ភ្នំពេញៈ ស្ថាបនិក និងជាប្រធានគណ:កម្មការប្រតិបត្តិរៀបចំ និងគ្រប់គ្រងការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Prince Beer Pre-Season Cup 2022 លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានអះអាងថា ពានបើករដូវកាលនេះ នឹងផ្តល់ឱកាសឱ្យក្លិបចូលរួមទាំងអស់ បានប្រកួតប្រជែងគ្នា និងផ្លាស់ប្តូរបទពិសោធគ្នា ដើម្បីពង្រឹងសមត្ថភាព និងឈានទៅរករីកចម្រើនទាំងអស់គ្នា នៅក្នុងវិស័យបាល់ទាត់នៅកម្ពុជា ព្រោះលោកគិតថា ក្រុមជម្រើសជាតិមានភាពរឹងមាំ ឬមិនរឹងមាំ គឺវាចាប់ផ្តើមពីក្លិប។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ៖ «ខ្ញុំជឿជាក់ថា ក្លិបនីមួយៗ លោកមានផែនការ និងសកម្មភាពអនុវត្ត ដើម្បីត្រៀមខ្លួនរួចជាស្រេចទៅហើយ យើងមិនអាចថា រហូតទឹកដល់ច្រមុះហើយ បានចាប់ផ្តើមប្រមូលកូនក្រុម ហើយធ្វើការប្រយុទ្ធ នៅលើទីលាននោះទេ។ បើសិនជារង់ចាំបែបនេះ ខ្ញុំគិតថា មិនជោគជ័យទេ ហើយវិស័យកីឡាបាល់ទាត់ នៅក្នុងប្រទេសកម្ពុជារបស់យើង ក៏មិនរីកចម្រើនផងដែរ ព្រោះថា ក្លិបទាំងអស់ ជាមជ្ឈមណ្ឌលនៃការបណ្តុះបណ្តាលធនធានកីឡាករ អ៊ីចឹងបើក្លិបមិនរឹងមាំទេ ខ្ញុំជឿជាក់ថា កីឡាករតំណាងជាតិរបស់យើង ក៏មិនរឹងមាំដែរ អ៊ីចឹងអ្វីៗវាចាប់ផ្តើមពីក្លិប»។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានថ្លែងបែបនេះ នៅក្នុងសន្និសីទកាសែត និងការចាប់ឆ្នោតចែកពូល ការប្រកួតពានរង្វាន់ Prince Beer Pre-Season Cup 2022 កាលពីថ្ងៃអាទិត្យ ដោយព្រឹត្តិការណ៍នេះ មានក្លិបចំនួន ៦ បានចូលរួម និងត្រូវបែងចែកជា ២ ពូល ក្នុងនោះពូល A មានភ្នំពេញក្រោន កងយោធពលខេមរភូមិន្ទ និងក្រុមគិរីវង់សុខសែនជ័យ រីឯពូល B មានក្រុមខ្លាំងវិសាខា បឹងកេត និងខេត្តព្រៃវែង។
ជាមួយគ្នានេះ លោក អាំង សិរីពិសិដ្ឋ អះអាងថា ពានបើករដូវកាលនេះ នឹងផ្តល់ឱ្យក្លិបទាំង ៦ បានប្រកួតដកស្រង់ បទពិសោធគ្នា ដើម្បីឈានទៅរកការទទួលជោគជ័យរួមជាមួយគ្នា។ «បើសិនជើងក្រោមរបស់យើងពង្រឹងបានល្អ អាហ្នឹងជម្រើសជាតិរបស់យើង ដឹងតែល្អដោយស្វ័យប្រវត្តិដូចគ្នា អ៊ីចឹងនេះជាហេតុផលមួយ ដែលគណៈកម្មការរៀបចំប្រកួតរបស់យើង បានព្យាយាមបង្កើតឱ្យមានព្រឹត្តិការណ៍នេះឡើង ដើម្បីផ្លាស់ប្តូរបទពិសោធរវាងក្លិប និងក្លិប ក៏ដូចជាតិចនិកគ្នា»។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានបន្ថែមថា៖ «យើងអាចនិយាយបានថា ជាការចែករំលែកបទពិសោធ ឬបច្ចេកទេសរបស់គ្រូបង្វឹកទាំងអស់ ព្រោះពិតណាស់ ពេលចូលទៅដល់ទីលាន យើងអាចនិយាយជាភាសាសាមញ្ញមួយថា ជាសត្រូវ ប៉ុន្តែសត្រូវនៅទីនេះ មិនមែនសត្រូវស៊ីសាច់ហុតឈាមនោះទេ គឺសត្រូវប្រើប្រាស់បច្ចេកទេស ទេពកោសល្យកីឡាកររបស់ខ្លួនរៀងៗខ្លួន ដើម្បីស្វែងរកជ័យជម្នះ ហើយការប្រកួតនៅលើទីលានរបស់យើង ត្រូវតែអនុវត្តទៅតាមបែបបទ បច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា»។
តាមការប្រកាសនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃអាទិត្យនោះ បានឱ្យដឹងថា Prince Beer Pre-Season Cup 2022 នឹងត្រូវធ្វើឡើងនៅកីឡដ្ឋានព្រីនស៍ និងកីឡដ្ឋានស្តាតចាស់ ដែលនឹងចាប់ផ្ដើមជាផ្លូវការពីថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០២២ ហើយការប្រកួតនេះ បានទទួលការឧបត្ថម្ភធំពីក្រុមហ៊ុនស្រាបៀរព្រីនស៍។
លោក គឹម ធានី អគ្គនាយកក្រុមហ៊ុនស្រាបៀរព្រីនស៍បានថ្លែងថា៖ «តាងនាមឱ្យស្រាបៀរព្រីនស៍ ខ្ញុំពិតជាកិត្តិយសជាខ្លាំង ដែលបានចូលរួមចំណែក ក្នុងការលើកស្ទួយវិស័យកីឡា ក៏ដូចជាពង្រឹងស្មារតីជាក្រុម សម្រិតសម្រាំងនៅក្នុងក្រុម ដើម្បីធ្វើឱ្យវិស័យកីឡារបស់យើងកាន់តែវិវឌ្ឍទៅមុខ ព្រោះបើយើងមិនមានការប្រកួតប្រជែងនៅក្នុងកម្រិតថ្នាក់ជាតិទេ យើងក៏មិនអាច រកបានលទ្ធផលល្អ នៅក្នុងកម្រិតថ្នាក់អន្តរជាតិដែរ ហេតុនេះដាច់ខាតត្រូវតែមានការប្រកួតប្រជែងនៅក្នុងកម្រិតថ្នាក់ជាតិ ហើយខ្ញុំជឿជាក់ថា ក្រុមទាំង ៦ នេះ សុទ្ធតែជាក្រុមខ្លាំង មានអ្នកគាំទ្រច្រើនដូចគ្នា»។
លោកបានបន្ថែមថា៖ «ទន្ទឹមនឹងនេះ ខ្ញុំសង្ឃឹមថា ព្រឹត្តិការណ៍នេះ នឹងប្រពឹត្តទៅដោយរលូនទាំងការប្រកួតនៅលើទីលាន និងអ្នកគាំទ្រ ដោយនឹងមានកិច្ចសហការគ្នាល្អ។នៅពេលនេះ ជាការចាប់ពូល និងជាការផ្តួចផ្តើមឱ្យវិស័យកីឡារបស់យើងបន្តទៅមុខទៀត ហើយអ្វីដែលសំខាន់បំផុត គឺនៅឆ្នាំ ២០២៣ កម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ អ៊ីចឹងវិស័យកីឡា នឹងធ្វើឱ្យប្រទេសកម្ពុជាយើង រីកមុខមាត់នៅលើឆាកអន្តរជាតិ»។
ដោយឡែកទាក់ទងនឹងប្រាក់រង្វាន់នៃការប្រកួតពានបើករដូវកាលនេះ លោក ហុក សុចិត្រា ប្រធានគណៈកម្មការបច្ចេកទេសបានឱ្យដឹងថា ក្រុមដែលឈ្នះតំណែងជើងឯកក្នុងព្រឹត្តិការណ៍នេះ នឹងទទួលបានប្រាក់រង្វាន់ ៣ ពាន់ដុល្លារ និងក្រុមជើងឯករង បានចំនួន ២ ពាន់ដុល្លារ ចំណែកម្ចាស់ស្បែកជើងមាស ឬអ្នកស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេ និងអ្នកចាំទីល្អ ដែលជាម្ចាស់ស្រោមដៃមាស នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់ចំនួន ៥០០ ដុល្លារដូចៗគ្នា៕