ក្រុង​រី​យ៉ា​ដ​: ក្រុម​អធិរាជ​ស Real Madrid បាន​កា្ល​យ​ជា​ម្ចាស់​ពាននៃ​កម្មវិធី Spanish Super Cup ដោយ​យកឈ្នះ​ក្រុម Athletic Bilbao ២-០ កាលពី​ថ្ងៃអាទិត្យ ខណៈដែល​គ្រាប់​បាល់​របស់​ខ្សែបម្រើ Luka Modric និង​គ្រាប់​បាល់​ពី​ការ​ទាត់​ពិន័យ ១១ ​ម៉ែត្រ​របស់​ខ្សែប្រយុទ្ធ Karim Benzema បាន​ជួយ​ធានាឱ្យមាន​ជ័យជម្នះ​ស្រួលៗ ពី​ការប្រកួត ក្នុង​ទឹកដី​នៃ​ប្រទេស​អា​រ៉ា​ប៊ី​ ​សា​អូ​៊​ឌី​ត​នេះ​។​

​ការបញ្ចប់​ទី​ដោយ​បច្ចេក​​ទេស​ស៊ុត​បាល់​កោង​របស់​កីឡាករ Modric ជិត​ចប់​វគ្គ​ទី១ និង​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​​ទី​សម្រេច​របស់​កីឡាករ Benzema នៅ​ដើម​វគ្គ​ទី​២ បាន​ដណ្ដើម​ជ័យជម្នះ​សម្រាប់​ក្រុម Real ដែល​បានឈ្នះ​ពានរង្វាន់​ជា​លើកដំបូង​របស់ខ្លួន ក្រោម​​ការដឹកនាំ​ជា​លើក​ទី​២ របស់លោក Carlo Ancelotti​។​

​ក្រុម Bilbao បាន​ទម្លាក់​ក្រុម Atletico Madrid ដែលជា​ជើងឯក​ក្របខ័ណ្ឌ La Liga ដើម្បី​បាន​ឡើងមក​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ តែ​ត្រូវ​រង​បរាជ័យ​យ៉ាង​យុត្តិធម៌នៅឯ​កីឡដ្ឋាន King Fahd ជាមួយនឹង​ទម្រង់​លេង​បែប​អាជីព ដែល​រៀបចំឡើង​ដោយ​ក្រុម Real ដែល​ឥឡូវនេះ បាន​ចាញ់​តែ​ម្តងគត់ ក្នុងចំណោម​ការប្រកួត ២០ ​លើកចុងក្រោយ​។​

​យ៉ាងណា ពួកគេ (Bilbao) បាន​នៅសល់​ក្តីសង្ឃឹម​ស្ដួច​​ស្ដើង​ដែរ នៅ​នាទី​ទី​៨៧ ពេលដែល​ពួកគេ​ទទួលបាន​ការទា​ត់បាល់​ពិន័យ ១១​ ម៉ែត្រ ហើយ​ខ្សែការពារ​របស់​ក្រុម​គូបដិបក្ខ Eder Militao ត្រូវ​បណ្តេញចេញ​ទៀត តែ​កីឡាករ Raul Garcia បាន​ស៊ុត​ប្លាត ដូច្នេះ ជោគជ័យ​របស់​ក្រុម Real គឺ​សុវត្ថិភាព​។​

​ក្រុម​អធិរាជ​ស​របស់លោក Ancelotti ត្រូវ​ប្រឈម​ជាមួយ​ក្រុម Elche នៅ​ថ្ងៃ​ពុធ ក្នុង​វគ្គ ៨ ​ក្រុម នៃ​កម្មវិធី Copa del Rey ហើយ​ជាមួយ​ក្រុម Paris Saint-Germain នា​ខែក្រោយ ក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយ នៅ​ក្របខ័ណ្ឌ Champions League​។ នៅ La Liga ពួក​​គេ កំពុង​នាំមុខ​ដាច់ ៥​ ពិន្ទុ នៅ​ទី​កំពូល​នៃ​តារាង​ពិន្ទុ​។​

«​វា​គឺជា​កម្លាំង​ជំរុញ​មួយ ពោល​ជា​កម្លាំង​ជំរុញក្នុងការ​​ឱ្យ​បន្តដំណើរ​ទៅមុខ​។ យើង​មិនមាន​ពេល​ច្រើន ដើម្បី​គិត​នោះទេ ពីព្រោះ​ការប្រកួត​​ប្រជែង​ផ្សេងៗ​ទៀត កំពុង​រង់​​ចាំ​នៅខាងមុខ​»​។ នេះ​ជា​ប្រសាសន៍​របស់​គ្រូបង្វឹក​ក្រុម Real លោក Ancelotti​។​

​សម្រាប់ Modric កីឡាករ​អន្តរជាតិ​ក្រូ​អាស៊ី​រូបនេះ បាន​បន្ត​នូវ​ទម្រង់​លេង​ដ៏​ល្អ​របស់ខ្លួន​ជាមួយនឹង​ការ​ស៊ុត​គ្រាប់​បើកឆាក ដែលជា​គ្រាប់​បាល់ ធ្វើឱ្យ​រូបគេ​ក្លាយជា​អ្នក​ស៊ុត​បញ្ចូល​ទី​វ័យ​ចំណាស់​ជាងគេ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កម្មវិធី Spanish Super Cup នៅ​វ័យ ៣៦ ​ឆ្នាំ​។​

​ជាមួយគ្នានេះដែរ ខ្សែការពារ​វ័យ ៣៣ ​ឆ្នាំ Marcelo បានធ្វើ​​ការបង្ហាញ​ខ្លួននៅ​ប៉ុន្មាន​នាទីចុងក្រោយ ដែលជា​ឱកាស​ឱ្យ​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូប​​នេះ បាន​លើក​ពានរង្វាន់​ទី ២៣ ក្នុងនាម​ជា​សមាជិក​របស់​ក្រុម Real ដោយ​ស្មើនឹង​ចំនួន​របស់​អតីត​កីឡាករ លោក Paco Gento ក្នុងនាម​ជា​កីឡាករ​ជោគជ័យ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​។​

​អ្នកចាត់ការ​សញ្ជាតិអ៊ី​តា​លី លោក Ancelotti ឥឡូវនេះ បានឈ្នះ​ពានរង្វាន់​ចំនួន ៥​ ហើយ ក្នុងនាម​ជា​គ្រូបង្វឹក​របស់​ក្រុម​យក្ស​នៅ​ក្រុង​ម៉ាឌ្រី​ដ​នេះ ដោយបាន​យក​ពានរង្វាន់ Spanish Super Cup នេះ បន្ថែម​ពីលើ​ពាន Copa del Rey, Champions League, UEFA Super Cup និង Club World Cup ដែល​លោក​បាន​ដឹក​នាំឱ្យ​ក្រុម​ឈ្នះ កាលពី​ធ្វើ​តួនាទី​លើក​ទី​១​។​

​សម្រាប់​កម្មវិធី Spanish Super Cup នេះ កាលពី​ឆ្នាំ​​ ២០២១ បានរៀបចំ​ធ្វើ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺឆ្លង តែ​បាន​វិលត្រឡប់​មកកាន់​ប្រទេស​អា​រ៉ា​ប៊ី សា​អូ​៊​ឌី​ត​វិញ ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​មួយ រហូតដល់​ឆ្នាំ​ ២០២៩ ដែលជា​កិច្ច​ព្រម​​ព្រៀង​នឹងធ្វើ​សហព័ន្ធ​បាល់​​ទាត់​អេ​ស្ប៉ា​ញ​អាច​រកបាន​ចំណូល​ប្រមាណ​ជា ៣០​ លាន​អឺរ៉ូ (​ប្រមាណ​ជា $៣៤​​ លាន​) ក្នុង ១ ​ឆ្នាំ​៕ AFP/VN