ក្រុង​ឡុង​ដ៍​: លោក Rafael Benitez ត្រូវបាន​បញ្ចប់​តំណែង​ជា​អ្នកចាត់ការ​របស់​ក្រុម Everton កាលពី​ថ្ងៃអាទិត្យ ក្រោយ​រយៈពេល​តែ ២០០​ ថ្ងៃ ក្នុងការ​​ដឹកនាំ​ក្រុម​កំពុង​យ៉ាប់ នៅ​ក្របខ័ណ្ឌ Premier League ខណៈដែល​អតីត​កីឡាករ លោក Wayne Rooney ត្រូវបាន​ចាត់ទុកថា ជា​អ្នក​នាំមុខគេ ក្នុងការ​បានមក​ស្នង​តំណែង​។​

​លោក Benitez ត្រូវបានតែងតាំង ក្រោម​ការមិន​ពេញចិត្ត​ពី​អ្នកគាំទ្រ កាលពី​ខែមិថុនា ឆ្នាំ​​មុន ដោយសារតែ​ទំនាក់ទំនង​ដ៏​យូរអង្វែង​របស់គាត់​ជាមួយ​ក្រុម​គូប្រជែង​នៅ​តំបន់ Merseyside របស់​ក្រុម Everton គឺ​ហង្ស​ក្រហម Liverpool​។​

​បុរស​អេ​ស្ប៉ា​ញ ទទួលផល​ពី​ដំណើរ​ផ្លូវ​ដ៏​គួរឱ្យ​ខកចិត្តជាមួយនឹង​ការ​ចាញ់ ៩​ លើក ក្នុង​ចំណោម​ការប្រកួត ១៣ ​ដង នៅ​លី​គ​របស់​ក្រុម Everton ដោយ​បញ្ចប់​ចុងក្រោយ ក្នុង​បរាជ័យ ២-១ ក្រោម​ថ្វី​ជើង​ក្រុម​ខ្សោយ Norwich កាលពី​ថ្ងៃ​សៅរ៍​។​

​ពាក់ព័ន្ធ​នឹង​ការបញ្ចប់​តួនាទី​នេះ ក្លិប Everton ឱ្យដឹង​ក្នុង​សេចក្ដី​ប្រកាសថា​៖ «​ក្លិប​បាល់​​ទាត់ Everton អាច​បញ្ជាក់​អះអាង​ពី​ការចាកចេញ​របស់លោក Rafael Benitez ពី​តំណែង​ជា​អ្នកចាត់ការ​ក្រុម​ធំ​។ លោក Benitez ដែល​ចូលរួម​ជាមួយ Everton ក្នុង​ខែមិថុនា ឆ្នាំ ​២០២១ បាន​ចាក​ចេញពី​ក្លិប ដោយមាន​ប្រសិទ្ធភាព​ភ្លាមៗ​។ ការផ្ដល់​បច្ចុប្បន្នភាព ចំពោះ​អ្នក​ជំនួស​ជា​អចិន្ត្រៃ​យ៍ នឹងត្រូវ​ធ្វើឡើង ក្នុង​ពេលវេលា​សមរម្យ​ណាមួយ​»​។​

​អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុម Everton លោក Rooney ដែល​បច្ចុប្បន្ន កំពុង​ទទួល​បានការ​ចាប់អារម្មណ៍ ក្នុងនាម​ជា​អ្នកចាត់ការ​របស់​ក្រុម Derby County នៅ​លី​គ​លំដាប់​ទី២ គឺជា​បេក្ខភាព​នាំមុខគេ​របស់​កន្លែង​ភ្នាល់​ស្របច្បាប់ នៅ​អង់គ្លេស ក្នុងការ​បានមក​ជំនួស​កន្លែង​របស់លោក Benitez​។​

​អតីត​មិត្ត​រួម​ក្រុម Everton របស់លោក Rooney គឺ​លោក Frank Lampard ដែល​ត្រូវបាន​ដកតំណែង​គ្រូបង្វឹក​ដោយ​ក្រុម​តោ​ខៀវ Chelsea កាលពី​ឆ្នាំមុន ក៏​ជា​បុគ្គល ដែល​បានការ​ចាប់អារម្មណ៍​ស​ម្រា​ប់​តួនាទី​នេះ​ផងដែរ​៕ AFP/VN