The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Sanchez ស៊ុត​បញ្ចូល​ទី​ឱ្យ Inter លើក​ពាន Super Cup




Sanchez ស៊ុត​បញ្ចូល​ទី​ឱ្យ Inter លើក​ពាន Super Cup

Content image - Phnom Penh Post
កីឡាកររបស់ក្រុម Inter លើកពានកម្មវិធី Super Cup​​ ក្រោយឈ្នះ Juve ២-១ ក្នុងម៉ោងបន្ថែមពិសេស។ AFP

Sanchez ស៊ុត​បញ្ចូល​ទី​ឱ្យ Inter លើក​ពាន Super Cup

ក្រុង​មី​ឡាន: កីឡាករ Alexis Sanchez បាន​និយាយថា រូបគេ​មាន​អារម្មណ៍​ថា ខ្លួនឯង​ដូច​សត្វ​តោ ១ ​ក្បាល នៅក្នុង​ទ្រុង បន្ទាប់ពី​ការ​ស៊ុត​នៅ​វិនាទី​ចុងក្រោយ​របស់គេ​បាន​នាំឱ្យ​ពាន​កម្មវិធី Italian Super Cup ធ្លាក់​ទៅក្នុង​ដៃ​របស់​ក្រុម Inter Milan ដោយសារ​មានជ័យ​ជម្នះ ២-១ លើ​ក្រុម​គូ​​ប្រជែង​ចាស់ Juventus ក្រោយពី​ត​ម៉ោង​ពិសេស ១៥​ នាទី ក្នុងការ​ប្រកួតកាលពី​ថ្ងៃ​ពុធ​។​

​ជាមួយនឹង​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​កាត់ក្ដី ដែល​កំពុង​លេច​ស្រមោល​ស្ទុងៗ​ឡើង នៅឯ​កីឡដ្ឋាន San Siro នោះ ស្រាប់តែ​កីឡាករ Sanchez ធ្វើបាន​សម្រេច ១​ គ្រាប់​ដោយ​ការ​ស៊ុត​បាល់​ក្នុង​ប្រអប់​គ្រោះ​​ថ្នាក់ ជាមួយនឹង​រយៈ​ចម្ងាយ​យ៉ាង​កៀក​នឹង​អ្នកចាំទីនៅ​នាទី​ទី​១២១ នៃ​ការប្រកួត​ដ៏​ស្វិតស្វាញ ដើម្បី​ប្រគល់​ពាន​ទី១ ឱ្យ​គ្រូបង្វឹកលោក Simone Inzaghi គិត​ចាប់តាំងពី​ធ្វើ​ដំណើរ​មកដល់​ក្រុម Inter ដើម្បី​ជំនួស​តំណែង​លោក Antonio Conte នា​រដូវក្តៅ​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ី​លី Sanchez ដែល​ទើបតែ​ចាប់​​ផ្ដើម​លេង​បាន ៤ ​ដង​ប៉ុណ្ណោះ ក្នុង​រដូវ​កាល​នេះ ត្រូវបាន​ឱប​យ៉ាង​ណែនណាន់​ពី​មិត្ត​រួម​ក្រុម​ដ៏​រីករាយ ខណៈដែល​រូប​​គេរត់​យ៉ាង​លឿន​ទៅ​ខ្សែបន្ទាត់​ទីលាន ដើម្បី​អបអរ​ចំពោះ​គ្រាប់​បាល់​ជ័យជម្នះ ដែល​កើតមាន​ក្រោយ​គ្រាប់​បាល់ ពី​ការ​​ទាត់​បាល់​ពិន័យ ១១ ​ម៉ែត្រ នៅ​តង់​ទី១ របស់​កីឡាករ Lautaro Martinez ដែល​ជួយ​ឱ្យ​ក្រុម Inter តាម​ស្មើ​គ្រាប់​បាល់​បើកឆាក​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ Weston McKennie របស់​ក្រុម Juve។​

«​នោះ​ជា​អ្វី ដែល​កីឡាករ​កំពូលៗ​ពេញចិត្ត​។ យើង​កាន់​​តែ​លេង យើង​កាន់​តែមាន​អារម្មណ៍ល្អ​ឡើងៗ​។ ខ្ញុំ​មាន​អារម្មណ៍​ដូចជា​សត្វ​តោ​កំពុង​ជាប់ទ្រុង ដោយ​ប្រសិនបើ​ពួកគេ​ព្រមឱ្យ​ខ្ញុំ​ចូល​លេង នោះ​ខ្ញុំ​គឺ​សត្វ​ដ៏​កំណាច ១ ​ក្បាល​»​។ Sanchez បាន​និយាយ​។​

​ជ័យជម្នះ​នេះ​បាន​ជួយ​បន្ត​ទម្រង់​លេង​ល្អ​របស់​ក្រុម Inter ឱ្យ​កាន់តែ​ឆ្ងាយ​ឡើងៗ ដោយ​ឈ្នះ​ទាំង​អស់ពី​ការប្រកួត ៨ ​លើកចុងក្រោយ​របស់​ពួកគេ នៅក្នុង​ក្របខ័ណ្ឌ Serie A ដែល​ពេលនេះ ពួកគេ​នាំមុខ ១​ ពិន្ទុ ​ពី​ក្រុម​គូប្រជែង​ក្នុង​ក្រុង​ជាមួយគ្នា គឺ AC Milan។​

​គ្រូបង្វឹក​របស់​ក្រុម Inter លោក Inzaghi បាន​ប្រាប់​ឱ្យដឹងថា​៖ «​គាត់ (​ម្ចាស់​ក្លិប​) មាន​ក្ដី​រីករាយ​មែនទែន​។ គាត់​បាន​នាំ​ឱ្យមក​ជុំគ្នា និង​សរសើរ​ពួកយើង​។ ក្មេងៗ (​កីឡាករ​) បានធ្វើការ​ឆ្លើយតប​វិញ ពួកគេ​ចង់បាន​ប្រាក់រង្វាន់ ហើយ​ខ្ញុំ​គិតថា លោក​ប្រធាននឹង​ផ្ដល់ឱ្យ​មិន​ខាន​»​។​

​ប្រធាន​ក្លិប Inter លោក Steven Zhang ដែល​ពេញ​ដោយ​ក្ដីរំភើប​រីករាយបាន​ប្រាប់ថា​៖ «​នេះ​គឺជា​ពេលវេលា​ដ៏​ពិ​សេសមួយ​សម្រាប់​ពួក​​យើង​។ យើង​មាន​ក្ដី​សោមនស្ស​រីករាយ​។ ក្រុម​លេង​បានល្អ​​ណាស់ យើង​ក៏​ជាក​ក្រុម​នៅ​ទី​​កំពូលនៅ​លី​គ​ដែរ ហើយ​ពាន​​រង្វាន់​នេះ គឺជា​ផ្លែផ្កា​នៃ​កម្លាំង​ប្រឹងប្រែង​ទាំង​របស់​គ្រូបង្វឹក និង​កីឡាករ​»​។​

«​ខ្ញុំ​ពិតជា សប្បាយចិត្ត​ជាមួយនឹង​លទ្ធផល​នេះ​។ ការ​​ឈ្នះ​ពានរង្វាន់ ក្នុងពេល​វេលា​ដ៏​លំបាក​ក្នុង​ការប្រកួត​កីឡាបាល់ទាត់ ជំរុញ​ឱ្យ​យើង​បន្តដំណើរ​ទៅមុខ​។ ទាំងអស់នេះ គឺ​អាស្រ័យ​លើ​ការខិតខំ​ប្រឹង​ប្រែង​ទាំងអស់ ដែល​យើង​បានរួម​គ្នា ក្នុង​រយៈពេល ៦ ​ឆ្នាំ​ចុង​​ក្រោយនេះ​»​។ លោក​ប្រធាន​ក្លិប​បាន​បន្ត​។​

​ស្របពេល​ជាមួយគ្នានេះ សម្រាប់​ក្រុម Juve វិញ វា​ជាការ​ខកចិត្ត​មួយ​ផ្សេងទៀត ក្នុង​រដូវ​កាល​មួយ ដែល​មើលទៅ​ហាក់ដូចជា ពួកគេ​កំពុងមាន​ភាពប្រសើរឡើង​វិញ ក្នុង​រយៈ​​ពេល​ប៉ុន្មាន​ចុងក្រោយ​ខែ​នេះ បន្ទាប់ពី​ការបើកឆាក​រដូវ​កាល ពួកគេ​ជួប​នូវ​លទ្ធផល​មិនល្អ​ជា​ញឹកញាប់​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។