​ត្រង់​»​។ នេះ​ជាការ​លើកឡើង​របស់លោក Smith​។​

​នៅក្នុង​ការប្រកួត ដែល​ត្រូវ​បានរៀបចំ​ឡើងវិញ​ពី​ខែធ្នូ ដោយសារតែ​មានការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ ​១៩ ក្នុង​ក្រុម Norwich កីឡាករ Bowen ស្ទើរ​​តែ​បាន​ជួយ​ឱ្យ​ក្រុម West Ham នាំមុខ​ទៅហើយ ក្នុង​ប្រមាណ​ជា ២​ នាទី នៅឯ​កីឡដ្ឋាន London ពេលដែល​ខ្សែបម្រើ Manuel Lanzini បញ្ជូន​បាល់​ចូលទៅក្នុង​តំបន់​គ្រោះថ្នាក់ តែ​ការ​ស៊ុត​របស់គេ គឺ​នៅ​កៀក​នឹង​អ្នកចាំទី​ Tim Krul ពេក​។​

​ក្រុម West Ham ស៊ុត​បញ្ចូល​ទី​បាននៅ​នាទី​ទី​៣៥ នៅពេលដែល​កា​រប​ញ្ចូ​ន​បាល់​ចូល​ប្រអប់​គ្រោះថ្នាក់​របស់​កីឡាករ Bowen តម្រង់​ចូល​ទី​តែម្ដង តែ​គ្រាប់​បាល់​នោះ ត្រូវបាន​បដិសេធ ដោយសារ​ខ្សែ​​បម្រើ​ប្រយុទ្ធ Nikola Vlasic ឈរ​នៅក្នុង​ជំហរ​អកហេ្ស៊ី​។​

​តែ​យ៉ាងណាក្ដី ការ​គ្រប​​សង្កត់​ញយ​ដង​របស់​ពួកគេ ទទួលបាន​ផល​នៅ ៣​ នាទី មុន​ឈប់សម្រាក​វគ្គ​ទី​១ នៅពេលដែល​កីឡាករ Bowen មានឱកាស​តែ​ត​បញ្ចូល​ទី​នូវ​គ្រាប់​បាល់ ដែល​លើក​ចូល​ប្រអប់​គ្រោះថ្នាក់​ដោយ​ខ្សែ​​ការពារ Vladimir Coufal​។ ខ្សែប្រយុទ្ធ Michail Antonio គួរតែ​បាន​ជួយ​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ​នាំមុខ ២-០ ទៅហើយ នៅ​ដើម​វគ្គ​ទី​២ តែ​ការ​ស៊ុត​របស់​កីឡាករ​សញ្ជាតិ​ហ្សា​ម៉ា​អ៊ី​ក​រូបនេះ ហោះ​រំលង​របារ​ទី​។​

​ក្នុងពេល​តាម​ពីក្រោយ ១-០ នោះ ក្រុម Norwich នៅមាន​សង្ឃឹម​នៅឡើយ​ទេ ហើយ​ពួកគេ​ប៊ិះ​នឹង​តាម​ស្មើ​ទៀតផង តែ​គួរឱ្យ​ស្ដាយ ការ​ស៊ុត​របស់​កីឡាករ Adam Idah ត្រូវបាន​អ្នកចាំទី Lukasz Fabianski របស់​ក្រុម West Ham ទះ​បាន ហើយ​បាល់​ប៉ើង​ទៅបុក​បង្គោល​ទី​។​

​តែ​នៅ​ទីបំផុត ខ្សែបម្រើ​ស្លាប​សញ្ជាតិ​អង់គ្លេស​វ័យ ២៥ ​ឆ្នាំ Bowen អាចធ្វើ​បា​នស​ម្រ​ច​គ្រាប់​ទី​២ របស់ខ្លួន ក៏ដូចជា​ជួយ​ធានាថា ហ្គេម​នេះ នឹង​បញ្ចប់ទៅដោយ​ជ័យជម្នះ​ជា​របស់​ក្រុម West Ham នៅ​ប្រមាណ​ជា ៧​ នាទី ចប់​ម៉ោង​ ៩០ ​នាទី​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។